រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់មិនដែលលេងកីឡានោះទេ លុះពេលទៅលេងបាល់ជាមួយក្មេងៗក្នុងភូមិហើយត្រឡប់មកមានអារម្មណ៍ថាឈឺខ្លួន ហើយក៏ចូលដេក ស្រាប់តែដកចង្កាមាន់បាត់បង់ជីវិតនៅក្នុងបន្ទប់ជួល លុះក្រុមគ្រួសារមិនអស់ចិត្តដឹកយកទៅសង្គ្រោះតែជាអកុសលមិនអាចជួយបាននោះទេឡើយ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅផ្ទះជួល ជិតផ្សារឯករាជ្យ២ ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
បុរសរងគ្រោះខាងលើមានឈ្មោះ ម៉ក ម៉េងអ៊ាង អាយុ៣២ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិរលាក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានប្រពន្ធឈ្មោះឈន សុវណ្ណារី អាយុ៣៣ឆ្នាំ មុខរបរធ្វើការរោងចក្រ មានស្រុកកំណើតនៅភូមិរលាក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងមានកូនចំនួន២នាក់ ក្នុងនោះកូនបងអាយុ៨ឆ្នាំ និងកូនប្អូនទើបតែកើតបាន១៥ថ្ងៃប៉ុណ្ណោះ។
តាមប្រភពពីស្ត្រីជាប្រពន្ធបានឱ្យដឹងថា នៅពេលល្ងាចមុនពេលកើតហេតុ ប្តីរបស់គាត់បានទៅលេងបាល់ជាមួយក្មេងៗក្នុងភូមិ ហើយក៏ត្រឡប់មកវិញគាត់ក៏បានត្អូញថាឈឺខ្លួន ព្រោះអីគាត់មិនដែលលេងកីឡានោះទេ។ ស្ត្រីជាប្រពន្ធបញ្ជាក់ថា ដោយសារតែរូបគាត់ជាប្រពន្ធកូនខ្ចីមិនមានអ្នកជួយថែទាំ ដូច្នេះទើបប្តីរបស់គាត់ (ជនរងគ្រោះ) មុនពេលចេញទៅធ្វើការ ក៏បានធ្វើម្ហូបសម្រាប់ទុកឱ្យប្រពន្ធនិងកូនផងដែរ។
ស្ត្រីជាប្រពន្ធបន្តថា នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២ ខែកុម្ភៈ ប្តីរបស់គាត់បានចូលទៅសម្រាកដើម្បីត្រៀមខ្លួនទៅធ្វើការនៅថ្ងៃស្អែក លុះនៅម៉ោងកើតហេតុខាងលើ រូបគាត់ជាប្រពន្ធបានឃើញប្តីរបស់ខ្លួនមានអាការៈដកចង្កាមាន់ ហើយបាត់បង់ស្មារតីអត់មានដង្ហើមនោះទេ ។ នៅពេលនោះផងដែរ គាត់ជាប្រពន្ធមានការភិតភ័យ ក៏ទាក់ទងហៅបងប្អូនដឹកយកប្តីទៅព្យាបាលនៅគ្លីនិកនៅផ្សារជម្ពូវ័ន តែគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបាត់បង់ជីវិតទៅហើយ ។
ចំណែកក្រុមគ្រួសារនៅតែមិនអស់ចិត្តក៏ដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈបន្តក្រែងមិនទាន់បាត់បង់ជីវិត ប៉ុន្តែជាអកុសលខាងមន្ទីរពេទ្យរដ្ឋក៏បានបញ្ជាក់ប្រាប់ដែរថា ជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ ទើបដឹកយកទៅផ្ទះជួលវិញ ។
ក្រោយពេលកើតហេតុ ក្រុមគ្រួសារក៏ទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ភ្លាមៗ ហើយសមត្ថកិច្ចក៏ធ្វើការត្រួតពិនិត្យ រួចប្រគល់សពជនរងគ្រោះឱ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕
ចែករំលែកព័តមាននេះ