រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងកេងកង២ ធ្វើការឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីជនសង្ស័យទាំងនោះបានជិះម៉ូតូកង់បីដើរលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋតាមផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ទល់មុខសាលាបឋមសិក្សា អង្គអេង ផ្លូវ២៩២ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង ។
ជនសង្ស័យទាំង៣នាក់ខាងលើ សមត្ថកិច្ចមិនទាន់អោយស្គាល់អត្តសញ្ញាណនៅឡើយទេ ព្រមទាំងបានដកហូតម៉ូតូកង់បីឥណ្ឌា ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1HC 4151 ដែលជារបស់ជនសង្ស័យផងដែរ។ ដោយឡែកជនរងគ្រោះជាម្ចាស់ផ្ទះ គឺជាបុរសជនជាតិចិន ក៏មិនបានអោយស្គាល់អត្តសញ្ញាណដូចគ្នាដែរ ។
បើតាមប្រភពពីបុរសម្នាក់ដែលឃើញហេតុការណ៍ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ហើយមានបុរសជនសង្ស័យម្នាក់បានចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ ខណៈផ្ទះជនរងគ្រោះចំហរទ្វារ ។ ហើយពេលនោះ រូបគាត់ក៏មានការសង្ស័យ ព្រោះថាមានជនសង្ស័យនៅខាងក្រៅចំនួន២នាក់បន្ថែមទៀត ទើបរូបគាត់ដើរទៅជិត ក៏ស្រាប់តែជនសង្ស័យម្នាក់បានរត់ចេញពីក្នុងផ្ទះ ហើយនាំគ្នាជិះម៉ូតូយ៉ាងប្រញាប់ប្រញាល់តែម្តង។
បុរសខាងលើបន្តថា ដោយឃើញដូចនេះ ពួកគាត់ក៏បានស្រែកថា «ចោរៗ» និងជិះម៉ូតូដេញតាម រហូតជួបនឹងកម្លាំងសមត្ថកិច្ចមូលដ្ឋានដែលកំពុងតែយាមតំបន់ធ្វើចត្តាឡីស័ក ក៏បានបោះដៃតាមវិទ្យុទាក់ទង រហូតមកដល់ផ្លូវ១៤៣ សង្កាត់បឹងកេងកង៣ ទើបឃាត់ខ្លួនជនសង្ស័យទាំងនោះបាន រួចនាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលបឹងកេងកង២ តែជនសង្ស័យបានបដិសេធថា មិនបានចូលលួចទេ តែក្រុមពួកគេត្រូវបានគេដេញវាយតែប៉ុណ្ណោះ ។
ពាក់ព័ន្ធក្នុងករណីខាងលើនេះ លុះបន្តិចក្រោយ ជនរងគ្រោះក៏បានយកកាមេរ៉ាសុវត្ថិភាពមកបង្ហាញសមត្ថកិច្ច ឃើញថា ជនសង្ស័យទាំងនោះ បានចូលបំរុងលួចធុងហ្គាស ទើបក្រុមជនសង្ស័យទាំងនោះព្រមសារភាពពីកំហុស ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលបឹងកេងកង២ ចំណែកជនសង្ស័យក៏ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីចាត់ការតាមតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ