រាជធានីភ្នំពេញ ៖ គណបក្សឆន្ទៈខ្មែរ បានប្រកាសជាផ្លូវការ សម្រេចមិនបញ្ចូនបេក្ខជនសម្រាប់ឈរឈ្មោះ ក្នុងការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រអាណត្តិ ទី៧ ខាងមុខនោះទេ ។
យោងតាមសេចក្តីថ្លងការណ៍របស់គណបក្សនេះចេញផ្សាយ នៅថ្ងៃទី៣ តុលា បានលើកឡើងថា ក្រោយពីបានជួបពិភាក្សាគ្នាជាបន្តបន្ទាប់ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្ស ឆន្ទៈខ្មែរ និង គណបកភ្លើងទៀន យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត រួចមក គណបក្សឆន្ទៈខ្មែរ បានសម្រេច ៖
១- មិនដាក់បញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ២០២៣ ខាងមុខនេះឡើយ ។
២- រួបរួមជាមួយគណបក្សភ្លើងទៀន និងចូលរួមជាគណបក្សនយោបាយតែមួយ តាមការជាក់ស្តែង ។
ជាមួយគ្នានោះដែរ គណបក្សឆន្ទៈខ្មែរ សូមអំពាវនាវកម្លាំងប្រជាធិបតេយ្យ និងប្រជាពលរដ្ឋកម្ពុជា ដែលចង់ឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន តាមរយៈការបោះឆ្នោត ចូលរួម និងគាំទ្រគណបក្សភ្លើងទៀន ឲ្យបានទូលំទូលាយ និងខ្លាំងក្លាជាងពេលណាៗទាំងអស់ ដើម្បីអំណាចប្រជាធិបតេយ្យសេរី ពហុបក្ស ទទួលបានជោគជ័យ ស្របស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងស្មារតីរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ជានិច្ចនិរន្តរ៍ តទៅ ។
សូមជម្រាបថា រាជរដ្ឋាភិបានសម្រេចកំណត់ថ្ងៃបោះឆ្នោត ជ្រើសរើសអ្នកតំណាងរាស្តអាណត្តិ ទី៧ រដ្ឋសភា នៅថ្ងៃទី២៣ កក្តដា ឆ្នាំ២០២៣ ខាងមុខនេះ ៕
ចែករំលែកព័តមាននេះ