តាមធម្មតាជារៀងរាល់ថ្ងៃពិសេសនៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យធំៗគេសង្កេតឃើញមានភ្ញៀវទេសចរដែលមានជំនឿរអរូបិយតែងតែបណ្តាក់គ្នាមិនដាច់ចូលអុជធូបបន់ស្រន់ ប៉ងប្រាថ្នា សូមសេចក្តីសុខពីបារមីលោកយាយផ្លុំ និងលោកតាស្រុះ ដែលមានបារមីពូកែស័ក្តិសិទ្ធិ ដោយមនុស្សបន្តគ្នាចូលបន់ស្រន់សុំឱ្យបារមីនៃដួងវិញ្ញាណរបស់លោកយាយលោកតាជួយបីបាច់ថែរក្សាឱ្យបានសុខចម្រើន និងបានសម្រេចដូចបំណងប្រាថ្នា ហើយអ្នកដែលទៅបែបន់ទាំងនោះតែងតែបានទទួលនូវអ្វីដែលគេប៉ងប្រាថ្នាជាក់ស្តែង ពិសេសគឺការបន់ស្រន់នៅតែផ្តល់ភាព ស័ក្តិសិទ្ធិពិតៗ ។
អ្នកស្រុកដែលមានទីលំនៅក្បែរជើងភ្នំដោះក្រមុំបានកើតសរសើរទៅលើបារមីលោកតានិងលោកយាយភ្នំដោះក្រមុំជាអនេក ខណៈអ្នកស្រុកទាំងនោះសង្កេតឃើញជារៀងរាល់ថ្ងៃតែងតែមានយានយន្តបើកមកបណ្តាក់គ្នាមិនដែលដាច់ ចុះឡើងៗលើភ្នំ ហើយសុទ្ធតែមានគ្រឿងសំណែន ទៀនធូបនិងគ្រឿងសក្ការៈទាំងឡាយទៅបន់ស្រន់ ។
ឯអ្នកខ្លះទៀតថតរូបទុកជាអនុស្សាវរីយ៍ ត្បិតនៅលើកំពូលភ្នំដោះក្រមុំនោះមានទេសភាពស្រស់ស្អាតតាមបែបធម្មជាតិ អាចមើលឃើញពីសំណង់ដ៏ប្រណីតៗរបស់ក្រុងសែនមនោរម្យបានយ៉ាងច្បាស់ បូករួមជាមួយសមុទ្រឈើដ៏ធំល្វឹងល្វើយផង ។
ដូនជីមួយរូបដែលនៅចាំបោសសម្អាតអាស្រមភ្នំដោះក្រមុំនោះបានបញ្ជាក់ថា សព្វថ្ងៃនេះចំពោះអ្នកមានជំនឿរលើលោកយាយលោកតាដោះក្រមុំនៅតែបន្តគ្នាចូលបន់ស្រន់គ្រប់ពេលគ្រប់វេលា ហើយអ្នកទាំងនោះតែងតែលើកឡើងថា រូបសំណាកលោកយាយលោកតាដោះក្រមុំនៅតែមានចេស្តាបារមីពូកែស័ក្តិសិទ្ធិដដែល ។
សូមបញ្ជាក់ផងដែរថា បើតាមការអង្កេត បារមីលោកយាយលោកតានៅលើកំពូលភ្នំដោះក្រមុំ ខេត្តមណ្ឌលគិរី នៅតែផ្តល់ភាពស័ក្តិសិទ្ធិឥតល្អៀងដល់អ្នកដែលមានជំនឿតាមបែបអរូបី ដែលតាមការកត់សម្គាល់មានប្រជាពលរដ្ឋ អ្នកមានមុខ មានមាត់នៅក្នុងសង្គមរហូតដល់ថ្នាក់មន្ត្រីអ្នកមុខអ្នកការផងដែរមកពីគ្រប់ទិសទីចូលទៅបែបន់សុំសុខចម្រើន សុំលាភសុំជ័យ សុំអ្វីៗតាមតែបំណងប្រាថ្នារបស់ពួកគេ ហើយអ្នកបន់ស្រន់ទាំងនោះតែងបានជោគជ័យដូចការបន់ស្រន់របស់ខ្លួនក៏ធ្វើឱ្យជំនឿនេះចេះតែរីកសុះសាយជារៀងរហូតមក ៕ សាន សារិន
ចែករំលែកព័តមាននេះ