រាជធានីភ្នំពេញ ៖ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ។ ក៏ប៉ុន្តែ ការរៀបចំអាពាហ៍ពិពាហ៍ និងពិធីបុណ្យសាសនាផ្សេងៗត្រូវបានលើកលែង តែត្រូវគោរពនូវវិធានក្រសួងសុខាភិបាល និងរក្សាគម្លាតយ៉ាងហោចណាស់ ១ម៉ែត្រកន្លះ ។
យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ និងចុះហត្ថលេខាដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងកំលុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារមុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រួមមាន ខារ៉ាអូខេ រង្គសាល និងឌីស្តូតែក។
លោក ឃួង ស្រេង បានបន្តថា ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នការជួបជុំ ឬ ការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី ៥០ (ហាសិប) នាក់ ប៉ុន្តែ លើកលែងតែក្នុងករណី ដូចខាងក្រោម ៖ – ការជួបជុំក្នុងពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យប្រពៃណី ពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា ដោយត្រូវប្រកាន់ខ្ជាប់វិធានការសុខាភិបាលរក្សាគម្លាតមួយម៉ែត្រកន្លះ ៖ ការបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ និងត្រូវអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដា ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈស្តីពីការរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា, សេចក្តីណែនាំលេខ២៣/២១ ក.ធ.ស.ស.ណ.ន ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ របស់ក្រសួងធម្មការ និងសាសនា ស្តីពីការបើកដំណើរការឡើងវិញ ពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា និងសេចក្តីសម្រេចលេខ ៣៣៦/២១ សសរ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការកែសម្រួលចំពោះការអនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យប្រពៃណី ពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា នៅរាជធានីភ្នំពេញ ព្រមទាំងគោលការណ៍ណែនាំរបស់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ។
អ្នកនាង គន្ធាវី ដែលនឹងរៀបចំពិធីអាពាហ៍ពិពាហ៍កូននាថ្ងៃទី ១៨ ខែធ្នូ ខាងមុខនេះ បានសាទរចំពោះការសម្រចនេះ ដោយអ្នកនាងលើកឡើងថា ការអនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍ ដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសកន្លងមក គឺផ្តល់ប្រយោជន៍សេដ្ឋកិច្ចច្រើន មិនមែនត្រឹមតែគូស្វាមី-ភរិយាថ្មី នោះទេ ។
«ពេលខ្ញុំទំនាក់ទំនងខាងភ្នួងការអី ឃើញការមមាញឹកច្រើន ហើយខ្ញុំឃើញអ្នកសិល្បៈ ខាងកាត់សក់ ច្រៀងពេលល្ងាចអី គឺគាត់ថាមានការងារធ្វើ រកចំណូលបានវិញ គឺសប្បាយចិត្ត» ។ អ្នកនាង គន្ធាវី បញ្ជាក់។ អ្នកនាងបន្តថា គ្រួសារអ្នកនាងរៀបចំតួចតាង តែជាង ៥០ តុ ដោយរក្សាគម្លាតសុវត្ថិភាពជាចម្បង៕
ចែករំលែកព័តមាននេះ