ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវពស់ចឹកស្លា.ប់ ខណៈពេលទៅរាយម៉ងក៏ជាប់ពស់វែកក្របី ហើយបុរសរូបនេះបម្រុងចាប់ធ្វើយកមកម្ហូប តែមិនប្រយ័ត្នក៏ត្រូវពស់ចឹងចំដៃ និងបបូរមាត់តែម្តង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង០២នាទីល្ងាច ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនរងគ្រោះខាងលើមានឈ្មោះ លាន់ ចាន់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
បើតាមនគរបាលស្រុកកៀនស្វាយ បានអោយដឹងថា កាលពីវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានចុះទៅមើលម៉ងនៅក្នុងបឹងក្រោយភូមិស្ទឹង ខណៈពេលកំពុងមើលម៉ងនោះ ក៏ប្រទះឃើញម៉ងរបស់ខ្លួនជាប់ពស់វែកក្របីមួយក្បាលទំងន់មួយគីឡូកន្លះ ដោយឃើញដូច្នេះ ជនរងគ្រោះក៏បានដោះយកពស់វែកក្របីនោះ ដាក់ក្នុងទៃស្ពាយ រួចក៏យកមកផ្ទះ។
ប្រភពដដែលបន្តថា លុះពេលមកដល់ផ្ទះ ជនរងគ្រោះក៏បានយកពស់វែកក្របីនោះចេញពីទៃ រួចក៏យកពស់នោះពាក់លើស្មា តែពេលនោះពស់វែកក្របីក៏បានលូនចូលក្រោមគ្រែបាត់ ហើយជនរងគ្រោះវិញ ក៏បានយកដៃចាប់ពស់វែកក្របីនោះ ស្រាប់តែពស់នោះបានចឹកដៃខាងស្ដាំមួយកន្លែង និងចឹកបបូរមាត់ជនរងគ្រោះមួយកន្លែងទៀត ។
ប្រភពដដែលបន្តថា ក្រោយពីត្រូវពស់វែកក្របីចឹក ក្រុមគ្រួសារជនរងគ្រោះបានដឹកយកជនរងគ្រោះទៅផ្ទះគ្រូខ្មែរឈ្មោះ វ៉ាន់ ហួន ភេទស្រី អាយុ៥៧ឆ្នាំ (មុខរបរគ្រូមើលអ្នកត្រូវពស់ខាំ) មានទីលំនៅភូមិ-ឃុំកើតហេតុ ។ ហើយក៏គ្រូខ្មែរក៏បានដាក់ថ្នាំអោយជនរងគ្រោះ តែជនរងគ្រោះមិនព្រមលេប បន្ទាប់មកឈ្មោះវ៉ាន់ ហួន ភេទស្រី បានអោយក្រុមគ្រួសារជនរងគ្រោះយកទៅផ្ទះវិញ ប៉ុន្តែលុះពេលមកដល់ផ្ទះជនរងគ្រោះក៏បានស្លា.ប់បាត់បង់ជីវិតតែម្តង។ ក្រោយពេលកើតហេតុ ស.ពជនរងគ្រោះត្រូវបានសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ