ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ផ្សោ​ត​១ក្បាល​ទម្ងន់​ជាង​១៦០​គីឡូ ប្រទះឃើញ​ស្លា.ប់អណ្តែតទើរ​ជាប់ព្រំ​ប្រទល់​ខេត្ត​២

1 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ​សត្វ​ផ្សោត​ទម្ងន់​១៦២​គីឡូក្រាម ត្រូវ​បាន​ប្រជា​នេសាទ​ប្រទះ​ឃើញ អណ្តែត​ទឹក​ទើរ​នៅ​

ខេត្តក្រចេះ ៖ ​សត្វ​ផ្សោត​ទម្ងន់​១៦២​គីឡូក្រាម ត្រូវ​បាន​ប្រជា​នេសាទ​ប្រទះ​ឃើញ អណ្តែត​ទឹក​ទើរ​នៅ​ឆ្នេរ​ខ្សាច់​មាត់ច្រាំង​ទន្លេ ជាប់​ព្រំប្រទល់​ខេត្តក្រចេះ​និង​ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃ​ទី​២០​ធ្នូ​២០២២

យោង​តាម​មន្ត្រី​រដ្ឋបាល​ជលផល និង​អង្គការ WWF ប្រចាំ​នៅ​ខេត្តក្រចេះ​ឲ្យ​ដឹង​ថា​សត្វ​ផ្សោត​ដែល​ស្លាប់​នោះ​ជា​ផ្សោត​ឈ្មោល ហើយ​មាន​អាយុ​ចន្លោះ​ពី​១៥-២០​ឆ្នាំ​មាន​ប្រវែង​ពី​ចុងកន្ទុយ​ដល់​ក្បាល ២៣០ សង់ទីម៉ែត្រ និង​មាន​ទម្ងន់​១៦២​គីឡូក្រាម ត្រូវ​បាន​ប្រជា​នេសាទ​ប្រទះ​ឃើញ​អណ្តែត​នៅ​ទន្លេមេគង្គ​លើ​ទៅ​ទើរ​ជាប់​ជិត​ឆ្នេរ​ខ្សាច់​មាត់ច្រាំង​ទន្លេ ក្បែរ​អន្លង់​កោះ​ដំបង ព្រំប្រទល់​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង ។

មន្ត្រី​អង្គការ WWF បាន​សំដែង​ការ​សោកស្ដាយ ចំពោះ​ការបាត់បង់​សត្វ​ផ្សោត​ទឹកសាប​នេះ ដែល​ធ្វើ​ឱ្យ​បាត់បង់​សត្វ​ផ្សោត ដែល​ជា​ប្រភេទ​សត្វ​កម្រ ពី​ទន្លេមេគង្គ​មួយ​បន្ថែម​ទៀត​ ។​

មន្ត្រី​ជលផល​ខេត្ត បាន​បញ្ជាក់​ថា តាម​ការ​ពិនិត្យ​សាកស.ព​សត្វ​ផ្សោត​យ៉ាង​ម៉ត់ចត់ ក្រុម​ជំនាញ​ស្រាវជ្រាវ​របស់​រដ្ឋបាល​ជលផល​និ​អង្គការ WWF បាន​ធ្វើការ​សន្និដ្ឋាន​ជាបឋម​ថា សត្វ​ផ្សោត​ខាងលើ​ស្លា.ប់​ដោយសារ​ការ​ជាប់​មង​អ្នក នេសាទ ព្រោះ​មាន​ស្លាកស្នាម​នៃ​សរសៃ​មង​នៅ​លើ​កន្ទុយ ដងខ្លួន និង​ស្នាម​រលាត់​នៅ​លើ​ផ្នែក ក គឺ​អាច​ស្លាប់​រយៈពេល ៣​ថ្ងៃ​មក​ហើយ​។​មន្ត្រី​ដដែល​បញ្ជាក់​ទៀត​ថា សត្វ​ផ្សោត​ដែល​ស្លា.ប់​នៅ​ក្នុងឆ្នាំ​២០២២ នេះ សរុប​ចំនួន​៩ក្បាល ហើយ​រយៈពេល៣ឆ្នាំ ចុង​ក្រោយ​នេះ សត្វ​ផ្សោត​ដែល​បាន​ស្លា.ប់មាន​សរុប ចំនួន ២៧ ក្បាល ចន្លោះ​ពី​ឆ្នាំ ២០២០​ដល់​ចុងឆ្នាំ ២០២២ ។

នាយក​អង្គការ WWF ​កម្ពុជា លោក សេង ទៀក អោយ​អ្នក​សារព័ត៌មាន​ដឹង​ថា ការ​បាត់បង់​សត្វ​ផ្សោត​ទឹកសាប​នីមួយ​ៗ យើង​សោកស្ដាយ​បំផុត គឺ​នៅ​ពេល​សត្វ​ផ្សោត​ពេញវ័យ ដែល​មាន​សុខភាព​ល្អ ដូច​សត្វ​ផ្សោត​មួយ​ក្បាល​នា​ពេល​នេះ តែ​ត្រូវ​បាន​បាត់បង់​ជីវិត​ទៅ​វិញ ដែល​កត្តា​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​លទ្ធភាព នៃ​ការ​បន្ត​ពូជ​របស់​សត្វ​ផ្សោត​ទន្លេមេគង្គ នៅ​សេសសល់​ដ៏​តិចតួច​នេះ​។

គួរ​បញ្ជាក់​ថា សត្វ​ផ្សោត​ទន្លេមេគង្គ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វ​កំពុង​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ ហើយ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ​អង្គការ WWF បាន​ប៉ាន់​ស្មានថា សត្វ​ផ្សោត​នៅ​ទន្លេមេគង្គ​លើ មាន​ត្រឹម ៨៩ ក្បាល​ប៉ុណ្ណោះ នៅ​ទន្លេមេគង្គ​នៃ​ប្រទេស​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ