ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​មិន​ទាន់​កំណត់​បន្ត​សវនាការ​សំណុំរឿង​លោក កឹ​ម សុខា ខណៈ​រង់ចាំ​ពេលវេលា​សម​ស្រប

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​មិន​ទាន់​កំណត់ពេល​បើក​សវនាការ លើ​សំណុំរឿង​របស់​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ដោយ​អះអាង​រង​ចាំ​ពេលវេលា​សម​ស្រប ។ ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ…

រាជធានី​ភ្នំពេញ ៖ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​មិន​ទាន់​កំណត់ពេល​បើក​សវនាការ លើ​សំណុំរឿង​របស់​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ដោយ​អះអាង​រង​ចាំ​ពេលវេលា​សម​ស្រប ។

ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ ខណៈ​សហ​មេធាវី​លោក កឹ​ម សុខា បាន​ស្នើ​ឲ្យ​តុលាការ​បន្ត​បើក​សវនាការ​កូនក្តី​ខ្លួន​ឲ្យ​បាន​ឆាប់រហ័ស ។ យោង​តាម​លិខិត​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា សូម​ជម្រាប​មក​សហ​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជនជាប់ចោទ ឈ្មោះ កឹ​ម សុខា ថា ករណី​ស្នើ​សុំ​បន្ត​សវនាការ​ឡើង​វិញ​របស់​សហ​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់ ចោទ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៥៦៩៦- ចុះ​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ ថា តប​តាម​កម្មវត្ថុ និង​យោង​ខាងលើ ក្រុមប្រឹក្សា​ជំនុំជម្រះ សូម​ជម្រាប​ជូន​សហ​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​ឲ្យ​បាន​ជ្រាប​ថា បន្ទាប់​ពី​ក្រុមប្រឹក្សា​ជំនុំជម្រះ ពិនិត្យ​ផ្លូវ​សំណើសុំ​បន្ត​សវនាការ​នេះ ក្រុមប្រឹក្សា​ជំនុំជម្រះ​យល់​ឃើញ​ថា សវនាការ​មិន​ទាន់​អាច​ប្តូ​រដាក់​កម្មវិធី​នា​ពេល​នេះ​បាន​នៅឡើយ​ទេ ដោយ​មូលហេតុ​ថា ការ​ចម្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩ (CoVID-9) នៅ​តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ជាស​កល និង​មិន​ច្បាស់លាស់​នៅឡើយ ។

លិខិត​បន្ត​ថា ម្យ៉ាងទៀត​ដោយហេតុ​ថា សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​កំពុង​តែ​មមាញឹក​នៅ​ក្នុង​ចំណាត់ការ​សំណុំរឿង​ព្រហ្មទណ្ឌ ដែល​មាន​ជន​ត្រូវ​ចោទ ឬ​ជនជាប់ចោទ កំពុង​ជាប់​ឃុំ​យ៉ាង​ចង្អៀត ក្នុង​ពន្ធនាគារ​ដែល​ករណី​នេះ​ជា​បញ្ហា​ប្រឈម​ដែល​ត្រូវ​ចូលរួម​ឱ្យ​បាន​សកម្ម​នៅ​ក្នុង​យុទ្ធនាការ​ការ​នៃ​ការ​ដោះស្រាយ​សំណុំរឿង​កកស្ទះ​ដែល​ត្រូវ​បាន​ដាក់​ចេញ​ដោយ​ក្រសួងយុត្តិធម៌ នា​ពេល​កន្លង​មក​ថ្មី​ៗ​នេះ ។ ស្រប​ពេល​ជាមួយ​នេះ​ដែរ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ក៏​ពិនិត្យ និង​ពិចារណា​នូវ​គ្រប់​ទិដ្ឋភាព​ទាំងអស់ ដើម្បី​អាច​មាន លទ្ធភាព​ខ្ពស់​សវនាការ​ឡើង​វិញ នា​ពេលវេលា​សម​ស្រប​ខាង​មុខ​នេះ ដើម្បី​ធានា​នូវ​សិទ្ធិ និង​ផលប្រយោជន៍​របស់​ភាគី​ពាក់ព័ន្ធ ស្រប​តាម​នីតិវិធី​ច្បាប់ ។ អាស្រ័យ​ហេតុនេះ សូម​សហ​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជ​ខ​ជាប់ចោទ ជ្រាប​ជា​ដំណឹង ។

ទាក់ទិន​នឹង​សំណុំរឿង​លោក កឹ​ម សុខា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក​ជិន ម៉ា​លី​ន បាន​បញ្ជាក់ ថា​សំណុំរឿង​របស់​លោក កឹ​ម សុខា គឺ​ជាស​ន្ទា​នុ​សិទ្ធិ​របស់​តុលាការ ហើយ​ការ​សុំ​បើក​សវនាការ​មិនមែន​ជា​អាទិភាព​នោះ​ទេ ព្រោះ​ជន​ត្រូវ​ចោទ​កំពុង​នៅ​ក្រៅ​ឃុំ ។ ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បន្ទាប់​ពី​ក្រុម​មេធាវី​លោក កឹ​ម សុខា បាន​ស្នើ​ជា​លើក​ទី​៣ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​បើក​ដំណើរការ​រឿង​ក្តី​ព្រហ្មទណ្ឌ លោក កឹ​ម សុខា ឲ្យ​បាន​ឆាប់​កាល​ពេល​ថ្មី​ៗ​នេះ ។

លោក​ជិន ម៉ា​លី​ន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់​ថា ៖«​ខ្ញុំ​សូម​ជូន​ចំណុច អំពី​ទិដ្ឋភាព​ច្បាប់ និង បច្ចុប្បន្នភាព​ករណី​សំណុំរឿង កឹ​ម សុខា ថា តើ​ហេតុ​អ្វី​បាន​សវនាការ​សំណុំរឿង​ផ្សេង​អាច​បន្ត​ដំណើរការ​ទៅ​បាន ហើយ​សំណុំរឿង កឹ​ម សុខា បែរជា​នៅ​តែ​អូស​បន្លាយ​ពេលវេលា​ទៅ​វិញ​គឺ ៖ សំណុំរឿង កឹ​ម សុខា កំពុង​ស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ ហើយ​ការ​សម្រេច​បែប​ណា គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ ដែល​ជា​ស្ថាប័ន​ឯករាជ្យ ។

អ្នកនាំពាក្យ​បន្ត​ថា លោក កឹ​ម សុខា បាន និង​កំពុង​ប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​ការពារ​ខ្លួន​យ៉ាង​ពេញលេញ​តាម​ផ្លូវច្បាប់ ដោយ​មាន​មេធាវី​ការពារ​ដល់​ទៅ ៥ រូប ។ សវនាការ​លើ​ករណី កឹ​ម សុខា នា​ពេល​កន្លង​មក ត្រូវ​បាន​ធ្វើ​ឡើងជា​សាធារណៈ និង​ប្រកបដោយ​តម្លាភាព ដោយ​អនុញ្ញាត​ឱ្យ​សង្គម​ស៊ី​វិល តំណាង​អង្គទូត ក៏​ដូច​ជា​សាធារណជន​ផ្សេង​ទៀត បាន​ចូលរួម​ស្តាប់ ។ ឧទាហរណ៍ ករណី​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ភស្តុ​តាង​ជា Video Clip ដែល​មេធាវី​របស់ កឹ​ម សុខា អះអាង​ថា​ជា Video មិន​ពិត ។ ប៉ុន្តែ ក្រោយ​ពេល​ផ្ទៀត​ផ្ទាត់ បង្ហាញ​ថា Video Clip ដែល​ផ្តល់​ដោយ​មេធាវី​របស់ កឹ​ម សុខា គឺ​ដូច​គ្នា​នឹង Video Clip ដែល​ជា​ភស្តុ​តាង​នៅ​ក្នុង​សំណុំរឿង ។ ខ្លឹមសារ​ជា​រួម​នៃ Video Clip នេះ កឹ​ម សុខា បាន​និយាយ​ថា «​គាត់​ត្រូវ​បាន​រៀបចំ បណ្តុះបណ្តាល និង​ឧបត្ថម្ភ គាំទ្រ​ដោយ​បរទេស ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​”» ។

សូម​ជម្រាប​ថា ក្រុម​មេធាវី​លោក​កឹ​ម សុខា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រួម​មាន​លោក ចាន់ ចេ​ន​, លោក ផែង​ហេង​, លោក អាង ឧត្តម និង​អ្នកស្រី ម៉េ​ង សុភា​រី បាន​ដាក់​លិខិត​ទៅ​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ស្នើ​សុំ​ឱ្យ​តុលាការ​បន្ត​សវនាការ​លើ​សំណុំរឿង​នេះ​ឡើង​វិញ​បាន​បញ្ជាក់​ថា ៖«​យើងខ្ញុំ​ជា​សហ​មេធាវី​ការពារ​ក្តី​ជូន​លោក​កឹ​ម សុខា សូម​ជម្រាប​ជូន​លោក​ចៅក្រម​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា ដោយសារ​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ រាជរដ្ឋាភិបាល​បាន​គ្រប់គ្រង​បាន​ទាំងស្រុង​ហើយ​តាម​រយៈ​ក្រសួងសុខាភិបាល​យើង​ស្នើ​សុំ​តុលាការ​ជំនុំជម្រះ​ដំណើរការ​វិញ​ដូច​ការ​ជំនុំជម្រះ​រឿង​ក្តី​ដទៃ​ទៀត​ដែរ​» ។

ក្រុម​មេធាវី​លោក​កឹ​ម សុខា​ក៏​បាន​លើក​ឡើង​ថា​ការ​ស្នើ​សុំ​នេះ​ដើម្បី​ជៀសវាង​ការ​បន្ត ផ្អាក​ដំណើរការ​នីតិវិធី ជា​ពិសេស​នោះ​ដើម្បី​ជៀសវាង​ការ​បន្ត​រំលោភ​បំពាន​លើ​សិទ្ធិ​ក្នុង​ការ ទទួល​បានការ​ជំនុំ​ជម្រះក្តី​ឆាប់រហ័ស និង​យុ​ត្តិ​របស់​លោក​កឹ​ម សុខា ។ ក្រុម​មេធាវី​បាន​គូសបញ្ជាក់​ថា​ការ​ស្នើ​សុំ​នេះ​ជា​លើក​ទី​៣​ហើយ​ដើម្បី​ឲ្យ​តុលាការ​បន្ត​សវនាការ​ឡើង​វិញ​ឲ្យ​បាន​ឆាប់​បំផុត​។

ជាមួយ​គ្នា​នោះ​ដែរ​ក្រុ​មេ​វ​ធានី​ដដែល​ក៏​បាន​កត់​សម្គាល់ថា សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៥៦៤២ ចុះ​ថ្ងៃ​ទី​៣​ខែកញ្ញា ឆ្នាំ​២០១៧ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ជំនុំជម្រះ​ក រ​ណី លោក​កឹ​ម សុខា គឺ​បាន​ធ្វើការ​ដេញដោល​សួរ​លោក​កឹ​ម សុខា យ៉ាងច្រើន​អស់ហើយ ។ ការ​ដាក់ កម្មវិធី​បន្ត​សវនាការ​លើ​សំណុំរឿង​ចាស់​នេះ​មិន​គួរ​អូស​បន្លាយ​ទៀត​ទេ​ព្រោះថា ក្រុម​ប្រឹ​ក្ស​ជំនុំជម្រះ​មេធាវី​និង​ភាគី​ពាក់ព័ន្ធ គឺ​មាន​សមាសភាព​ស្រេច​ហើយ ។

ក្រុម​មេធាវី​បញ្ជាក់​ថា ក្នុង​ពាក្យ​ស្នើ​សុំ​យ៉ាង​ដូច្នេះ​ថា​៖«​ការ​ទុក​សំណុំរឿង​ចាស់​ចោល​យូរ​ហួសហេតុ​ពេក ដែល​អង្គ​សវនាការ​បាន​ធ្វើការ​ដេញ​ច​ដោល​រួច​ហើយ​នោះ មិនមែន​ជា​ជម្រើស ល្អ​ទេ និង​គ្មាន​ទម្លាប់​រឿង​ក្តី​យក​មក​ដេញដោល​រួច​ទុក​ចោល​យ៉ាង​យូរ នេះ​ដែរ​។ រឿង​នេះ​គួរតែ ត្រូវ​បាន​ដាក់​កម្មវិធី​ជា​ប្រក្រតី​ដូច​បណ្តាលរឿង​ក្តី​ផ្សេង​ទៀត ដែល​តុលាការ​កំពុង​ដំណើរកា រ​កម្មវិធី​សព្វថ្ងៃ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ