ភ្នំពេញ៖ ការផ្ទុះសហគមន៍លើកទីបីនៃការឆ្លងមេរោគកូវីដ១៩ មានសភាពធ្ងន់ធ្ងរ និង សាហាវជាងមុន ដោយសារតែមានកំណើនខ្លាំងនៃអ្នកឆ្លងកូវីដ១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ វាបង្កអោយមានការព្រួយបារម្ភខ្លាំង ក្នុងចំណោមប្រជាជនកម្ពុជា ហើយរដ្ឋាភិបាល កំពុងតែប្រឹងអស់លទ្ធភាព ដើម្បីទប់ទល់នឹងការរាតត្បាតនៃជំងឺនេះ។
រហូតដល់ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈ ត្រូវបាន ក្រសួងសុខាភិបាល ប្រកាសថា មានអ្នកឆ្លងកើនដល់ ៧៦នាក់។ ក្នុងនោះ មានខ្មែរ ១០នាក់ ចិន ៦៤នាក់ វៀតណាមម្នាក់ និងកូរ៉េម្នាក់។
កាលថ្ងៃទី២១ ខែកុម្ភៈ ក្រសួងអប់រំ បានសម្រេចបិទសាលារៀនយ៉ាងហោចណាស់ ៧សាលា រួមមាន៖ ១-សាលាឯកជន SIS នៅជិតផ្សារដើមគ ២-វិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញថ្មី ៣-អនុវិទ្យាល័យឫស្សីជ្រោយ ស្រុកស្អាង ៤-សាលាបឋមសិក្សាហ៊ុនសែនឫស្សីជ្រោយ ស្រុកស្អាង ខេត្តកណ្ដាល ៥-អនុវិទ្យាល័យឫស្សីស្រុក ស្រុកកៀនស្វាយ ខេត្តកណ្តាល ៦-សាលាបឋមសិក្សាកូលាបទី១ និង៧-សាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ រាជធានីភ្នំពេញ។
នៅថ្ងៃទី២២កុម្ភៈ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានប្រកាសសម្រេចផ្អាកការជួបជុំ និងសកម្មភាពកីឡា ដែលមានអ្នកចូលរួមលើសពី ២០នាក់។ ការធ្វើតេស្ត យកសំណាកទៅពិនិត្យរកមេរោគកូវីដ១៩ ក៏ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ នៅមណ្ឌលសុខភាពចាក់អង្រែ តាមផ្លូវជាតិលេខ២ និងនៅតាមសាលារៀន ដែលបានផ្អាកការសិក្សាបណ្តោះអាសន្ន ដោយសារតែមានឪពុកម្តាយអាណាព្យាបាលឆ្លងកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ការធ្វើតេស្ត ក៏ត្រូវបានធ្វើឡើងលើអ្នកពាក់ព័ន្ធនៅស្រុកល្វាឯម ខេត្តកណ្តាល ផងដែរ នៅថ្ងៃទី២២កុម្ភៈ។
ក្នុងសេចក្តីប្រកាស នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះ ក្រសួងសុខាភិបាល បានផ្សព្វផ្សាយពីទីតាំង ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន ២៣ទីតាំង នៅក្នុងរាជធានីភ្នំពេញ។ ទីតាំងទាំងនោះ ត្រូវបានបិទជាបណ្តោះអាសន្នហើយ។
ទីតាំងទាំង ២៣កន្លែង ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងសហគមន៍ ថ្ងៃ២០កុម្ភៈ រួមមាន៖ ១. ក្លឹប N8 នៅទួលស្វាយព្រៃ។ ២.ក្លិប Casa By Meridian នៅកោះពេជ្រ។ ៣.សណ្ឋាគារ Le Gong Guan Hotel នៅជិតផ្សារថ្មី។ ៤.City Comfort នៅបឹងព្រលឹត។ ៥.អគារ The Bridge នៅជិតកោះពេជ្រ។ ៦. The Point Service Apartment នៅជិតផ្សារដើមគ។ ៧. Mekong Street នៅជ្រោយចង្វារ។ ៨.Pent House Apartment នៅមុខអេអនទី១។ ៩.Skyline DUMEX នៅសង្កាត់មិត្តភាព។ ១០.Somet Condoninium នៅសង្កាត់វាលវង់។ ១១.Residence L Olympic នៅសង្កាត់អូរឡាំពិក។ ១២.Prince Plaza Centre នៅជិតក្បាលថ្នល់។ ១៣. Celeste Skybar នៅទល់មុខសូហ្វីតែល។ ១៤.Diamond Twin នៅកោះពេជ្រ។ ១៥. JinZun ខារ៉ាអូខេ នៅមុខព្រលានយន្តហោះ។ ១៦.ក្លឹប Coco សណ្ឋាគារកណ្តាលសួនច្បារ ជាប់កាំបូឌីយ៉ាណា។ ១៧. JuHao មុខហាងឆ្នេរមាស។ ១៨.ហាង The World នៅក្រោយផ្សារបឹងត្របែក។ ១៩.ហាង វ័នមែនសិន នៅក្រោយផ្សារបឹងត្របែកផ្លាហ្សា។ ២០.ក្លឹប ១៦៨ អតីតនគរសំរឹទ្ធិ កែងវត្តមហាមន្ត្រី។ ២១.Love នៅក្រោយអ៊ិចធូ។ ២២.វិទ្យាល័យហ៊ុនសែន ភ្នំពេញថ្មី នៅក្រោយវត្តសំរោងអណ្តែត។ ២៣.សាលា SIS នៅ Lucky Star ជិតផ្សារដើមគ។
ការផ្សព្វផ្សាយនេះ ដើម្បីឲ្យបុគ្គល ដែលធ្លាប់បានចេញចូលទីតាំងខាងលើ ពីថ្ងៃទី០៦ ដល់ ថ្ងៃទី២០ ខែកុម្ភៈ ឬបុគ្គលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬដឹងថា ខ្លួនជាអ្នកប៉ះពាល់ជាមួយអ្នកមានវីរុសកូវីដ១៩ ត្រូវមានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្ត មកធ្វើ តេស្តរកមេរោគកូវីដ១៩ នៅរៀងរាល់ម៉ោងធ្វើការ នៅមណ្ឌលសុខភាពចាក់អង្រែ ក្នុងរាជធានីភ្នំពេញ។ អ្នកទាំងនេះ ក៏ត្រូវដាក់ខ្លួននៅដាច់ដោយឡែកពីក្រុមគ្រួសារ ធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ព្រមទាំងតាមដានសុខភាពជារៀងរាល់ថ្ងៃ។
ម្យ៉ាងទៀត ប្រសិនបើមានអាការៈមិនស្រួលខ្លួន ដូចជាមានឡើងកំដៅខ្លួន ក្អក ផ្តាសាយ ឈឺបំពងក ឬពិបាកដកដង្ហើម ជាដើម សូមហៅទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ដើម្បីជួយអន្តរាគមន៍សុខភាពបានទាន់ពេលវេលា។
ក្រសួងសុខាភិបាល ក៏បានប្រកាសអំពាវនាវ និងក្រើនរំលឹកសាជាថ្មីម្តងទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេស និងជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវប្រកាន់យកនូវការប្រុងប្រយ័ត្នខ្លួនជាប់ជានិច្ច គ្រប់គ្រងក្រុមគ្រួសារឲ្យបានល្អ និងចូលរួមអនុវត្តវិធានការការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការរុករកស្រាវជ្រាវ បានបង្ហាញថា ស្ថានភាពនៃការចម្លងក្នុងសហគមន៍នាពេលនេះ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ហើយវិធានការ និងអន្តរាគមន៍នានា បានដាក់ចេញជាបណ្តើរៗ គឺអាស្រ័យទៅតាមស្ថានភាពនៃការរកឃើញវត្តមានវីរុសកូវីដ១៩ នៅតាមទីតាំងនីមួយៗ ដើម្បីទប់ស្កាត់ ការចម្លងបន្តវីរុសកូវីដ១៩ នៅក្នុងសហគមន៍ទ្រង់ទ្រាយធំធេង។
មកដល់ថ្ងៃទី២២កុម្ភៈ ក្រសួងសុខាភិបាល ពុំទាន់គ្រប់គ្រងបាននៅឡើយទេ លើអ្នកពាក់ព័ន្ធ ក៏ប៉ុន្តែបានស្រាវជ្រាវរុករកទាំងយប់ទាំងថ្ងៃ តាមយកអ្នកពាក់ព័ន្ធ មកធ្វើតេស្ត និងណែនាំឲ្យធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។
ចំណែកកំណើននៃអ្នករកឃើញឆ្លងជំងឺកូវីដ១៩ មានជាបន្តបន្ទាប់ នាំឲ្យមានបារម្ភ មិនមាន កន្លែងដាក់អ្នកជំងឺកូវីដ១៩ទាំងនោះ។ រាជរដ្ឋាភិបាល បានពង្រីកទៅខាងពេទ្យយោធាផង និងសំឡឹងរកពេទ្យឯកជន ដូចជា ពេទ្យជោរី និងតាមសណ្ឋាគារ ជាដើម ដើម្បីធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩។
ចំពោះមុខនេះ គឺការស្វែងរកឲ្យឃើញអ្នកពាក់ព័ន្ធ ហើយធ្វើតេស្ត និងធ្វើចត្តាឡីស័ក។ បើសិនជាអ្នកពាក់ព័ន្ធនឹងអ្នកជំងឺ ដែលទើបពិនិត្យឃើញកូវីដ ព្រមទាំងទីតាំងទាំង ២៣កន្លែង ដែលបានប្រកាសខាងលើ ចេញទៅជួបគ្រូពេទ្យ ហើយពិនិត្យធ្វើតេស្ត និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវនោះ ការកាត់ផ្តាច់ការចម្លងក្នុងសហគមន៍ ក៏បានបញ្ចប់។ ប៉ុន្តែរឿងនេះ មិនសាមញ្ញទេ។ ដូច្នេះ គេគួរតែទៅពេទ្យ ព្រោះថា ទៅពេទ្យមិនត្រឹមតែជួយខ្លួនឯងទេ តែក៏ដើម្បីកុំឲ្យឆ្លងទៅអ្នកផ្សេងទៀត ពិសេសក្រុមគ្រួសារ និងសង្គមជាតិយើងទាំងមូល៕
ចែករំលែកព័តមាននេះ