បន្ទាយមានជ័យ ៖មុខសញ្ញាចោរជិះម៉ូតូឆ.ក់កាបូបលុយពលរដ្ឋយ៉ាងសកម្មនៅក្រុងប៉ោយប៉ែត ពេលរាត្រី អស់លក្ខណ៍ ត្រូវនគរបាលឃាត់ខ្លួនបាន៣នាក់ បញ្ជូនទៅសាលាដំបូងខេត្ត ។
បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ និងចុះផ្សាយតាមហ្វេសប៊ុកថា មានចោរជិះម៉ូតូឆ.ក់កាបូបលុយ ខ្សែករ ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលធ្វើការស្រាវជ្រាវ និងចេញអន្តរាគមន៍ចេញល្បាត ដើម្បីទាន់សភាពការណ៍ក្នុងភូមិសាស្ត្រ ។
ជាលទ្ធផលកម្លាំងនគរបាលក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៥ល្ងាច ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យកមកសួរនាំ នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតផងដែរ ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួននេះ គឺពាក់ពន្ធ័ករណីជិះម៉ូតូឆ.ក់កាបូបលុយ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ មាន ៖ ១-ឈ្មោះ ខន វុទ្ធី ហៅធី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ធ្លាប់ចេញឆ.ក់ ចំនួន០៦ដង ។ ២-ឈ្មោះ សៀង ដែន ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ធ្លាប់ចេញឆ.ក់ ចំនួន០៤ដង និង ៣-ឈ្មោះ អេង អយ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ធ្លាប់ចេញឆក់ចំនួន០៣ដង ។
ពាក់ពន្ធ័ករណីនេះ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌបានបញ្ជាក់ថា ៖ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានចេញឆ.ក់ជាបន្តបន្ទាប់មែន អំឡុងពេលឆ្លងឆ្នាំសកល និងដើមខែមករានេះ គឺចេញឆ.ក់នៅផ្លូវដើមពុទ្ទ្រា ផ្លូវវត្តត្រាច ផ្លូវម្តុំខារ៉ាអូខេអេហ្វផ្លាស់ និងតាមផ្លូវជាតិក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ហើយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ បានចេញឆ.ក់ជាថ្មីក៏ត្រូវនគរបាលចាប់ខ្លួនតែម្តង ។
ក្រោយសួរនាំជនសង្ស័យទាំង៣នាក់ ត្រូវបានការិយាល័យជំនាញកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនិតិវិធី ៕
ចែករំលែកព័តមាននេះ