ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកអគ្គរាជទូត​ជប៉ុន​គ្រោង​អញ្ជើញ​មេបញ្ជាការ​កងទ័ពជើងគោក ទៅ​បំពេញ​ឯ​ទស្សនកិច្ច​ផ្លូវការ​នៅ​ជប៉ុន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២២​នេះ នៅ​ទីបញ្ជាការ​កងទ័ពជើងគោក នៃ​កង​យោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត…


រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២២​នេះ នៅ​ទីបញ្ជាការ​កងទ័ពជើងគោក នៃ​កង​យោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Mikami Masahiro ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។ ជំនួប​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​សំខាន់​ដើម្បី​ពិភាក្សា​អំពី​ការ​អញ្ជើញ មេបញ្ជាការ​កងទ័ពជើងគោក ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្នុង​ប្រទេស​ជប៉ុន នា​ពេល​ខាង​មុខ​។ លោក​ឯកអគ្គរាជទូត បាន​លើក​ឡើង​អំពី​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ជប៉ុន ដែល​ក្នុង​នោះ ទំនាក់ទំនង​លើ​វិស័យ​ការពារ​ជាតិ ក៏​បាន​បន្សល់​ទុក​នូវ​អនុស្សាវរីយ៍​ដ៏​សំខាន់​មួយ គឺ​ការ​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​របស់​ជប៉ុន​មក​កាន់​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​១៩៩២ ហើយ​ក៏​ជា​ការ​បញ្ជូន​កង​ស្វ័យការពារ​ជប៉ុន​ចេញ​ក្រៅប្រទេស​ជា​លើក​ដំបូង​របស់​ជប៉ុន​ផង​ដែរ​។

ក្នុង​ន័យ​នេះ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា ទៅ​កាន់​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ​២០២២ គឺ​ចំ​ពេល​នៃ​ការ​ប្រារព្ធ​ខួប ទី​៣០​ឆ្នាំ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នៃ​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​នេះ​។ លោក​ឯកអគ្គរាជទូត ក៏​បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ប្រកបដោយ​ជោគជ័យ ជា​ពិសេស​ការ​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ពី​សំណាក់​កងទ័ពជើងគោក នៃ​កង​យោធពលខេមរភូមិន្ទ ក្រោម​ការ​ដឹកនាំ​ផ្ទាល់​របស់ លោក ហ៊ុន ម៉ា​ណែ​ត ជា​មេបញ្ជាការ​។ លើស​ពី​នេះ​លោក ឯកអគ្គរាជទូត ក៏​បាន​បង្ហាញ​នូវ​ការ​បេ្ត​ជ្ញា បន្ត​គាំទ្រ​ដល់​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារ​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ ទោះបីជា​មានការ​រំខាន​ដោយសារ​កត្តា​ជំងឺ​កូ​វី​ដ​-១៩ យ៉ាងណា​ក៏​ដោយ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ឯកអគ្គរាជទូត ក៏​បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ ស​មេ្ត​ច​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ផ្តួចផ្តើម​គំនិត​ធ្វើ​ឱ្យ​មានការ​កែ​លម្អ​ស្ថានភាព​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា និង​បាន​គូសបញ្ជាក់​ថា ប្រទេស​ជប៉ុន​ប្តេជ្ញា​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​បំពេញភារកិច្ច​ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២​នេះ ឱ្យ​ទទួល​បាន​ជោគជ័យ​។ ទន្ទឹម​នោះ​ផង​ដែរ​លោក​ឯកអគ្គរាជទូត ក៏​បាន​អបអរសាទរ​ដែល លោក ហ៊ុន ម៉ា​ណែ​ត ត្រូវ​បាន​សន្និបាត​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ទី​៤៣ បោះ​ឆ្នោត ជ្រើសតាំង​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​សម្រាប់​ពេល​អនាគត​។

ជា​ការ​ឆ្លើយ​តប​លោក​អគ្គមេបញ្ជាការ​រង មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​សម្រាប់​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ដ៏​ល្អ​តាំងពី​អតីតកាល​មក​ជា​អាទិ៍ ការ​ចូលរួម​ចំណែក​ក្នុង​ដំណើរការ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា និង​ការ​ផ្តល់​ជំនួយ​ក្នុង​ការ​កសាង និង​អភិវឌ្ឍ​កម្ពុជា​ក្នុង​វិស័យ​សំខាន់​ៗ​ជា​ច្រើន ក៏​ដូច​ជា​ជំនួយ​ឧ​ត្ថ​ម្ភ​នានា​ក្នុង​ពេល​ចំពោះ​មុខ សម្រាប់​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ និង​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​នៅ​ក្រោយ​ទទួល​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​កូ​វី​ដ​-១៩​។ ឯកឧត្តម មេបញ្ជាការ​កងទ័ពជើងគោក ក៏​បាន​ថ្លែងអំណរគុណ​សម្រាប់​ការ​អញ្ជើញ ឯកឧត្តម ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ជា​ពិសេស​ស្រប​ពេល​នៃ​ការ​ប្រារព្ធ​ខួប​ទី​៣០ នៃ​ប្រតិបត្តិការ​រក្សា​សន្តិភាព​ជា​ប្រវត្តិសាស្ត្រ​របស់​ជប៉ុន​នៅ​កម្ពុជា​។ ក្នុង​ឱកាស​នោះ​ផង​ដែរ​លោក​មេបញ្ជាការ​កងទ័ពជើងគោក ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ ជា​ពិសេស​សកម្មភាព​ក្នុង​ក្របខ័ណ្ឌ​កងទ័ពជើងគោក ដែល​មាន​ដូច​ជា​៖ ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​សិក្សា និង​ការ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធានមនុស្ស​ជាដើម ហើយ​សង្ឃឹមថា​សកម្មភាព​ទាំងនេះ នឹង​ចាប់ផ្តើម​មាន​សន្ទុះ​ឡើង​វិញ​នៅ​ក្រោយ​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ បាន​ធូរស្រាល​៕ ដោយ ៖ សុខ សា​រ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ