ខេត្តបាត់ដំបង ៖ យោងតាមលោកសុខ គឹមខុន អភិបាលស្រុកកំរៀងបានបញ្ជាក់ថា ក្នុងរយៈពេល២ថ្ងៃប៉ុណ្ណោះ ក្រុមការងារឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានយកសំណាកធ្វើតេស្តអ្នកពាក់ព័ន្ធ បានរកឃើញថ្មីករណីឆ្លងវីរូសកូវីដ-១៩ ចំនួនជាង៦០នាក់ ក្នុងនោះ មានពលករមកពីប្រទេសថៃចំនួន២នាក់ ក្រៅពីនេះ គឺជាប្រជាពលរដ្ឋដែលមកពីតំបន់ផ្ទុះជំងឺកូវីដ-១៩ នៅក្នុងកាស៊ីណូច្រកទ្វារអន្តរជាតិព្រំដែននៃខេត្តប៉ៃលិន ដែលរហូតមកដល់ពេលនេះសម្រាប់អ្នកប៉ះពាល់ដោយផ្ទាល់ត្រូវបានមន្ត្រីសុខាភិបាលយកសំណាក និងនាំទៅធ្វើចត្តាឡីស័កដែលបានរៀបចំរួចរាល់ ខណៈអ្នកប៉ះពាល់ប្រយោលត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះ ។
នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរក្នុងខេត្តបាត់ដំបង បានចុះពិនិត្យមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ តាមបណ្ដាស្រុកជាប់ព្រំដែនកម្ពុជា-ថៃ ដែលដឹកនាំដោយលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដឹកនាំគណៈប្រតិភូអមដំណើររួមមាន លោកអភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ចុះពិនិត្យស្ថានភាពតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ព្រមទាំងសួរសុខទុក្ខក្រុមគ្រូពេទ្យជួរមុខ ដែលប្រចាំការនៅតាមបណ្ដាស្រុកជាប់ព្រំដែនកម្ពុជា- ថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានឧបត្ថម្ភថវិកាចំនួន២លានរៀល ដល់ក្រុមគ្រូពេទ្យជួរមុខមន្ទីរពេទ្យបង្អែកសំពៅលូន និងចំនួន២លានរៀលទៀត ដល់ក្រុមគ្រូពេទ្យជួរមុខដែលប្រចាំការនៅមណ្ឌលសុខភាពត្រាង ស្រុកកំរៀង ព្រមទាំងអង្ករចំនួន២តោន ជូនដល់រដ្ឋបាលស្រុកកំរៀង សម្រាប់បែងចែកទៅតាមមណ្ឌល ហើយក៏បានឧបត្ថម្ភថវិកាចំនួន ១លានរៀលទៀត ដល់មណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅស្រុករតនមណ្ឌល ។ ឆ្លៀតក្នុងឱកាសនោះ លោក ងួន រតនៈ ក៏បានបន្តចុះត្រួតពិនិត្យមើលស្ថានភាពការបិទខ្ទប់ផ្ទះប្រជាពលរដ្ឋដែលប៉ះពាល់ដោយផ្ទាល់ ឬប្រយោលពីសំណាក់អ្នកវិជ្ជមានកូវីដ-១៩ ផងដែរ ។
លោក ងួន រតនៈ បានបញ្ជាក់ថា ខណៈការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ កាន់តែច្រើននៅក្នុងខេត្ត ដូច្នេះអាជ្ញាធរតាមបណ្ដាស្រុកជាប់ប្រទល់ នឹងខេត្តជិតខាង និងជាប់ព្រំដែនប្រទេសថៃ ត្រូវបន្តរឹតបន្តឹងការត្រួតពិនិត្យសុខភាព និងការយកសំណាកឱ្យត្រឹមត្រូវច្បាស់ លាស់ ហើយមិនត្រូវឱ្យពលករ ឬអ្នកមានការសង្ស័យគេចផុតពីការធ្វើចត្តាឡីស័កឡើយ។ លោកអភិបាលខេត្ត បានជំរុញឱ្យមានកិច្ចសហការគ្នាឱ្យបានល្អ ដើម្បីស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលផ្សេងៗទៀត ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក ក្នុងការទប់ស្កាត់ការឆ្លងរាលដាលទៅក្នុងសហគមន៍បន្តទៀត។
ក្នុងនោះ ក៏ត្រូវយកចិត្តទុកដាក់ផ្គត់ផ្គងនូវគ្រឿងឧភោគបរិភោគផ្សេងៗដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ក្នុងពេលដែលមានទីលំនៅកំពុងធ្វើការបិទខ្ទប់ឱ្យបានគ្រប់គ្រាន់ និង ធ្វើការអប់រំពន្យល់ពួកគាត់ ចូលរួមឱ្យបានខ្ជាប់ខ្ជួននូវការធ្វើចត្តាឡីស័ក និងអនុវត្តន៍នូវវិធានការសុខាភិបាល ។
ចែករំលែកព័តមាននេះ