រាជធានីភ្នំពេញ ៖ នៅពេលពលរដ្ឋកំពុងប្រឈមនិងជីវភាព ការរកប្រាក់ចំណូលជួបការលំបាកដោយសារវិបត្តិកូវីដ ១៩ នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ រួមជាមួយធនាគារជាតិកម្ពុជា នៅថ្ងៃទី ២២មីនានេះ បានស្នើរួមគ្នាទៅអ្នកវិនិយោគទុនក្នុងវិស័យអចលនទ្រព្យ លក់ផ្ទះបង់រំលស់ដល់ពលរដ្ឋ មានការយោគយល់ចំពោះការបង់ប្រាក់យឺតយាវ និងមិនគួរមានការផាកពិន័យចំពោះពលរដ្ឋនោះឡើយ និងតជាពិសេសត្រូវពិនិត្យមើលលទ្ធភាពផ្សេងៗនៅក្នុងការបន្ធូរបន្ថយលក្ខណ្ឌបង់ប្រាក់ ជាដើម ។
មែនទែនទៅស្ថាប័នហិរញ្ញវត្ថុរបស់កម្ពុជាទំាងពីរ បានស្នើ ៤ចំណុចដល់អ្នកវិនិយោគវិស័យអចលនទ្រព្យ អនុគ្រោះចំពោះពលរដ្ឋ នៅក្នុងនោះទីមួយ គឺស្នើឲ្យពិនិត្យលទ្ធភាពបន្ធូរបន្ថយលក្ខណ្ឌបង់រំលស់ទៅតាមស្ថានភាពជាក់ស្តែងរបស់អតិថជន ។ ទី ២ លើកលែងការផាកពិន័យចំពោះអ្នកទិញអចលនវត្ថុក្នុងបុរីនិងអគារសហកម្មសិទ្ធិនានា ក្នុងករណីដែលអ្នកទិញយឺតយាវមិនបានបង់ប្រាក់តាមការកំណត់ ។ ចំណុចទី ៣ មិនត្រូវមានបន្ទុកការប្រាក់ ឬជាប់ការពិន័យបន្ថែមចំពោះការយឺតយាវក្នុងការបង់ប្រាក់រំលស់ និងចំណុចទី ៤ ដាក់ចេញនូវគោលនយោបាយគំាពារនានាដល់អតិជនរបស់ខ្លួនលើការបង់រំលស់អចលនទ្រព្យក្នុងបុរី និងអគារសហកម្មសិទ្ធិនានា ។
សំណើរទំាងបួនចំណុចខាងលើបានធ្វើឡើងនៅក្រោយពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារជាតិកម្ពុជា បានជួបប្រជុំគ្នាតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី ២២មីនានេះដើម្បីដោះស្រាយបញ្ហាក្នុងវិស័យអចលនទ្រព្យក្នុងបុរី និងអគារសហកម្មសិទ្ធិនានា ។ ស្ថាប័នហិរញ្ញវត្ថុរបស់កម្ពុជា ថាការយោគយល់ពីអ្នកវិនិយោគជាការមិនដាក់សម្ពាធហិរញ្ញវត្ថុដល់ពលរដ្ឋក្នុងគ្រាលំបាកនេះ និងត្រូវ អនុវត្តវិធានការទំាងនេះឲ្យមានប្រសិទ្ធភាព រហូតដល់ដំណាច់ខែមីនា ឆ្នាំ ២០២២ ៕
ចែករំលែកព័តមាននេះ