បេសកកម្មបោសសម្អាតមីន គឺជាការចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា…
ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា…
ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីបោសសម្អាតមីន(ស៊ីម៉ាក)ភាគខាងត្បូង នៅស្រុកកំពង់សីលា ដោយមានការចូលរួមពីអាជ្ញាធរស្រុក មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។ តាមរបាយការណ៍របស់អង្គភាពបោសសម្អាតមីនភាគខាងត្បូងបានឱ្យដឹងថា ដំណើរការបោសសម្អាតមីនប្រកបដោយជោគជ័យ ដោយសារមានការគាំទ្រគម្រោងថវិកាពីរដ្ឋាភិបាលចិន។
ក្រុមការងារបោសសម្អាតមីន ដែលប្រតិបត្តិការក្នុងខេត្តព្រះសីហនុមានចំនួន៥ក្រុម មានបុគ្គលិកសរុប៣៦នាក់ ក្នុងនោះស្រី៤នាក់ ដែលបានចាប់ផ្ដើមប្រតិបត្តិការបោសសម្អាតមីនចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នឹងបញ្ចប់ការបោះសម្អាតមីនទាំងស្រុង នៅត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២២ខាងមុខ។ អង្គភាពបោសសម្អាតមីនភាគខាងត្បូង សម្រេចបានលទ្ធផលដូចខាងក្រោម៖ បានបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះលើផ្ទៃដីចំនួន១.៧៣៧.០១៣ម៉ែត្រការ៉េ ស្មើនឹង១៧៣ហិកតា រកឃើញ និងកម្ទេចចោលគ្រាប់មីនបានចំនួន ៣៤គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៩៣គ្រាប់។
ទន្ទឹមនោះក្នុងការបោសសម្អាតមីន ក្រុមការងារបានជួបឧបសគ្គអាកាសធាតុភ្លៀង ខ្យល់ ស្ទើរតែរាល់ថ្ងៃ ចម្ការមីនភាគច្រើនជាតំបន់ភ្នំ ហើយនៅឆ្ងាយពីផ្លូវ មិនអាចចូលទៅដល់ ចម្ការមីនខ្លះធ្វើដំណើរដោយថ្មើរជើងជាច្រើនគីឡូម៉ែត្រទៀតផង។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានពាំនាំការសាកសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបុគ្គលិកស៊ីម៉ាកទាំង៥ក្រុម ដែលបានដឹកនាំបំពេញការងារក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថាក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ បុគ្គលិកស៊ីម៉ាក ដែលបានចំណាយពេល៤ខែ នៅក្នុងខេត្តព្រះសីហនុ ទោះបីជួបស្ថានភាព និងបញ្ហាប្រឈមក្នុងភូមិសាស្ត្រដូចជាអាកាសធាតុ ភ្លៀង ខ្យល់ ក៏ប៉ុន្តែក្រុមការងាររបស់យើងបានខិតខំជម្នះនូវរាល់ឧបសគ្គទទួលបានលទ្ធផលល្អ។ ក្នុងស្មារតីយកចិត្តទុកដាក់រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងវិស័យមីននៅកម្ពុជា ពិសេសវិស័យមីននៅខេត្តព្រះសីហនុ អត្ថប្រយោជន៍ដែលយើងទទួលបាន គឺបានរំដោះផ្ទៃដីស្រែចម្ការដែលមានការគំរាមកំហែង និងជាឧបសគ្គដល់ប្រជាពលរដ្ឋ និងអ្នកទេសចរណ៍។
ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ផ្ទៃដីដែលបានបោសសម្អាតមីន និងយុទ្ធភ័ណ្ឌរួចនេះ ជួយបង្កើនសេដ្ឋកិច្ចសង្គម ហើយអ្នកទេសចរលែងមានភាពភ័យខ្លាចពីគ្រាប់មីនទៀត។ ហើយប្រជាពលរដ្ឋ និងអ្នកទេសចរអាចដើរចូលព្រៃ ឡើងភ្នំ ក៏ដូចជាការទាក់ទាញអ្នកវិនិយោគ នៅលើទឹកដីសុវណ្ណភូមិរបស់យើង អាចបង្កើនការងារសម្រាប់យុវជនរបស់យើងនាពេលខាងមុខ។ បេសកកម្មបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គឺជាការចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គមថែមទៀត។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ដោះស្រាយវិស័យមីន លុបបំបាត់គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបានបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងដំណើរការសេដ្ឋកិច្ចសង្គមរបស់យើង។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកអំណោយរបស់សម្តេចតេជោឧបត្ថម្ភជូនបុគ្គលិកស៊ីម៉ាក មានដូចជា៖ អង្ករ៥បាវ ទឹកសុទ្ធ២០កេស មី១០កេស ត្រីខកំប៉ុង១០យួរ ស្រាបៀរ២០កេស និងថវិកា២លានរៀល និងជូនបុគ្គលិកស៊ីម៉ាកទាំង៣៦នាក់ ក្នុងម្នាក់ៗថវិកា២០ម៉ឺនរៀលផងដែរ៕ ដោយ ៖ ហ៊ុយ ចាន់ធួន
ចែករំលែកព័តមាននេះ