ខេត្តកំពង់ឆ្នាំង ៖ កសិករមួយគ្រួសារ រស់នៅភូមិជំទាវជ្រែង ឃុំគ្រាំងល្វា ស្រុកសាមគ្គីមានជ័យ ឆ្លៀតពេលពីការងារស្រែចំការ បន្ថែមមុខរបរឡើងត្នោតរំងាស់ស្ករ ដើម្បីដោះស្រាយជីវភាព ។ ប៉ុន្តែគ្រួសារនេះបានត្អូញត្អែថា ៖ តម្លៃស្ករត្នោតថោកពេកមិនសមកម្លាំងពលកម្ម និងការប្រថុយនឹងគ្រោះថ្នាក់ព្រឹកល្ងាចនោះឡើយ ។
លោក ចិន រិន អាយុ៥២ឆ្នាំ បានរៀបរាប់ថា ៖ បច្ចុប្បន្ននៅក្នុងភូមិជំទាវជ្រែងនេះមិនសូវមានអ្នកប្រកបរបរឡើងត្នោតរងាស់យកស្ករឡើយ ដោយសារមុខរបរឡើងត្នោតនេះប្រថុយ និងគ្រោះថ្នាក់គ្រប់ពេលវេលា បើយើងប្រហែលតែបន្តិច ។ ប៉ុន្តែដោយសារតែគ្រួសារគាត់ជាកសិករក្រីក្រ គ្មានមុខរបរអ្វីក្រៅពីស្រែចំការ គឺឡើងត្នោត ។
មុខរបរឡើងត្នោតនេះក្នុងមួយឆ្នាំធ្វើបានតែ៤-៥ខែតែប៉ុណ្ណោះ ដោយចាប់ចងបង្អោងត្នោត និងគៀបយកទឹក ក្នុងអំឡុងខែវិច្ឆិកា ឬខែធ្នូ ហើយបញ្ចប់ទៅវិញនៅក្នុងអំឡុងខែមេសា ពេលរដូវភ្លៀងធ្លាក់ គឺឈប់ឡើងត្នោតហើយ ព្រោះត្នោតអស់ផ្កាផង និងខែភ្លៀងរអិលផលមិនអាចឡើងបានទេ ។
បច្ចុប្បន្នគាត់ឡើងត្នោតត្រង់យកទឹកចំនួន២០ដើម និងយកមករំងាស់ចេញជាស្ករបាន១២គីឡូក្រាមក្នុង១ថ្ងៃ ដោយពេលព្រឹកបាន៦គីឡូក្រាម ល្ងាច៦គីឡូក្រាមដូចគ្នា ។
ចំណែកស្ត្រីឈ្មោះ ហ៊ឹម ចាន់ថន អាយុ៤៥ឆ្នាំ ជាភរិយាវិញបានលើកឡើងថា មុខរបរឡើងត្នោតពិតជាមានហានិភ័យខ្ពស់ណាស់ ដោយត្រូវមានការប្រុងប្រយ័ត្នជាប្រចាំក្នុងពេលឡើងចិតផ្កាត្នោត និងដោះទឹកត្នោតទាំងពេលព្រឹកនឹងពេលល្ងាច ។ ប្តីគាត់ឡើងដើមត្នោត២០ដើម ដូច្នេះ១ថ្ងៃត្រូវឡើង៤០ដង ហើយមិនអាចខានឡើង១ពេលណាឡើយ បើហ៊ានចោលមួយពេលផ្កាត្នោតនឹងខូចឈប់ចេញទឹក ម្លោះហើយទោះរវល់ ឬឈឺជាយ៉ាងណាត្រូវតែឡើងចិតផ្កាជាប្រចាំ គឺជួបការលំបាកណាស់ ។
គ្រួសារគាត់ចាប់យកមុខរបរឡើងត្នោតបន្ថែមលើការងារស្រែចំការអស់រយៈពេល៣ឆ្នាំមកហើយ ។ ស្ត្រីរូបនោះបញ្ជាក់ថា ៖ ចំពោះតម្លៃស្ករត្នោតវិញ បើបោះដុំឱ្យម៉ូយបាន៤ពាន់រៀល តែបើលក់រាយបាន៥ពាន់រៀលក្នុង១គីឡូក្រាម គឺមិនសមនឹងកម្លាំងពលកម្ម នឹងការផ្សងនឹងគ្រោះថ្នាក់ឡើយ ។
ជាចុងក្រោយ គាត់ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ សូមគាំទ្រស្ករត្នោតគាត់ផងព្រោះជាស្ករត្នោតសុទ្ឋល្អ និងគ្មានជាតិគីមីឡើយ ។
គួររំឮកដែរថា ៖ មិនមែនតែអ្នកឡើងត្នោតរំងាស់ស្ករ នៅភូមិជំទាវជ្រែងនោះតែ ដែលត្អូញត្អែពីតម្លៃស្កថោក គឺគ្រប់អ្នកឡើងត្នោតទាំងអស់សុទ្ឋតែជួបនៅក្តីកង្វល់តម្លៃស្ករត្នោតនេះថោកគ្រប់ៗគ្នា ព្រោះបច្ចុប្បន្នលើទីផ្សារ មានស្ករស, ស្ករអំពៅ, និងលើសពីនេះក៏មានស្ករត្នោតក្លែងក្លាយ ដែលជារើយៗ គេឃើញមានសមត្ថកិច្ច និងមន្ត្រីជំនាញចុះបង្ក្រាបជាញឹកញាប់ផងដែរ ៕
ចែករំលែកព័តមាននេះ