រាជធានីភ្នំពេញ ៖ នៅវេលាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២នេះ អាជ្ញាធរចម្រុះខណ្ឌ៧មករា ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ បានចុះទៅពិនិត្យស្ថានភាពប្រេះស្រាំ អាគារទី៦ នៃបុរីកីឡា ក្រោយផ្នែកមួយចំនួន នៃអគាររងឥទ្ធិពលគ្រោះអគ្គិភ័យដែលបានឆាបឆេះយ៉ាងសន្ធោរន្ធៅ កាលពីវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។
ការចុះពិនិត្យខាងលើនេះ ធ្វើឡើងក្រោយមានគោលការណ៍ណែនាំពីលោក ថេង សុថុល អភិបាលខណ្ឌ៧មករា ដើម្បីធានាបានថា ផ្ទៃអគារដែលរងការឆាបឆេះ អាចធ្វើការជួសជុលបាន មិនមានប្រឈមនឹងការបាក់ស្រុត ដែលអាចបង្កហានិភ័យជាយថាហេតុ ប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋនៅរស់នៅតំបន់ខាងលើ ។
ជាលទ្ធផលនៃការចុះពិនិត្យជាមួយក្រុមមន្ត្រីជំនាញ និងក្រុមការងារពេញមួយព្រឹករួចមក លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ បានណែនាំដល់ក្រុមហ៊ុនឲ្យរៀបចំចាត់តំណាងក្រុមហ៊ុនធ្វើការទំនាក់ទំនងជាងមកជួសជុល និងកាត់ដែកសំយ៉ាបដែលរងការខូចខាតចេញ ហើយជាងត្រូវគាស់ការ៉ូតាមផ្ទះដែលរងអគ្គិភ័យ ដើម្បីពិនិត្យមើលថា វាមានស្ថានភាពស្រុត ឬយ៉ាងណា ។ ហើយត្រូវធ្វើកិច្ចសន្យាជាមួយអ្នកជួលតូបអោយបានច្បាស់លាស់ មុននឹងបន្តកិច្ចសន្យាជួលពេលជុសជុលរួច។
ក្រោយពីបានបញ្ចប់ក្នុងការចុះពិនិត្យជាមួយក្រុមការងារ នៅទីតាំងដែលរងអគ្គិភ័យនៅអគារទី៦ បុរីកីឡារួចមក លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា ទទួលបានសំណូមពរពីប្រជាពលរដ្ឋភ្លាម បន្តដឹកនាំក្រុមការងារចុះពិនិត្យនូវទីតាំងលក់ហ្គាស បញ្ចូលហ្គាស នៅតាមបណ្តាអគារទាំង៨ ស្ថិតក្នុងបុរីកីឡា តាមបណ្តឹងរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងអគារបុរីកីឡា។ ក្នុងនោះផងដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង បានណែនាំដល់ម្ចាស់អាជីវកម្មលក់ហ្គាសទាំងអស់ ក្នុងអគារបុរីកីឡា ប្តូរទីតាំងថ្មី ហើយម្ចាស់អាជីវកម្មលក់ហ្គាសបានធ្វើកិច្ចសន្យាយល់ព្រមតាមការស្នើសុំរបស់អាជ្ញាធរមូលដ្ឋាន។
គួររំលឹកថា ហេតុការណ៍គ្រោះអគ្គិភ័យដែលបានឆាបឆេះខាងលើ បានកើតឡើងនៅអគារទី៦ នៃអគារបុរីកីឡា ស្ថិតតាមបណ្តោយផ្លូវលេខ២១១ ស្ថិតក្នុងភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា ដោយអគ្គិភ័យនេះ បានឆាបឆេះបំផ្លាញអស់សរុប០៦ខ្នង នៅជាន់ទី១ នៃអគារដែលឆាបឆេះ និងតូបលក់ដូរនៅជាន់ផ្ទាល់ដីចំនួន១១តូបផងដែរ។ ចំពោះមូលហេតុនៃការឆាបឆេះនេះ មន្ត្រីសមត្ថកិច្ចជំនាញបានបញ្ជាក់ថា បណ្តាលមកពីចំអិនអាហារទុកចោល បណ្តាលអោយផ្ទុះចង្ក្រានហ្គាស ទើបបង្កជាអគ្គិភ័យឆាបឆេះតែម្តងទៅ។
គួររំលឹកថា ៖ ឮសូរសំឡេងផ្ទុះខ្លាំងៗ អ្នកភូមិនាំគ្នាទៅមើលឃើញអណ្ដាតភ្លើងសន្ធោសន្ធៅផ្អើលឆោឡោនៅម្តុំបុរីកីឡា៕
ចែករំលែកព័តមាននេះ