រាជធានីភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានស្នើឱ្យក្រសួងពាក់ព័ន្ធទាំងអស់ជួយរែកពន្ធជាមួយអាជ្ញាធររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសនៅតាមរោងចក្រ សហគ្រាសនានានៅក្នុងរាជធានីភ្នំពេញ ខណៈដែលនៅតាមរោងចក្រ សហគ្រាសមួយចំនួនបាន និងកំពុងរីករាលដាលជំងឺនេះមិនឈប់ឈរសោះ។ ការស្នើបែបនេះរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងនាល្ងាចថ្ងៃទី២៦ ឧសភានេះ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video Conference) ជាមួយក្រសួងសុខាភិបាល ,ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាគមន៍រោងចក្រកាត់ដេរដេរនៅកម្ពុជា (GMAC) និងអាជ្ញាធរខណ្ឌមួយចំនួនដែលមានរោងចក្រឆ្លងជំងឺកូវីដ-១៩។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការបើកឱ្យមានកិច្ចប្រជុំជាមួយក្រសួងសុខាភិបាល ,ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាគមន៍រោងចក្រកាត់ដេរដេរ នៅកម្ពុជា (GMAC)នេះ គឺក្នុងបំណងឱ្យក្រសួងពាក់ព័ន្ធទាំងអស់ចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងរោងចក្រ សហគ្រាសនានានៅក្នុងរាជធានីភ្នំពេញ។ លោកបញ្ជាក់ថា៖ ពាក់ព័ន្ធនឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញ បានប្រឹងប្រែងរែកពុនខ្លាំងណាស់។
ដូច្នេះលោកអភិបាលចង់ឱ្យក្រសួងពាក់ព័ន្ធជួយរែកពុន តាមរយៈការបង្កើតឲ្យមានយន្តការរួមមួយ ដើម្បីយើងបានធ្វើការជាមួយគ្នាដោយការទទួលខុសត្រូវ ក្នុងការលុបបំបាត់ ឬកាត់ផ្តាច់ឱ្យបានជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។ លោក ឃួង ស្រេង បន្តទៀតថា ៖កន្លងមកនេះ ពេលដែលរាជធានីភ្នំពេញត្រូវបានបិទខ្ទប់ រោងចក្រ សហគ្រាស ក៏បានបិទផងដែរ។ ក្រោយមកនៅពេលដែល បើកឱ្យដំណើរការឡើងវិញ រោងចក្របានឱ្យកម្មករចូលធ្វើការងារវិញ១០០ភាគរយ ខុសពីសេចក្តីណែនាំដែលចុះហត្ថលេខារួមដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងការងារ។
ដោយក្នុងសេចក្តីណែនាំ ពាក់ព័ន្ធនឹងការទប់ស្កាត់កូវីដ-១៩នេះ កម្មករតែ៥០ភាគរយប៉ុណ្ណោះ ដែលអាចចូលធ្វើការវិញបាន តាមរយៈការប្តូរវេនគ្នា។ តែមិនដូច្នោះទេ ខាងរោងចក្របានអនុញ្ញាតឲ្យកម្មករចូលធ្វើការវិញរហូត១០០ភាគរយដែលធ្វើឱ្យមានហានិភ័យខ្ពស់នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលជាកង្វល់ដ៏ធំមួយរបស់រាជរដ្ឋាភិបាល។ លោកបញ្ជាក់ទៀតថា៖ ដូច្នេះហើយទើបរដ្ឋបាលរាជធានីភ្នំពេញ បង្កើតឱ្យមានកិច្ចប្រជុំពិភាក្សានេះឡើង ក្នុងបំណងបង្កើតឱ្យមានយន្តការរួមមួយ ដើម្បីចេញសេចក្តីណែនាំរួម នាំគ្នាអនុវត្តឈានទៅកាត់ផ្តាច់ឱ្យបានជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ៕ ដោយ ៖ ចន ណារិទ្ធ
ចែករំលែកព័តមាននេះ