រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជាកងរាជអាវុធហត្ថម្នាក់បានខឹងនឹងស្រីស្នេហ៍ដែលមានប្រុសថ្មី ក៏ហៅមិត្តភ័ក្ដិមកដល់ ហើយក៏ដកកាំភ្លើងបាញ់ចំនួន២គ្រាប់ផ្អើលអស់ប្រជាពលរដ្ឋ រហូតប្ដឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនយកទៅសួរនាំភ្លាមៗតែម្តង បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះមានឈ្មោះ សាក់ ស្រីពេជ្រ ភេទស្រី អាយុ២១ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ចំណែកបុរសដែលបាញ់២គ្រាប់នោះមានឈ្មោះ សុខ ចាន់អ៊ិន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរអាវុធហត្ថស្នាក់នៅភូមិគ្រឹះមួយកន្លែង ស្ថិតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីស្ត្រីរងគ្រោះបានអោយដឹងថា បុរសជនបង្កត្រូវជាសង្សារចាស់របស់នាង ដែលបានស្រលាញ់គ្នាអស់រយៈពេលជិត៣ឆ្នាំមកហើយ ។ ហើយនៅមុនពេលកើតហេតុ បុរសជាសង្សារចាស់រូបនេះ បាននាំគាត់ទៅហូបអាហារនៅភូមិគ្រឹះមួយកន្លែង ស្ថិតនៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
នារីរងគ្រោះបន្តថា បន្ទាប់ពីហូបអាហាររួចហើយក៏ត្រឡប់មកវិញ ហើយត្រូវបានសង្សារចាស់រូបនេះតាមរករឿងដល់ផ្ទះជួល ដោយសារតែឃើញគាត់មានសង្សារថ្មីបើករថយន្តមួយគ្រឿងមកលេងនៅផ្ទះជួលរបស់គាត់ ធ្វើឲ្យបុរសជាសង្សារចាស់រករឿងហៅអោយគាត់ (នារីរងគ្រោះ) ចេញមកខាងក្រៅ រួចគំរាមបាញ់សម្លា.ប់ ទើបរូបគាត់ និងសង្សារថ្មីភ័យមិនហ៊ានចេញពីខាងក្នុងផ្ទះទេ ស្រាប់តែសង្សារចាស់រូបនេះបានហៅមិត្តភ័ក្ដិ២នាក់ទៀតមកដល់បាញ់២គ្រាប់គំរាមផ្អើលប្រជាពលរដ្ឋ និងសង្សារថ្មីគាត់ភ័យ ក៏បានទៅប្តឹងសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ភ្លាមៗតែម្តង។
ស្ត្រីរងគ្រោះបានបន្តទៀតថា ដោយសារគាត់ទាក់ទងសង្សារថ្មី ព្រោះតែបុរសជាសង្សារចាស់រូបនេះមានគាត់មួយហើយ នៅទៅមានស្រីផ្សេងទៀតរាប់មិនអស់ទៀត ធ្វើអោយរូបគាត់សម្រេចចិត្តសុំបែកគ្នា តែបុរសសង្សារចាស់រូបនេះមិនព្រមទេ ។
តាមប្រភពព័ត៌មានបុរសជាកងរាជអាវុធហត្ថដែលត្រូវជាសង្សារចាស់នារីរងគ្រោះខាងលើនេះ បានអោយដឹងដែរថា នារីរងគ្រោះគឺជាប្រពន្ធរបស់គាត់ ព្រោះគាត់តែងតែផ្គត់ផ្គង់លុយកាក់អស់ជាច្រើនមកហើយ ដោយសារគាត់ស្រលាញ់ទុកជាអនាគត។
បុរសរូបនេះបន្តថា នៅវេលាម៉ោង៤ល្ងាច មុនពេលកើតហេតុ រូបគាត់បាននាំជនរងគ្រោះមកហូបអាហារនៅទីតាំងកន្លែងរបស់គាត់រហូតដល់ពេលយប់ ហើយកំពុងតែរស់នៅជាមួយគ្នាក៏ស្រាប់តែមានគេឆាតហៅមកផ្ទះអោយប្រញាប់។
បុរសរូបនេះបន្តទៀតថា នៅពេលនោះស្ត្រីរងគ្រោះជាសង្សាររបស់គាត់ក៏ត្រឡប់មកផ្ទះជួលភ្លាមៗ រូបគាត់ក៏បានតាមមកដល់បន្ទប់ជួលដែរ ស្រាប់តែឃើញមានរថយន្តមួយគ្រឿងបើកមកឈប់នៅខាងមុខផ្ទះជួលរបស់នាង ។ ពេលគ្រានោះគាត់ក៏បានស្រែកពីខាងក្រៅសួរ នៅពេលនោះជនរងគ្រោះចេញមកជួបគាត់បានបន្តិច រួចក៏ទាញទ្វារបិទធ្វើអោយគាត់ដឹងថា គេមានសង្សារថ្មី ។ បន្ទាប់មក គាត់ក៏បានទាក់ទងទៅហៅមិត្តភ័ក្តិគាត់២នាក់ទៀត ដើម្បីមកកន្លែងកើតហេតុ លុះមិត្តភ័ក្ដិមកដល់ដោយសារតែខឹងជំនួសគាត់ពេក ទើបបានបាញ់ចំនួន២គ្រាប់ រួចក៏គេចខ្លួនបាត់អស់ ចំណែកគាត់វិញរង់ចាំសមត្ថកិច្ចមកដល់ ដើម្បីជួយដោះស្រាយរឿងរបស់គាត់ ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានមកដល់ចំណុចកើតហេតុ ហើយក៏បានធ្វើការសួរនាំ រួចឃាត់បុរសសង្សារចាស់ខាងលើ យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលភ្លាមៗ តែដោយសារបុរសរូបនេះជាកម្លាំងអាវុធហត្ថ ទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍ រង់ចាំប្រគល់អោយអាវុធហត្ថខណ្ឌពោធិ៍សែនជ័យវិញ នៅថ្ងៃស្អែក ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ