ខេត្តបន្ទាយមានជ័យ ៖ មកដល់ព្រឹកថ្ងៃទី១៣ មករា ២០២៣ នេះ ករណីសង្ស័យពុលស្រាអុកដែលបានកើតឡើងនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ក្រោយផឹកស៊ីជុំគ្នាគឺមានមនុស្ស២នាក់បានស្លា.ប់ និងម្នាក់ទៀតរួចផុតជីវិត តែកំពុងសម្រាកព្យាបាល ។
ជនរងគ្រោះក្នុងហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ មាន១-ឈ្មោះពេក អានី ភេទស្រី អាយុ៣៣ឆ្នាំ ជាម្ចាស់ផ្ទះ(ស្លា.ប់),២-ឈ្មោះហ៊ាន ប៊ុណ្ណារ៉ាត់ ភេទប្រុស អាយុ៤៧ឆ្នាំ ជាគ្រូបង្រៀននៅសាលាឯកជន មានទីលំនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល(ស្លា.ប់) និង៣-ឈ្មោះជា ធានីន ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុ(កំពុងសម្រាកព្យាបាល)។
យោងរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ នៅម៉ោង១៨និង០០នាទីល្ងាចថ្ងៃទី៩ មករា ជនរងគ្រោះទាំង៣នាក់ បានផឹកស៊ីជុំគ្នានៅផ្ទះជនរងគ្រោះទី១ ។ របាយការណ៍បន្តថា ជនរងគ្រោះទី១និងទី៣បានផឹកស្រាជីនរ៉ូអុក ដោយលាយជាមួយក្រូចឆ្មា សូដា និងកូកា ប៉ុន្តែជនរងគ្រោះទី២ ជាគ្រូបង្រៀនមិនផឹកស្រាអុកជីនរ៉ូលាយភេសជ្ជៈផ្សេងៗជាមួយជនរងគ្រោះទី១និងទី៣ទេ គឺផឹកស្រា.សដែលម្ចាស់ផ្ទះបានទិញទុកជាង២ឆ្នាំអុកលាយជាមួយក្រូចឆ្មា,សូដា,កូកា។
ក្នុងការផឹកស៊ីជំគ្នានេះ ជនរងគ្រោះទាំង៣នាក់មានសាច់ក្លែមដូចជាស្លាបមាន់បំពង,ចង្រិតលីង,ត្រីសាលម៉ុន នឹងបន្លែឆា។ របាយការណ៍បន្តថា លុះម៉ោង១៦និង១០នាទីរសៀលថ្ងៃទី១០ មករា ស្រាប់តែជនរងគ្រោះទាំង៣នាក់មានអាការៈមិនស្រួលខ្លួនអស់កម្លាំងនឹងថប់ដង្ហើម ត្រូវក្រុមគ្រួសាធ្វើការបញ្ជូនទៅគ្លីនៅលឈ្នួល ។
បន្ទាប់មក ក៏បញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។ ដោយឃើញសភាពពួកគេទាំង៣ធ្ងន់ធ្ងរនោះ ក្រុមគ្រូពេទ្យក៏បានបញ្ជូនបន្តពីមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ទៅមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុនមង្គលបូរី ប៉ុន្តែជនរងគ្រោះទី៣ត្រូវក្រុមគ្រួសាបញ្ជូនទៅលាងឈាមនៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរនៅខេត្តសៀមរាបទាន់ពេលទើបរួចផុតគ្រោះថ្នាក់។ ជនរងគ្រោះទី១នឹងទី២បានស្លា.ប់នៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុនមង្គលបូរីនៅថ្ងៃទី១១ មករា 2023 ។
លោកវរសេនីយ៍ឯកសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតប្រាប់កោះសន្តិភាពថា ដោយមានកាសម្របសម្រួលនិតិវិធីពីឯកឧត្តមកើត វណ្ណារ៉េតព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងការណែនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោសិទ្ធ ឡោះ ស្នងការនគរបាលខេត្ត ទើបបង្កើតគណៈកម្មការត្រួតពិនិត្យមួយ ដោយមានកាចូលរួមពីជំនាញពាក់ព័ន្ធមកពីស្នងការដ្ឋាននគរបាលខេត្ត,គ្រូពេទ្យជំនាញ។
ក្រោយការត្រួតពិនិត្យនឹងធ្វើកោសលវិច្ច័យចប់សព្វគ្រប់ គ្រូពេទ្យជំនាញបានសន្និដ្ឋានបឋមថា ការស្លា.ប់របស់ជនរងគ្រោះ គឺដោយសារពុលស្រា ព្រោះក្មេងៗក្នុងផ្ទះកើតហេតុ ដែលញ៉ាំអាហារឬគ្រឿងក្លែមជាមួយជនរងគ្រោះទាំង៣មិនមានកើតអ្វីឡើយ។
យ៉ាងណាក៏ដោយគ្រូពេទ្យជំនាញអះអាងថា ត្រូវរងចាំលទ្ធផលពីមន្ទីរសុខាភិបាលដែលបានយកវត្ថុតាងពាក់ព័ន្ធទៅពិនិត្យរកសារធាតុពុលសិន។ គួរបញ្ជាក់ថា ករណីពុលស្រា.សលាយជាមួយភេសជ្ជៈផ្សេងកន្លងមកបានក់តមានជារឿយៗមិនថា តាមបណ្តាខេត្តនោះទេ សូម្បីពលករបញ្ជូនពីថៃក៏ធ្លាប់កើតមានករណីពុលស្លា.ប់របួសផងដែរនៅក្នុងមណ្ឌលចត្តាឡីស័ក ។ ដូច្នេះ គ្រប់គ្នាគួរមានកាប្រុងប្រយ័ត្ន ពោលមិនត្រូវផឹកស្រា.សមិនស្គាល់ប្រភពច្បាស់លាស់ឬលាយជាមួយភេសជ្ជៈផ្សេងៗឡើយ៕
ចែករំលែកព័តមាននេះ