រាជធានីភ្នំពេញ ៖ រថយន្តបែនដឹកដីមួយគ្រឿងខណៈខណៈពេលកំពុងបើកបរក្នុងល្បឿនលឿនគួរសម ពេលទៅដល់ត្រង់ចំណុចភ្លើងស្តុប ស្រាប់តែជាន់ហ្វ្រាំងអត់ស៊ី។ ខណៈនោះដោយខ្លាចបុក និងកិនអ្នកដំណើរព្រមទាំងយានយន្តដែលកំពុងឈប់ភ្លើងស្តុបត្រៀបត្រានៅខាងមុខ អ្នកបើកបរក៏សម្រេចចិត្តកាច់ចង្កូតគេចឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ។ ពេលនោះបណ្ដាលឲ្យក្រឡាប់ទាំងកម្រោល ហើយរងការខូចខាតយ៉ាងដំណំ ប៉ុន្តែជាសំណាងដែរដោយពុំបានបណ្ដាលឲ្យមានអ្នករងរបួស ឬស្លាប់នៅក្នុងឧប្បត្តិហេតុខាងលើនេះឡើយ។
ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង២ និង៥៥នាទីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចភ្លើងស្តុបលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិវត្តស្លែង សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបែនដឹកដីខាងលើពាក់ស្លាកលេខចង្កូតស្ដាំ KPS-2198 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង។
លុះពេលមកដល់ចំណុចកើតហេតុដោយសារតែចំណុចភ្លើងស្តុប និងមានអ្នកដំណើរ ហើយយានយន្តកំពុងឈប់នៅទីនោះច្រើនផងនោះ អ្នកបើកបរបានជាន់ហ្វ្រាំងឈប់ ប៉ុន្តែស្រាប់តែជាន់អត់ស៊ីសោះ ដែលសង្ស័យបែកទុយោខ្យល់ជាន់ហ្វ្រាំង។ ប្រភពដដែលបានបន្តទៀតថា ខណៈនោះទើបអ្នកបើកបរសម្រេចចិត្តកាច់ចង្កូតគេចចេញឡើងទៅលើសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់រងការខូចខាតយ៉ាងដំណំ។ ក្រោយកើតហេតុនគរបាលប៉ុស្តិ៍ប្រទះឡាង និងនគរបាលចរាចរណ៍ខណ្ឌកំបូលបានចុះទៅធ្វើការវាស់វែង និងនាំយករថយន្តទៅរក្សាទុកបរង់ចាំការដោះស្រាយ ព្រោះបណ្ដាលឲ្យរងការខូចខាតសួនច្បារពុះចែកទ្រូងផ្លូវដែលជាសម្បត្តិរដ្ឋផងដែរ៕ ដោយ ៖ យន់ ស៊ីថា
ចែករំលែកព័តមាននេះ