ខេត្តស្វាយរៀង ៖ ក្រុមឈ្មួញដឹកទំនិញគ្រឿងអេឡិចត្រូនិចគេចពន្ធលួចឆ្លងដែនទៅប្រទេសវៀតណាមតាមប្រឡាយទឹកនៃច្រករបៀងគោកតែកយ៉ាងរលូន ដោយពុំមានរំខានដល់សមត្ថកិច្ចណាឡើយ ដែលធ្វើឱ្យគេសង្ស័យថា បានទទួលសំណែនហើយមើលទៅ ។
ករណីនេះ បានកើតឡើងនៅព្រឹកថ្ងៃទី១៣ វិច្ឆិកា ២០២២ ស្ថិតនៅចំណុចប្រឡាយទឹក ជិតប៉ុស្ត៍នគបាលវរការពារព្រំដែនច្រករបៀងគោកតែក ស្ថិតក្នុងភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា មានរថយន្ត១គ្រឿងម៉ាកFUSO ពាក់ស្លាកលេខភ្នំពេញ-3A-3253 ដឹកទំនិញគ្រឿងអេឡេចត្រូនិច ពេញទ្រុងសង្ស័យជាទំនិញគេចពន្ធ បានបើកបរមកផ្ទេរទំនិញ នៅចំណុចប្រឡាយទឹក ជិតច្រករបៀងគោកតែក ដោយផ្ទេរដាក់ក្នុងទូកស្មាច់ (ទូកម៉ាស៊ីនតឹកយ៉ាងជនជាតិវៀតណាម)ដឹកឆ្លងដែនចូលទៅប្រទេសវៀតណាមតាមផ្លូវទឹកយ៉ាងរលូនរៀងរាល់ថ្ងៃ ដោយពុំមានឃើញអាជ្ញាធរមានសមត្ថកិច្ចអើពើឡើយ ។
ប្រជាពលរដ្ឋបានរិះគន់ចំៗទៅលើអាជ្ញាធរនិងសមត្ថកិច្ចថាគ្មានការទប់ស្កាត់ការដឹកទំនិញតាមរថយន្តធុនធំធ្ងន់ៗ នេះបង្កឲ្យខូចផ្លូវលំនៅជនបទ ពិបាកក្នុងការធ្វើដំណើរ ។ ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរខេត្តមេត្តាចុះពិនិត្យនិងបង្ក្រាបក្រុមរថយន្តដឹកទំនិញគេចពន្ធទាំងនេះផងទាន។
ទាក់ទិនករណីនេះដែរ មិនសុំការបំភ្លឺពីលោកអភិបាលស្រុកចន្ទ្រាបានទេ រហូតមកដល់ល្ងាចថ្ងៃទី១៣ វិច្ឆិកា២០២២ ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ