រាជធានីភ្នំពេញ ៖ បងប្អូនពលរដ្ឋមានវិជ្ជមានកូវីដ១៩ ចំនួន០៦នាក់ ក្នុងចំណោមអ្នកវិជ្ជមាន១៦នាក់ ត្រូវក្រុមគ្រូពេទ្យ និងអាជ្ញាធរ អនុញ្ញាតអោយនៅព្យាបាលជម្ងឺនៅផ្ទះផ្ទាល់ខ្លួន បន្ទាប់ពីពិនិត្យពីអាការៈសុខភាព និងស្ថានភាពទីតាំងរស់នៅឃើញថា សមស្របនឹងអនុញ្ញាត្តិអោយនៅព្យាបាលក្នុងលំនៅឋានបានដោយមិនចាំបាច់យកទៅព្យាបាលបាលនៅមន្ទីរពេទ្យ ឬទីតាំងដែលអាជ្ញាធរកំណត់យកជាកន្លែងសម្រាប់ព្យាបាលជាដើម ។
ក្រុមអ្នកវិជ្ជមានកូវីដ១៩ខាងលើ ត្រូវបានរកឃើញនៅ៩ទីតាំងផ្សេងៗគ្នា ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ។
លោកដុះ គឹមឈី មន្ត្រីអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ បានប្រាប់អោយដឹងថា ៖ ពេញមួយថ្ងៃ ថ្ងៃទី០៦ កក្កដា អាជ្ញាធរ និងក្រុមគ្រូពេទ្យ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៦នាក់ ក្នុងនោះ ១០នាក់ ត្រូវបានដឹកតាមរថយន្តយកទៅព្យាបាល និង០៦នាក់ ត្រូវអនុញ្ញាត្តិអោយព្យាបាលនៅក្នុងផ្ទះ ។
លោកបន្តថា អ្នកវិជ្ជមាន០៦នាក់ ដែលត្រូវបានអនុញ្ញាតអោយព្យាបាលដោយខ្លួនឯងនៅក្នុងផ្ទះ គឺក្រុមគ្រូពេទ្យបានធ្វើការពិនិត្យលើអាការះសុខភាព ឃើញថាមានសុខភាពមាំទាំល្អ ហើយទីសំណាក់របស់ពួកគេគឺមានលក្ខណះធំទូលាយ មានខ្យល់គ្រប់គ្រាន់ចេញចូល ពិសេសចំនួនសមាជិកក្នុងក្រុមគ្រូសារ មានគ្នាតិច ដូច្នោះហើយទើបក្រុមគ្រូពេទ្យសម្រេចអនុញ្ញាតអោយសម្រាកនៅផ្ទះព្យាបាល ដោយគោរពតាមគោលការណែនាំមួយចំនួន ពិសេសវិធានសុខាភិបាល ។
មន្ត្រីសង្កាត់ដដែលបន្តថា អ្នកវិជ្ជមានទាំង០៦នាក់ ត្រូវបានណែនាំអោយដាក់ខ្លួនអោយនៅដាច់ដោយឡែក ពីសមាជិកក្នុងគ្រួសារ ត្រូវនៅកន្លែងដែលមានខ្យល់ចេញចូល ធ្វើលំហាត់ប្រាណជាប្រចាំ សម្រាក និងញាំទឹកអោយបានច្រើន ហើយពិសេសនោះ បើក្នុងករណីអាការៈសុខភាពមានការធ្វើទុក្ខណាមួយនោះ គឺត្រូវទំនាក់ទំនងទៅកាន់ក្រុមគ្រូពេទ្យ ដើម្បីចុះពិនិត្យតាមដានអាការៈសុខភាពបន្តទៀត ។
ក្នុងនោះដែរ ក្រុមអាជ្ញាធរ ក៏បានចាត់តាំងក្រុមការងារ ដើម្បីទំនាក់ទំនងទូរស័ព្ទជាប្រចាំថ្ងៃជាមួយអ្នកជម្ងឺ ដើម្បីបានដឹងពីអាការៈសុខភាពរបស់គាត់ ថាតើនឹងល្អប្រសើរឡើងវិញ ឬមានការវិវត្តន៍ទៅជាធ្ងន់ធ្ងរជាងពេលមុន ។
សូមបញ្ជាក់ថា ចំពោះទីតាំងដែលត្រូវរកឃើញមានអ្នកវិជ្ជមានកូវីដ១៩ហើយនោះ ក្រុមអាជ្ញាធរ បានសម្រេចធ្វើការឃ្លុំប៉េទីតាំងជាបណ្តោះអាសន្ន ដោយមានព័ទ្ធខ្សែ និងបិទក្រដាសសសេរអក្សរបញ្ជាក់នៅលើខ្សែ ថាទីតាំងមានអ្នកជម្ងឺកូវី១៩ ដើម្បីជាការងាយអោយមជ្ឈដ្ឋានខាងក្រៅ និងពលរដ្ឋទូទៅបានដឹងថា ទីតាំងទាំងនោះជាទីតាំងមានហានិភ័យអំពីជម្ងឺកូវីដ ។
ក្នុងនោះដែរ សមាជិកដែលនៅក្នុងទីតាំង គឺត្រូវតម្រូវអោយធ្វើចត្តាឡីស័ក្ត១៤ថ្ងៃទាំងអស់គ្នា ទាំងទីតាំងដែលបានយកអ្នកជម្ងឺចេញ និងទីតាំងដែលអនុញ្ញាត្តិអោយអ្នកជម្ងឺនៅព្យាបាលក្នុងទីសំណាក់ ជាដើម ។
គួរបញ្ជាក់ថា ចំពោះការអនុញ្ញាត្តិអោយអ្នកជម្ងឺសម្រាកព្យបាលនៅផ្ទះដោយខ្លួនឯងនោះ គឺពុំមែនជាការអនុញ្ញាត្តិអោយឯកឯងពីសំណាក់ក្រុមគ្រូពេទ្យឡើយ គឺដោយមានការស្នើរសុំពីអ្នកជម្ងឺ ហើយបន្ទាប់ពីមានការស្នើរសុំរួច ក្រុមគណៈកម្មាការ មានគ្រូពេទ្យ និងអាជ្ញាធរតំបន់ នឹងពិនិត្យ ធ្វើការវាយតម្លៃលើអាការៈអ្នកជម្ងឺ ទីតាំងសំណាក់ដែលកំពុងរស់នៅ បូករួមជាមួយចំនួនសមាជិកក្នុងគ្រួសារជាដើម មុនឈានដល់ការអនុញ្ញាត្តិអោយសម្រាកព្យាបាលនៅផ្ទះដោយខ្លួនឯង ។ ហើយវិធាន នៃការព្យាបាល និងការពារ គឺដូចបានរៀបរ៉ាប់នៅខាងលើ ៕
សូមបញ្ជាក់ ៖ មន្ត្រីអាជ្ញាធរសង្កាត់ អោយដឹងថា គិតចាប់តាំងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកត្រឹមហ្នឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ១ មានអ្នកឆ្លងជម្ងឺកូវីដ១៩ សរុប៨៥៣នាក់ ស្មើរនឹង ២៧១ទីតាំង ។ ក្នុងនោះ អ្នកជម្ងឺជាសះស្បើយ សរុប ៧០៦នាក់ និង ១៦នាក់បានស្លា.ប់ ៕
ចែករំលែកព័តមាននេះ