និស្សិតច្បាប់ម៉ាឡេស៊ីម្នាក់បានប្រកាន់ខ្ជាប់ជានិច្ចនូវពាក្យបុរាណ១ឃ្លាដែលពោលថា «ព្យាយាមគង់បានសម្រេច»។ គាត់និយាយដោយការដាក់ខ្លួនថាគាត់ជាសិស្សដែលរៀនរាងស្ទក់ជាងអ្នកដទៃទៀត។ ជាក់ស្ដែង, គាត់ប្រឡងធ្លាក់១៨ដង។ គាត់ប្រាប់ថានៅក្នុងមុខវិជ្ជាមួយមុខៗ, ពេលខ្លះគាត់ត្រូវប្រឡងសងរហូតដល់ទៅបីដងទម្រាំប្រឡងជាប់។ គាត់ឈ្មោះមហាមេត រ៉ាហ្វ៊ីក អ៊ីហ្សាត់ ហ្សាអ៊ីឌី(Muhammad Rafiq Izzat Zaidi)។
គាត់ប្រាប់ថានៅពេលដែលគាត់ប្រឡងធ្លាក់កាន់តែញឹកញាប់ធ្វើឱ្យគាត់រៀនមុខវិជ្ជាទាំងនោះឡើងចេះស្ទាត់ខ្លាំងមែនទែន។ ដូច្នេះ ទោះបីគាត់ត្រូវចំណាយពេលរហូតដល់១១ឆមាសទម្រាំប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រដោយជោគជ័យ, ក៏គាត់គ្មានការសោកស្ដាយដែរ។ នៅក្នុងអំឡុងពេលរៀនសូត្រយកបរិញ្ញាបត្រនោះ, គាត់ប្រាប់ថាគាត់ប្រឡងធ្លាក់១៨ដង។ ខ្ញុំរៀនមុខវិជ្ជាអ្វីមួយចាប់មិនសូវបានទេ។ ខ្ញុំជាអ្នកដែលរៀនយឺតជាងគេ។ ទម្រាំប្រឡងមុខវិជ្ជា១ជាប់, ខ្ញុំត្រូវប្រឡងធ្លាក់ពីរបីដង។
យុវជនវ័យ២៥ឆ្នាំរូបនេះប្រាប់ថាគាត់រៀនថ្នាក់បរិញ្ញាបត្រច្បាប់នៅសាកលវិទ្យាល័យបច្ចេកវិទ្យាម៉ារ៉ា(Mara) និងធ្លាប់ធ្វើតេស្តជាមួយនឹងក្រុមអ្នកជំនាញរួចហើយ។ ជាលទ្ធផល, គាត់មិនមែនជាសិស្សដែលមានខួរក្បាលស្ទក់ ឬជាសិស្សដែលរៀនមិនពូកែទេ។ ប៉ុន្តែគាត់ពិបាកបត់បែនទៅនឹងបរិបទថ្មី។ ដូច្នេះទម្រាំចាប់បានមុខវិជ្ជានីមួយៗគាត់ត្រូវការពេលយូរមែនទែន។
នៅឆមាសទី១ គាត់ប្រឡងធ្លាក់៤មុខវិជ្ជា។ ដោយសារប្រឡងធ្លាក់ច្រើនដងពេក, គាត់ត្រូវរៀនត្រួតបីឆមាសសទម្រាំអាចបំពេញគ្រប់លក្ខខណ្ឌដើម្បីទទួលបានបរិញ្ញាបត្រ។ គាត់ប្រាប់ថាអ្នករៀនស្រករគ្នាគេរៀនតែ៨ឆមាស ៤ឆ្នាំ ចប់បរិញ្ញាបត្រ។ ចំណែកគាត់នៅក្រោយគេឡើងយូរយារ។ គេចេញធ្វើការអស់នៅតែគាត់ម្នាក់ឯង។ នៅពេលមិត្តភក្ដិរៀនចប់បានការងារធ្វើ។ សម្លឹងមកខ្លួនឯងកំពុងរៀនមិនទាន់ចប់ដូច្នេះធ្វើឱ្យគាត់មានអារម្មណ៍តឹងតែងចិត្ត និងមានសម្ពាធចិត្តខ្លាំងមែនទែន។
បងប្អូនចេះតែលួចខ្សិបសួរគាត់ថាអង្កាល់បានឯងរៀនចប់? ឯងរៀនមហាវិទ្យាល័យអីក៏យូរជាងគេ ជាងឯងម៉្លេះ? គាត់ថាពេលខ្លះសាលាសឹងតែដេញគាត់ចេញម្ដងៗ ព្រោះហួសពីលក្ខខណ្ឌកំណត់របស់គេ។ ជួនកាល គាត់រៀនត្រួតមុខវិជ្ជារហូតដល់ទៅបីដង។ ប៉ុន្តែគាត់ក៏សូមអរគុណសាលាផងដែរដែលទុកឱកាសឱ្យគាត់ជាថ្មីម្ដងទៀតតបតាមការស្នើសុំរបស់គាត់។
បុរសជាកូនប្រុសច្បងម្នាក់នេះមិនធ្លាក់ទឹកចិត្ត និងមិនព្រមបោះបង់ការសិក្សាដោយសារតែការប្រឡង់ធ្លាក់ទេ។ គាត់ប្ដេជ្ញាថាត្រូវតែរៀនឱ្យបានចប់ចុង ចប់ដើម ដើម្បីយកបរិញ្ញាបត្រច្បាប់។ គាត់ថាដល់ពេលតឹងតែងនៅក្នុងចិត្តពេក, គាត់ចង់ធ្វើអត្តឃាតម្ដងៗ។ គាត់ចង់តែបើកឡានបុកអ្វី១ឱ្យស្លាប់នឹងគ្រោះថ្នាក់ចរាចរណ៍ ដើម្បីឱ្យស័ក្ដិសមនឹងការតឹងតែងនៅក្នុងចិត្ត។
ប៉ុន្តែបន្ទាប់ពីគិតចុះគិតឡើង, គាត់សម្រេចចិត្តថាមិនត្រូវធ្វើបែបនេះទេ។ គាត់គិតថាធ្វើអីចឹងបានការអី? ធ្វើអីចឹងមិនអាចដោះស្រាយបញ្ហាបានទេ។ គាត់ចងចាំជានិច្ចនូវការផ្ដល់កម្លាំងចិត្តពីសំណាក់គ្រូបង្រៀន និងប៉ាម៉ាក់ដែលប្រាប់ឱ្យគាត់ត្រូវតែតស៊ូជានិច្ច។ នៅទីបញ្ចប់, គាត់អាចសម្រេចក្ដីសុបិនរបស់គាត់ដែលប្រាថ្នាចង់ក្លាយជាមេធាវីតាំងពីថ្នាក់បឋមសិក្សា។
គាត់ប្ដេជ្ញាថានឹងខិតខំធ្វើការឱ្យអស់ពីកម្លាំងកាយចិត្តដើម្បីបើកក្រុមហ៊ុនមេធាវីនាពេលអនាគត។ គាត់សូមផ្ដាំអ្នកដទៃទៀត សូមកុំអស់សង្ឃឹម។ បើអ្នកទទួលបរាជ័យ៧ដង, អ្នកត្រូវតែខំតស៊ូក្រែងលោជោគជ័យនៅលើកទី៨។ គាត់នៅតែប្រកាន់ខ្ជាប់នូវជំនឿមួយថា «ការតស៊ូគង់បានសម្រេច»៕
ប្រភព៖ Malay Mail
អត្ថបទដែលទាក់ទង
និស្សិតម៉ាឡេស៊ីចាក់សាំងដុតខ្លួនឯង បន្ទាប់ពីប្រឡងធ្លាក់ញយដងពេក
ចែករំលែកព័តមាននេះ