រាជធានីភ្នំពេញ ៖ ទោះបីជាអាជ្ញាធរពាក់ព័ន្ធបានកំពុងទប់ស្កាត់មិនឲ្យទំនិញពិសេសស្បៀងអាហារឡើងថ្លៃនៅពេលពលរដ្ឋកំពុងលំបាកដោយសារការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ នាពេលនេះក្តី តែពលរដ្ឋបានត្អូញត្អែរពីទំនិញឡើងថ្លៃមិនឈប់ ពិសេសអាហារ ដែលជាស្បៀងសំខាន់ប្រចំាថ្ងៃនោះ ។
អ្នកស្រី ចន្ទនី ពលរដ្ឋម្នាក់រស់នៅភ្នំពេញ និយាយថា ទំនិញបានឡើងថ្លៃគ្រប់មុខ ឡើងពីពីរទៅបីដង ពីតម្លៃធម្មតា ។ អ្នកស្រីបញ្ជាក់ថា ទំនិញឡើងថ្លៃបែបនេះ ការស្វែងរកទិញបន្លែ ត្រី សាច់ និងផ្លែឈើនៅក្នុងតំបន់គាត់រស់នៅក្នុងសង្កាត់ចោមចៅនោះ មានការលំបាកទៀតផង ។ ស្រី្តមេផ្ទះរូបនេះបានឲ្យដឹងថា បន្លែ និងត្រី សាច់ ទំាងអស់បានឡើងថ្លៃ ដូចជាក្តាមសមុទ្រដែលពីមុនមានតម្លៃប្រមាណ ៤ម៉ឺនរៀលក្នុងមួយគីឡូក្រាមពេលនេះថ្លៃ ៧ម៉ឺន រៀល ផ្លែទំពាំងបាយជូ ពីមុនមួយគីឡូក្រាមថ្លៃ ៧ដុល្លារពេលនេះបានឡើងដល់ ១៥ដុល្លារ ហើយសាច់ជ្រូកមិនមែនជាសាច់សុទ្ធ តែជាសាច់បីជាន់ ថ្លៃ ៣ម៉ឺនរៀលនៅក្នុងមួយគីឡូក្រាម ។ ក្រៅពីការឡើងថ្លៃអ្នកស្រីបញ្ជាក់ថា ស្បៀង និងអាហារពិបាករកទិញណាស់ ដោយសារផ្សារនៅក្នុងសហគមន៍របស់គាត់តូច បើទៅមិនទាន់ទេគ្មានទំនិញអាចទិញបានឡើយ ។ ជាទូទៅអ្នកស្រីបានកុម្ម៉ងទិញបានអនឡាញ ប៉ុន្តែពេលខ្លះអ្នកដឹកទំនិញមិនអាចយកទំនិញដល់ផ្ទះអ្នកស្រីបានទេ ដោយសារអាជ្ញាធរមិនអនុញ្ញាត ។
រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នឹងធ្វើការបិទខ្ទប់រយៈពេល ១៤ថ្ងៃចាប់ពីថ្ងៃទី ១៥មេសាមក ការឡើងថ្លៃទំនិញបានកើតមានតំាងពីព្រលប់ថ្ងៃទី ១៤ មេសាមកម្លេះ នៅពេលមានការបែកធ្លាយសារជាសំឡេងរបស់សម្តេចនាយករដ្ឋមន្ត្រី ពីផែនការបិទខ្ទប់ទីក្រុងពីររបស់កម្ពុជាខាងលើ នៅក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩ នោះ ។ ភ្លាមៗក្រោយពីបាន ឮសារជាសំឡេងនោះពលរដ្ឋបានសម្រុកចេញពីផ្ទះទៅទិញស្បៀងអាហារតាមផ្សារដោយមិនបានគិតដល់ហានិភ័យពីការឆ្លងកូវីដ ១៩ នៅពេលមានមនុស្សច្រើននោះឡើយ ។ នៅពេលពលរដ្ឋសម្រុកទិញស្បៀងទុក ឈ្មួញឱកាសនិយមបានធ្វើការដំឡើងថ្លៃទំនិញភ្លាម ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអះអាងថា នឹងចាត់វិធានការចំពោះឈ្មួញដែលបានឡើងថ្លៃទំនិញនាពេលពលរដ្ឋជួបការលំបាកនេះ ។ អ្នកដែលបានឡើងថ្លៃទំនិញ លោកអភិបាលរាជធានីភ្នំពេញថា នឹងទទួលរងពិន័យរដ្ឋបាល និងអាចប៉ះពាល់ដល់ការធ្វើអាជីវកម្មនាពេលអនាគតទៀត ។ លោកថា ឈ្មួញដែលបានដំឡើងថ្លៃទំនិញនាពេលពេលរដ្ឋលំបាកនេះជាឈ្មួញទុច្ចរិត ។
ក្រសួងពាណិជ្ជកម្មបានកំពុងធ្វើសកម្មភាពទប់ស្កាត់ការឡើងថ្លៃទំនិញនាពេលនេះដែល នៅក្នងនោះមន្ត្រីរបស់ក្រសួងនេះ បានចុះតាមផ្សារ និងបានស្នើឲ្យអាជីវករកំណត់តម្លៃទំនិញឲ្យបានច្បាស់នៅពេលដាក់លក់ឲ្យពលរដ្ឋ ។ ដោយឡែកនៅព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ នេះ លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម បានបើកកិច្ចប្រជុំអនឡាញតាមប្រព័ន្ធ ZOOM ជាមួយតំណាងបណ្ដាផ្សារទំនើបនានា ដើម្បីជួយសម្របសម្រួលរកដំណោះស្រាយ និងស្វែងយល់បន្ថែមពីផលវិបាកក្នុងការធ្វើអាជីវកម្មក្នុងកំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ។
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានស្នើដល់ម្ចាស់ផ្សារទំនើបទាំងអស់ ចូលរួមសហការជាមួយក្រសួង ក្នុងការដាក់លក់ទំនិញរបស់ខ្លួនក្នុងវេបសាយរបស់ក្រសួងពាណិជ្ជកម្ម ឬសហការ ដឹកជញ្ជូនទំនិញជូនប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ និងតំបន់ក្រហម ។ ជាមួយគ្នានោះ លោក ស៊ាង ថៃ បានថ្លែងអំណរគុណ និងកោតសរសើរដល់ម្ចាស់ផ្សារទំនើបទាំងអស់ដែលកន្លងមកបានរក្សារស្ថេរភាពថ្លៃទំនិញបានល្អ ទោះបីស្ថិតក្នុងគ្រាលំបាកយ៉ាងណាក៏ដោយ ។ ចំណែកភាគីតំណាងផ្សារទំនើបបានសំណូមពរដល់ក្រសួងពាណិជ្ជកម្ម ក្នុងការជួយសម្របសម្រួលចំពោះបញ្ហាធំៗមួយចំនួន ដែលខ្លួនកំពុងតែប្រឈមមុខ ក្នុងនោះរួមមាន ការធ្វើដំណើររបស់បុគ្គលិកទៅមកដើម្បីបំពេញការងារ ការលំបាកក្នុងការដឹកជញ្ជូនទំនិញធ្លងពីខេត្តចូលមករាជធានីភ្នំពេញ និងការនាំចូលទំនិញពីក្រៅប្រទេស ដើម្បីផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុកផងដែរ ។
លោក យ៉ង សំាងកុមារ អតីតប្រធានអង្គការសេដាក ដែលជំរុញវិស័យកសិកម្មបានលើកឡើងថា សូមគិតរឿងស្បៀងផងទើបការបិទខ្ទប់បានជោគ ជ័យ ។ លោកថា វិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅហាក់ដូចជាមិនបានផ្សាភ្ជាប់ឲ្យបានល្អប្រសើរជាមួយវិធានការផ្គត់ផ្គង់ និងបែងចែកស្បៀងនោះទេ ។ បើតាមលោក យ៉ង សំាងកុមារ អ្នកដឹកស្បៀងចូលទីក្រុងមានបញ្ហាទាក់ទងលិខិតស្នាមរដ្ឋបាល អ្នកដឹកស្បៀងទៅផ្គត់ផ្គង់តាមផ្ទះមានបញ្ហាលិខិតស្នាមរដ្ឋបាល ហើយអ្នកធ្វើការកន្លែងផលិត កែច្នៃ វិចខ្ចប់ លក់ដូរស្បៀងមានបញ្ហាលិខិតស្នាមរដ្ឋបាល ៕
ចែករំលែកព័តមាននេះ