រាជធានីភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី លើកឡើងថា ដើម្បីត្រៀមខ្លួនដោះស្រាយហានិភ័យចម្បងៗជាយថា ហេតុ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំ និងកំពុងជំរុញដាក់ឲ្យអនុវត្តនាពេលឆាប់ៗខាងមុខនេះនូវ «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១ -២០២៣» ដែលឈរលើសសរស្តម្ភបី ៖ សសរស្តម្ភទី ១ «ការស្តារ», សម្រាប់ស្តារឡើងវិញនូវវិស័យដែលទទួលរងនូវឥទ្ធិពលអវិជ្ជមានខ្លាំងរបស់ជំងឺកូវីដ ១៩, សសរស្តម្ភទី ២ «ការកែទម្រង់», កែទម្រង់គ្រប់ផ្នែកគ្រប់វិស័យសម្រាប់ទាក់ទាញការវិនិយោគ និងសសរ ស្តម្ភទី ៣ «ការកសាងភាពធន់» ដើម្បីធានាបាននូវចីរភាពសេដ្ឋកិច្ច និងភាពប្រកួតប្រជែងជាដើម ។
លោកបានលើកឡើងថា សហភាពអឺរ៉ុប បានទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាកន្លងមក ពិសេសគាំ ទ្រ ទាំងជំនួយហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេស ដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងបានគូសបញ្ជាក់ថា ការដ្ឋានកែទម្រង់អាទិភាពដែលបានស្នើឡើងដោយប្រតិភូសហភាពអឺរ៉ុប ស្របតាមអាទិភាពនៃកម្ម-វិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ បូក ២ និងយុទ្ធសាស្ត្រស្នូលនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ។ ដើម្បីឱ្យការរៀបចំក្របខណ្ឌលទ្ធផលសម្រាប់កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងថ្មីនេះ បានណែនាំដល់ក្រុមការងារបច្ចេកទេសទាំងពីរភាគី ខាងរាជរដ្ឋាភិបាល និងសហភាពអឺរ៉ុបចាប់ផ្តើមធ្វើការរួមគ្នាឲ្យបានឆាប់ ។
ការលើកឡើងរបស់លោកមន្ត្រីជាន់ខ្ពស់កម្ពុជាដូច្នេះនៅក្នុងឱកាសជួប ពិភាក្សាការងារជា មួយ លោកស្រី Carmen MOREN ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំកម្ពុជា កាលពីចុងខែវិច្ឆិកា ។ លោកស្រី Carmen MORENO ចាត់ទុកការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា គឺសម្រេចបាននូវសមិទ្ធផលជាច្រើន និងបានចាត់ទុកថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជា «ឆ្អឹងខ្នង» ដើម្បីគាំទ្រការកែទម្រង់វិស័យផ្សេងទៀត សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ប្រកបដោយជោគជ័យ ចីរភាព និងបរិយាប័ន្ន ៕
ចែករំលែកព័តមាននេះ