រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បានទទួលយកទារិកាដែលទើបនឹងសម្រាលបាន២ថ្ងៃ ហើយត្រូវបានម្តាយយកមកបោះបង់ចោលនៅលើម៉ូតូកង់បីឥណ្ឌា បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្សារចោមចៅ ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
នារីដែលយកទារិកាទៅចិញ្ចឹមនោះមានឈ្មោះស្រីនាង អាយុ២៥ឆ្នាំ មុខរបរលក់អីវ៉ាន់សែននៅផ្សារចោមចៅ មានទីលំនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានដាក់ឈ្មោះទារិកាដែលយកទៅចិញ្ចឹមនោះឈ្មោះស្រី មាស ។
តាមប្រភពព័ត៌មានពីសន្តិសុខផ្សារចោមចៅ បានបញ្ជាក់ប្រាប់ថា ស្ត្រីដែលយកកូនស្រីមកប្លុងចោលនោះ គាត់ទើបសំរាលកូននៅសម្ភពអង្គរ នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ គឺសម្រាលកូននៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ដោយសម្រាលកូនតែម្នាក់ឯងទេ មិនមានគ្រួសារទៅជាមួយទេ ។ លុះនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែតុលានេះ ស្ត្រីជាម្តាយបានសុំគ្រូពេទ្យត្រឡប់ទៅផ្ទះវិញ ដោយហៅម៉ូតូកង់បីឥណ្ឌាជិះមកដល់មុខផ្សារចោមចៅ ហើយក៏បានអោយម៉ូតូកង់បីឈប់រង់ចាំមួយភ្លែត ដោយរូបគាត់ចូលទៅលក់ប្លាទីននៅក្នុងផ្សារ ហើយក៏ទុកផ្ញើទារិកានៅលើម៉តូកង់បីនោះតែម្តង ។
ប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលស្ត្រីជាម្តាយដើរចូលទៅក្នុងផ្សារអស់រយៈពេលកន្លះម៉ោង មិនឃើញត្រឡប់មកវិញសោះធ្វើឲ្យអ្នករត់កង់បីមានការភិតភ័យឆោឡោ ក៏បានសួរអ្នកជិតខាង ក៏ដូចជាសន្តិសុខផ្សារចោមចៅ ឲ្យជួយទៅដើររកមើលតាមតូបលក់ប្លាកទីន និងលក់មាស ដែលបានបិទអស់ទៅហើយ ហើយក៏មិនឃើញម្តាយទារិកានោះ ទើបដឹងថា ស្ត្រីខាងលើបានយកមកកូនមកបោះបង់ចោល ។
ប្រភពដដែលបន្តថា ខណៈពេលនោះ ក៏មានការផ្អើលឆោឡោនោះតែម្តង ស្រាប់តែមាននារីវ័យក្មេងម្នាក់ឈ្មោះស្រីនាង ជាអាជីវករលក់ដូរនៅក្នុងផ្សារចោមចៅនោះ បានលើកទារិកានោះយកទៅបីអស់រយៈពេលជាច្រើនម៉ោង ដោយនាងមានមនោសញ្ចេតនាជាមួយទារិកាខាងលើ ក៏បានសុំយកទៅចិញ្ចឹម ដោយនាងទិញទឹកដោះគោសំរាប់អោយទារិកាខាងលើផងដែរ។
ក្រោយពេលកើតហេតុ នារីដែលមានបំណងយកទារិកាទៅចិញ្ចឹមនោះ បានទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្លាមៗផងដែរ ហើយសមត្ថកិច្ចក៏បានចុះមកដល់ រួចក៏បានសួរនាំរឿងរ៉ាវខាងលើ ហើយសមត្ថកិច្ចក៏បានទាក់ទងទៅមន្ត្រីសង្កាត់ចោមចៅទី៣ ប៉ុន្តែយប់ហើយ ទើបសមត្ថកិច្ចអនុញ្ញាតបានអោយនារីខាងលើ យកទារិកាទៅផ្ទះសិន ដើម្បីរង់ចាំថ្ងៃស្អែកយកមកសង្កាត់ ដើម្បីអោយអាជ្ញាធរទទួលដឹងលឺថា នាងសុំចិញ្ចឹមជាកូនតែម្តង ៕
ចែករំលែកព័តមាននេះ