ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកចំនួន៤នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពប្រើហិ.ង្សាកា.ប់ភាគីម្ខាងនិងដាវកែច្នៃឱ្យរងរបួសដោយសារតែភ្លើងប្រចណ្ឌអតីតប្រពន្ធ។
ការចាប់ខ្លួនជនដៃដល់ធ្វើឡើងនៅវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២២ ក្នុងភូមិរហាលទិល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
លោក អ៊ុលហៃ អធិការនគរបាលស្រុកតាលោសែនជ័យប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ វុយ សំភាស់ ភេទប្រុស អាយុ២២ឆ្នាំ មានប្រពន្ធឈ្មោះ ម៉េន ដានី អាយុ១៨ ឆ្នាំ បានធ្វើលិខិតលែងលះគ្នាត្រឹមឃុំរស់នៅក្នុងភូមិឃុំខាងលើ។
លោកអធិការបញ្ជាក់ឲ្យដឹងថា ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះលោកបានបញ្ជាឲ្យកម្លាំងចុះទៅនាំខ្លួនជនសង្ស័យខាងលើ ភ្លាមៗចំណែក គូកនបីនាក់ផ្សេងទៀតដឹងខ្លួនបានរត់គេចបាត់អស់។
លោកថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបាត់ឆ្លើយសារភាពថា ខ្លួនពិតជាបាននាំបក្សពួកទៅកា.ប់ជនរងគ្រោះខាងលើឱ្យរងរបួសដៃពិតប្រាកដមែន ដោយសារតែប្រចណ្ឌថ្វីត្បិតបានធ្វើលិខិតលែងលះគ្នានៅឃុំក៏ពិតមែន ប៉ុន្តែមិនទាន់ដាច់ស្រឡះនៅឡើយទេ។ព្រោះតែខ្លួន និងអតីតប្រពន្ធមានចុះអេត្តាស៊ីវិលជាមួយគ្នាត្រឹមត្រូវ។
ចំពោះជនសង្ស័យសមត្ថកិច្ចកំពុងបង្កសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តចំណែកបក្សពួកបីនាក់ផ្សេងទៀតសមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីចាប់ខ្លួនផងដែរ៕
ចែករំលែកព័តមាននេះ