មហាសេដ្ឋីលេខមួយពិភពលោក Elon Musk មានគោលបំណងបង្កើនប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុន Twitter ឲ្យដល់ ២៦,៤ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៨ខាងមុខ ខណៈដែលឆ្នាំមុនក្រុមហ៊ុនរកបាន៥ពាន់លានដុល្លារ ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត New York Times កាលពីថ្ងៃសុក្រម្សិលមិញ ។
កាសែតចុះផ្សាយថា ចំណូលពីការផ្សព្វផ្សាយនឹងធ្លាក់ចុះមកត្រឹម៤៥ភាគរយនៃចំណូលសរុបក្រោមការដឹកនាំរបស់លោក Elon Musk ដោយបង្កើតប្រាក់ចំណូលបាន១២ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៨ ខណៈដែលការជាវរបស់អ្នកប្រើប្រាស់ (subscription) ត្រូវគេរំពឹងថា នឹងអាចរកប្រាក់ចំណូលបាន១០ពាន់លានដុល្លារ ។
សម្រាប់ឆ្នាំ២០២៣ខាងមុខ បណ្តាញសង្គមយក្សនេះនឹងរកចំណូលបាន១៥លានដុល្លារពីអាជីវកម្មនានានៅលើបណ្តាញរបស់ខ្លួន ហើយចំណូលនេះនឹងកើនដល់ប្រហែល១,៣ពាន់លានដុល្លារនៅឆ្នាំ២០២៨។
លោក Elon Musk ដែលបានទិញយក Twitter ក្នុងតម្លៃ៤៤ពាន់លានដុល្លារកាលពីខែមុនត្រូវគេរំពឹងថា នឹងក្លាយជានាយកប្រតិបត្តិបណ្តោះអាសន្នរបស់ក្រុមហ៊ុន។ នេះបើយោងតាមការបញ្ជាក់របស់អ្នកពាក់ព័ន្ធប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។
ចំណែក Twitter Blue ដែលជាសេវាកម្មបងប្រាក់ប្រចាំខែពីសំណាក់អ្នកប្រើប្រាស់ត្រូវគេរំពឹងថានឹងមានអ្នកប្រើប្រាស់ ៦៩លាននាក់នៅឆ្នាំ២០២៥។
បើយោងតាមទស្សនាវដ្តី Forbes គិតត្រឹមថ្ងៃទី៧ ខែឧសភានេះ លោកមានទ្រព្យសម្បត្តិប្រមាណ ២៥៥ពាន់លានដុល្លារ៕
(យោងតាមប្រភព៖ Reuters & New York Times)
ចែករំលែកព័តមាននេះ