ខេត្តកំពត ៖ អាជ្ញាធរស្រុកកំពង់ត្រាច ដឹកនាំដោយលោកអូន ខន អភិបាលស្រុកកំពង់ត្រាច រួមទាំងមន្ត្រីជំនាញនិងកងកម្លាំងនគរបាល រួមសហការជាមួយកងរាជអាវុធហត្ថស្រុក កាលពីព្រឹកថ្ងៃទី២០ មេសា នេះ បានចុះពិនិត្យផ្លូវលំមួយកន្លែង ស្ថិតនៅភូមិត្រពាំងជ្រៃ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ដែលជាផ្លូវត្រូវបានអាជ្ញាធរស្រុកមកពិនិត្យ និងសម្រេចធ្វើការបើករបងឱ្យមានការធ្វើចរាចរឡើងវិញ ។
សម្រាប់ភាគីម្ខាងដែលមានឈ្មោះហ៊ីង ចន្ទ័ថារិទ្ធ ជាអ្នកចាំដីចម្ការឱ្យបងប្រុសរបស់ខ្លួននៅរាជធានីភ្នំពេញ ព្រោះដីចម្ការទាំងនោះ បានធ្វើទាំងបំពានយកដីផ្លូវទីសាធារណៈ ដោយសាតែមានការធ្វើរបងបិទផ្លូវមិនឱ្យធ្វើដំណើរចេញ-ចូលបែបនេះ ទើបមានភាគីម្ខាងទៀតឈ្មោះនូ សាវុធ ជាអ្នកដើមបណ្ដឹងបានប្ដឹងជំទាស់ក្នុងករណីបិទផ្លូវដើរនេះ ។
លោកនូ សាវុធ និយាយថា គាត់មានការពិបាកដើរចេញ-ចូល ព្រោះដីរបស់ខ្លួននៅពីក្រោយ ហើយកន្លងមក ដីរបស់គាត់ក៏មានផ្លូវសម្រាប់ដើរចេញ-ចូលដែរ ។ តែម្ចាស់ដីខាងមុខទេ ដែលហួងហែងបិទផ្លូវមិនអោយពួកគាត់ដើរចេញចូលបាន ។ ចំណែកឯអ្នកចាំដីចម្ការនិយាយថា បន្ទាប់ពីកើតមានទំនាស់ថា គាត់បិទផ្លូវទ្វាររបងដែកនេះ គាត់របើកចំហចោលរហូតទាំងយប់ទាំងថ្ងៃមិនដែលបិទទេ ។
លោកអូន ខន អភិបាលស្រុកកំពង់ត្រាច បានមានប្រសាសន៍ទៅកាន់ភាគីទាំងសង់ខាងអោយម្ចាស់ដីបញ្ចប់ការជម្លោះគ្នា និងសុំឱ្យម្ចាស់ដីមានការយោគយល់គ្នាទៅវិញទៅមក ក្នុងនាមជាគ្រួសារតែមួយទេ ។ លោកអូន ខនអភិបាលស្រុកកំពង់ត្រាច សុំឱ្យម្ចាស់ដីចម្ការបើករបងអោយមានផ្លូវដើរចេញ-ចូលឡើងវិញ។
លោកអភិបាលស្រុកកំពង់ត្រាចបានចាត់តាំងមន្ត្រីសាលាស្រុក ឱ្យធ្វើកំណត់ហេតុអោយបានជាក់លាក់ ចាប់ពីពេលនេះទៅ កុំឱ្យមានភាគីចោទគ្នាទៅវិញទៅមក ខ្លះបិទនិងភាគីម្ខាងទៀតថា បើករបងហើយ ។ ក្នុងនោះ ក៏មាននគរបាលធ្វើកំណត់ហេតុផងដែរ ដើម្បីបញ្ចប់សុំណុំរឿងបិទរបង និងសុំឱ្យមានការបើករបងសាជាថ្មីចាប់ពីពេលនេះតទៅ ។
ចែករំលែកព័តមាននេះ