ខេត្តបន្ទាយមានជ័យ ៖ ស្ថានីយរង់ចាំភ្ញៀវទេសចរអន្តរជាតិ ឬចំណតរថយន្តក្រុងដឹកភ្ញៀវ ស្ថិតក្នុងក្រុងប៉ោយប៉ែត គេបានឃើញប្រែក្លាយជាកន្លែងចាក់សំរាម និងបង្កឱ្យប៉ះពាល់បរិស្ថានបំផុត ដែលមានទីតាំងក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ប្រជាពលរដ្ឋបានប្រាប់ថា បញ្ហាសំរាមដែលគេយកមកចាក់ចោលនៅស្ថានីយរង់ចាំភ្ញៀវទេសចរអន្តរជាតិនេះ គឺមានរយៈពេលជិត១ខែមកហើយ បណ្តាលឱ្យប្រជាពលរដ្ឋរស់នៅជិតខាងប្រឈមប៉ៈពាល់បរិស្ថាននិងសុខភាព ព្រោះសំរាមកាន់តែកើនឡើងរាល់ថ្ងៃជះក្លិនស្អុយកាន់តែខ្លាំងឡើង ដែលប្រជាពលរដ្ឋរស់នៅក្បែរនិងដើរឆ្លងកាត់ពិបាកទ្រាំក្លិន ។ ដូច្នេះ ប្រជាពលរដ្ឋសុំឱ្យអាជ្ញាធរសង្កាត់និងក្រុងជួយចុះពិនិត្យនិងរកដំណោះស្រាយផង ព្រោះសំរាមមានគំនរកើនឡើងរាល់ថ្ងៃ ។
មន្ត្រីសាលាក្រុងប៉ោយប៉ែតបានប្រាប់ថា បញ្ហាសំរាមនៅស្ថានីយរង់ចាំភ្ញៀវទេសចរអន្តរជាតិក្រុងប៉ោយប៉ែត គឺមន្ត្រីរដ្ឋបាលក្រុងធ្លាប់បានប្រាប់ទៅក្រុមហ៊ុនអនាម័យប៉ោយប៉ែតឱ្យទៅយកដែរ តែខាងក្រុមហ៊ុនអនាម័យប្រាប់វិញថាគាត់មិនហ៊ានទៅយកទេ ព្រោះខាងក្រុមហ៊ុនស្ថានីយរង់ចាំភ្ញៀវទេសចរអន្តរជាតិមិនបានប្រាប់អោយទៅយក និងបង់លុយទៅក្រុមហ៊ុនអនាម័យ ទើបមិនហ៊ានចូលយកទុកចោលក្លិនស្អុយបែបហ្នឹង ។
មន្ត្រីសាលាក្រុងរូបនោះបានបញ្ជាក់ថា លោករាយការណ៍ជូនទៅអភិបាលក្រុងប៉ោយប៉ែត អោយបានជ្រាបហើយដាក់បទបញ្ជាយ៉ាងណានោះចុះទៅពិនិត្យហើយអនុវត្តន៍បន្ត ដើម្បីយកសំរាមចេញឱ្យអស់ ។
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ