ខេត្កកំពង់ស្ពឺ ៖ ខ្សែជីវិតរបស់មនុស្សខុសៗគ្នា ជាក់ស្ដែង ដូចជាលោកយាយមួយរូប ប្រសិនបើសប្បុរសជនបានជួបនិងដឹងពីជីវិតកម្សត់របស់លោកយាយ ពិតជាធ្វើឱ្យរំជួលចិត្តអាណិតគាត់ជាក់ជាមិនខាន ។
ជួបជាមួយអ្នកយកព័ត៌មានយើង លោកយាយសែង សេង អាយុ៧០ឆ្នាំ រស់នៅភូមិកំណប់ សង្កាត់ស្វាយ
ក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ប្រកបរបរដើររើសអេតចាយជីកទំពាំងលក់យកលុយចិញ្ចឹមជីវិត ។ លោកយាយបានរៀបរាប់ថា គាត់បានរៀបការជាមួយស្វាមី តាំងពីបែកប៉ុល ពត មកម្ល៉េះ ដោយបង្កើតបានកូន៥នាក់បច្ចុប្បន្ន កូនកូនរបស់គាត់មានគ្រួសាររៀងៗខ្លួនអស់ហើយ តែជីវភាពរបស់កូនកូនគាត់មិនសូវធូរធាប៉ុន្មាន
ទេ ។
ថ្ងៃមួយក្នុងអំឡុងខែមេសា ២០២២ ពេលដែលលោកយាយមិនមានអង្ករដាំបាយ ក៏សម្រេចចិត្តទៅរើសអេតចាយ ដើម្បីលក់យកលុយមកទិញម្ហូប និងអង្ករ ដើម្បីដាំហូបជាមួយតា ដែលជរាពិការធ្វើអ្វីមិនកើត ។ តែជាអកុសល ពេលដើររើសអេតចាយដោយមិនមានអាហារហូបគ្រប់គ្រាន់ផងនោះ ធ្វើឱ្យលោកយាយងងឹតមុខដួលបណ្ដាលឲ្យបាក់ដៃឆ្វេងជាពីរកំណាត់ធ្វើឱ្យលោកយាយឈឺចុកចាប់យ៉ាងខ្លាំង តែលោកយាយទ្រាំរហូតដល់មានស្មារតីនឹងនរក៏ខំដើរស្រវេស្រវ៉ាមកផ្ទះទាំងអត់អាហារ ។
លោកយាយបានបន្តទៀតថា ពេលមកដល់ផ្ទះ ត្រូវបានអ្នកជិតខាងជួយជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺពេលទៅដល់លោកយាយបានប្រាប់គ្រូពេទ្យថា លោកយាយគ្មានប្រាក់នោះទេ តែលោកយាយមានប័ណ្ណក្រីក្រសូមអោយពេទ្យជួយព្យាបាលគាត់ផង ។ ពេលនោះ ពេទ្យបានតបមកវិញថា «ប័ណ្ណក្រីក្រមិនអាចជួយអ្វីបានទេ បើជាចង់ឲ្យពេទ្យវះកាត់ព្យាបាលឲ្យទាល់តែយាយរកមួយ1200ដុល្លារ មកទើបពេទ្យវះកាត់ដាក់ដែកអបដើម្បីព្យាបាលឱ្យបានបើគ្មានប្រាក់ទេលោកយាយទៅផ្ទះវិញចុះ»(នេះជាសម្ដីរបស់ពេទ្យ)។
ខ្មាស់និងសម្ដីរបស់គ្រូពេទ្យ លោកយាយអត់ត្រឡប់មកផ្ទះវិញ ហើយលែងទៅរកពេទ្យដល់សព្វថ្ងៃនេះ។ នៅពេលដែលអ្នកយកព័ត៌មានយើងសួរថា តើរកយាយឈឺទេ គាត់បានប្រាប់ថា រាល់ថ្ងៃគាត់ពិតជាឈឺណាស់តែធ្វើម្ដេចចេះតែទ្រាំទៅ ព្រោះយើងគ្មានលុយឲ្យពេទ្យថ្លៃវះកាត់ប៉ុន្តែអ្វីដែលលោកយាយចង់បាននៅពេលនេះគឺសុំអង្វរដល់អស់លោកដែលមានចិត្តសប្បុរស មេត្តាជួយដល់លោកយាយដើម្បីបានវះកាត់ដាក់ដែកអបឆ្អឹងដៃរបស់គាត់ផង។
តាមរយ:កោះសន្តិភាព លោកយាយសង្ឃឹមថា មានតែអស់លោកអ្នកដែលមានចិត្តសប្បុរសប៉ុណ្ណោះដែលជាក្តីសង្ឃឹមអាចជួយដល់លោកយាយក្នុងការវះកាត់នេះ បានបើអោយរំពឹងទៅលើកូនកូនរបស់លោកយាយពួកគេសុទ្ធតែមានជីវភាពក្រីក្រដូចលោកយាយអញ្ចឹងដែរ មិនអាចជួយអ្វីដល់លោកយាយបានទេ ម្ល៉ោះហើយ
គឺមានតែសុំក្តីមេត្តាពីសំណាក់អ្នកមានចិត្តបុណ្យ និងចិត្តសប្បុរសតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ