ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ដែលគេដឹងថា ជាអ្នកចាំដីឱ្យលោកមេធាវី បែន សុនសម័យ ត្រូវបានគេប្រទះឃើញដេកស្លាប់ផ្កាប់មុខក្បែរទ្រុងចិញ្ចឹមក្ងោក និងក្ងាន នៅក្នុងដីឡូត៍មួយកន្លែងស្ថិតក្នុងភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៩ មេសា ។
ប្រភពពីសាក្សីបានឱ្យដឹងថា ជនរងគ្រោះគឺជាអ្នកចាំដីឱ្យលោកមេធាវី បែន សុនសម័យ ហើយដោយផ្ទះនោះមានចិញ្ចឹមក្ងោក និងក្ងានច្រើនទំនងជាខ្លាចមានចោរចូលលួចចាប់សត្វទាំងនោះក៏បានរាយខ្សែលួសតចរន្តអគ្គិសនីទុកការពារ តែការធ្វើបែបនេះបែរជាភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ទៅវិញ ។ បើតាមមន្ត្រីនគរបាលមួយរូបឱ្យដឹងដែរថា បើសិនជាការធ្វើបែបនេះមិនមែនឆក់ស្លាប់ខ្លួនឯងហើយបែរជាឆក់ស្លាប់អ្នកដទៃវិញនោះអ្នកទទួលខុសត្រូវគឺម្ចាស់ផ្ទះផ្ទាល់តែម្ដង ហើយរឿងឆក់ស្លាប់អ្នកបម្រើនេះក៏ជារឿងដែលម្ចាស់ផ្ទះត្រូវទទួលខុសត្រូវដែរ ។
នៅកន្លែងកើតហេតុ គេឃើញមានវត្តមានរបស់លោកទុង រតនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ដឹកនាំកម្លាំងនគរបាលបច្ចេកទេស និងគ្រូពេទ្យ ព្រមទាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ធ្វើការត្រួតពិនិត្យសពយ៉ាងយកចិត្តទុកដាក់បំផុត ។ នៅលើខ្លួនប្រាណសព គេឃើញមានស្នាមជាំនៅគុម្ពត្រចៀក និងនៅលើដោះខាងឆ្វេង និងកំភួនដៃឆ្វេង ដែលស្នាមនេះបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ពិតប្រាកដមែនដោយសពមានសភាពដេកស្លាប់ផ្កាប់មុខនៅក្បែរទ្រុងសត្វក្ងោក និងក្ងាន ។
លោកសម សាក់ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានឱ្យដឹងថា សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួចរាល់ ។ លោកបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយចរន្តអគ្គិសនីឆក់ពិតប្រាកដមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ ៕
ចែករំលែកព័តមាននេះ