ខេត្តក្រចេះ ៖ រថយន្តដឹកគ្រឿងសង្ហារឹមបង្កប់ឈើប្រណីតចំនួន២គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើសម្រេច រឹបអូសយកទៅរក្សាទុកនៅថ្នាលបណ្ដុះកូនឈើខ្សា ស្ថិតនៅក្នុងស្រុកចិត្របុរីជាបណ្ដោះអាសន្ន បន្ទាប់ពីមានការបង្ក្រាបនិងអូសបន្លាយពេលអស់ជាច្រើនម៉ោង ។ រថយន្តសាំយ៉ុងចំនួនពីរគ្រឿងនេះ គឺត្រូវបានកម្លាំងប៉ូលិសសេដ្ឋកិច្ចប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានធ្វើការឃាត់ចាប់បាននៅចំណុចព្រៃច្រោក ស្ថិតក្នុងឃុំបុសលាវស្រុកចិត្របុរី ខេត្ត ក្រចេះកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ។
តែយ៉ាងណាជុំវិញការបង្ក្រាបរថយន្តទាំង២គ្រឿងនេះ ត្រូវបានគេសង្កេតឃើញថា មានការអូសបន្លាយពេលជាច្រើនម៉ោង តាំងពីម៉ោង៦ រហូតដល់ម៉ោង១២ថ្ងៃត្រង់ទើបមន្ត្រីជំនាញរដ្ឋបាលព្រៃឈើសម្រេចរឹបអូសយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
គួរបញ្ជាក់ថា រថយន្តសាំយ៉ុងទាំងពីរគ្រឿងបានដឹកគ្រឿងសង្ហារឹមមានផ្ទុកឈើប្រណីតខាងក្រោមធ្វើដំណើរពីខេត្តស្ទឹងត្រែងមកដល់ពាក់កណ្ដាលផ្លូវខូចរថយន្តមួយគ្រឿង ក៏ត្រូវអស់សណ្ដោងគ្នាទៅដល់ចំណុចខាងលើ ក៏ត្រូវបានកម្លាំងប៉ូលិសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត ក្រចេះចាប់ឃាត់បាននៅចំណុចទីតាំងខាងលើ និងប្រគល់ឱ្យទៅមន្ត្រីជំនាញរដ្ឋបាលព្រៃឈើដើម្បីយកទៅរក្សាទុក ។
តាមប្រភពព័ត៌មានបានដឹងថា ក្រុមរថយន្តសាំយ៉ុងប្រមាណជា១០គ្រឿង ដែលតែងតែធ្វើសកម្មភាពដឹក គ្រឿងសង្ហារឹម មកពីខេត្តស្ទឹងត្រែងជារៀងរាល់យប់ ហើយក្រុមនេះតែងតែធ្វើ សកម្មភាពបើកវ៉ាជែងប្រដេញគ្នាពេញផ្លូវក្នុងល្បឿនលឿន ដែលធ្វើឲ្យមានកាផិតភ័យ ទៅដល់អ្នកដែលធ្វើដំណើរតាមដងផ្លូវ ទើបតែថ្ងៃនេះអស់ល័ក្ខត្រូវបានជាប់អន្ទាក់សមត្ថកិច្ច ដោយសាររថយន្តមួយគ្រឿងបានខូច អូសសណ្ដោងគ្នា ។
ជុំវិញការបង្ក្រាបរថយន្តដឹកឈើទាំង២គ្រឿងនេះ គេនៅពុំទាន់ដឹងថា មានបង្កប់ឈើចំនួនប៉ុន្មាននៅឡើយទេដោយរងចាំមន្ត្រីជំនាញរដ្ឋបាលព្រៃឈើធ្វើការវាស់វែងនិងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ។ ដោយ៖ ប៊ុន លីនណា
ចែករំលែកព័តមាននេះ