ភ្នំពេញ៖ គ.ជ.ប បានប្រកាសនៅថ្ងៃទី១៥ ខែតុលានេះថា ភ្នាក់ងារគណបក្សនយោបាយ ចំនួន ៤២៨៩នាក់ បានស្នើសុំ ចូលរួមសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១។ ចំនួនភ្នាក់ងារគណបក្សនយោបាយនេះ ត្រូវបានគ.ជ.ប ប្រកាសយោងតាមរបាយការណ៍ពីក្រុមប្រឹក្សាឃុំសង្កាត់ គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។
តាមសេចក្តីប្រកាស ភ្នាក់ងារគណបក្សនយោបាយ ដែលត្រូវបានគ.ជ.ប អនុញ្ញាតឲ្យចូលរួមសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ទាំង ៤២៨៩នាក់ គឺមក ៣គណបក្ស រួមមាន៖ គណបក្សប្រជាជនកម្ពុជា ដាក់ភ្នាក់ងារច្រើនជាងគេ ចំនួន ៤១៦៧នាក់ នៅ ២៥រាជធានីខេត្ត និងនៅ ១៥៧៧ឃុំសង្កាត់។ រីឯគណបក្សខ្មែររួបរួមជាតិ ដាក់ភ្នាក់ងារ ចំនួន ១០៨នាក់ នៅ ១៣រាជធានីខេត្ត ក្នុង ៧៨ឃុំសង្កាត់។ គណបក្សខ្មែរស្រឡាញ់ជាតិ ដាក់ភ្នាក់ងារ ១៤នាក់ នៅ ៣រាជធានីខេត្ត ក្នុង ៧ឃុំសង្កាត់។
គ.ជ.ប បានប្រកាសថា ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ប្រព្រឹត្តិទៅ ចាប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ។
គ.ជ.ប ក៏បានបញ្ជាក់ថា ភ្នាក់ងារគណបក្សនយោបាយ ដែលចូលរួមសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវគោរពច្បាប់ បទបញ្ជា ដែលពាក់ព័ន្ធជាធរមាន និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយ ក្នុងដំណើរការបោះឆ្នោត។
ដោយឡែក ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ក្នុងរយៈពេលនេះ គ.ជ.ប ប្រកាសអញ្ជើញប្រជាពលរដ្ឋទាំងអស់ ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ដើម្បីស្នើសុំកែទិន្នន័យ ប្រសិនបើមានចំណុចខុសឆ្គង។ ចំណែកអ្នកទើបគ្រប់អាយុ ១៨ឆ្នាំ ( កើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤ ) និងប្រជាពលរដ្ឋ ដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា ដំណើរការពិនិត្យឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ធ្វើឡើងនៅតាមសាលាឃុំសង្កាត់ ទូទាំងប្រទេស។ ពោលគឺអ្នករស់នៅក្នុងឃុំសង្កាត់ណា ត្រូវទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅក្នុងឃុំសង្កាត់នោះ។ បើមិនមានឈ្មោះក្នុងបញ្ជីឈ្មោះឆ្នោត ឆ្នាំ២០២១ នេះទេ នោះនៅថ្ងៃបោះឆ្នោតឃុំសង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ គឺមិនអាចបោះឆ្នោតបានឡើយ។
ក្នុងរយៈពេល ៣ថ្ងៃដំបូង គិតពីថ្ងៃទី១២តុលា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ គ.ជ.ប ប្រកាសថា មានប្រជាពលរដ្ឋ ដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មី សរុប ៣៤ ៩៤៤នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ចំនួន ២០ ២០៤នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ ចំនួន ៨ ០០១នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំសង្កាត់ថ្មី ចំនួន ១០ ១៥៧នាក់។
តាមការប៉ាន់ស្មានរបស់គ.ជ.ប អ្នកដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី នៅឆ្នាំ២០២១ នេះ មានចំនួន ១ ៦៣៥ ៩៩០នាក់។ រីឯអ្នកដែលត្រូវលុបឈ្មោះពីបញ្ជីបោះឆ្នោត មានចំនួន ៨៣ ០៤៣នាក់។
គ.ជ.ប ក៏បានប្រកាសថា ពលរដ្ឋខ្មែរ ដែលមានអាយុ ១៨ឆ្នាំឡើង និងជាអ្នកមានសិទ្ធិបោះឆ្នោត នៅទូទាំងប្រទេស មានចំនួន ១០ ៤៦៧ ៩៦១នាក់។ រីឯចំនួនឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២០ មានចំនួន ៨ ៨៣១ ៩៧១នាក់៕
ចែករំលែកព័តមាននេះ