រាជធានីភ្នំពេញ ៖ជាថ្មីម្តងទៀត សម្តេចក្រឡា ហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានផ្ដាំផ្ញើប្រជាពលរដ្ឋទូទាំងប្រទេសថា បើមិនចង់អស់ថវិកា ឬខាតពេលវេលាក្នុងការធ្វើដំណើរត្រូវចូលគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់ៗគ្នា ។
ថ្លែងក្នុងពិធីទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៥ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់សាជាថ្មីថា គោលបំណងការរឹតបន្ដឹងនៃច្បាប់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ហើយគ្មានបំណងគៀបសង្កត់យកថវិកាពីប្រជាពលរដ្ឋឡើយ ។ ជាពិសេសកាត់បន្ថយអ្នកស្លាប់ និងរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។
សម្ដេច ស ខេង បានគូសបញ្ជាក់ថា ៖ «នាពេលកន្លងទៅយើងបានរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅពេលនោះយើងបានទទួលប្រតិកម្មចម្រុះ មានប្រតិកម្មគាំទ្រ និងមិនគាំទ្រ ។ ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ គណៈកម្មាធិការ ដែលមានខ្ញុំជាប្រធាន មិនមានបំណងណាមួយមិនល្អនោះទេ បំណងសំខាន់ជាងគេរបស់ខ្ញុំ គឺការកាត់បន្ថយនូវ គ្រោះថ្នាក់ចរាចរណ៍ ជារួមកាត់បន្ថយមនុស្សស្លាប់ ឬការពារអាយុជីវិតរបស់មនុស្ស និងការពារមនុស្សកុំឲ្យរងរបួស» ។
សម្ដេចបន្ដថា «ណ៎ហើយគ្មានបំណងគៀបសង្កត់ប្រជាជន ដើម្បីយកលុយមកចែកគ្នា ឲ្យអ្នកនេះឲ្យនោះ ។ ប៉ុន្ដែអនុវត្តជាក់ស្ដែងទៅរហូតមកដល់ពេលនេះ មានប្រសិទ្ធភាព ហើយណែនាំសមត្ថកិច្ចរបស់យើងកុំឲ្យប៉ះពាល់ជាមួយប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋលោកគាំទ្រ ។ ហើយកាលណុងមានប្រជាពលរដ្ឋមួយចំនួនថា មានជំងឺកូវីដ ហើយផាកពិន័យធ្ងន់ទៀត ។ ហើយខ្ញុំឆ្លើយទៅវិញថា បើមិនចង់ឲ្យបាត់បង់លុយ សូមមេត្តាគោរពច្បាប់ចរាចរណ៍ ហើយគោរពច្បាប់ដើម្បីខ្លួនឯង» ។ សម្ដេចក្រឡាហោម បញ្ជាក់ថា ការចូលរួមគោរពច្បាប់ចរាចរណ៍ការពារអាយុជីវិតខ្លួនឯង ក្រុមគ្រួសារ និងអ្នកដ៏ទៃ ។ សម្ដេច ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេសត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា ។
ជាមួយគ្នានោះដែរ សម្តេច ស ខេង ក៏បានបញ្ជាក់ថា លទ្ធផលក្នុងការត្រួតពិនិត្យច្បាប់ចរាចរណ៍ក្នុងឆ្នាំ២០២០ បានឲ្យដឹងថា ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកទូទាំងប្រទេសលទ្ធផលល្អប្រសើរ បើធៀបនឹងឆ្នាំ២០១៩ ក្នុងនោះ បានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ចំនួន៩៤២លើក ស្មើ២៣% កាត់បន្ថយអ្នកស្លាប់ចំនួន៣៣៥នាក់ ស្មើ១៧% និងកាត់បន្ថយអ្នករបួសចំនួន១,៤៥៥ ស្មើ២៤% និងបានសង្គ្រោះជីវិតប្រជាពលរដ្ឋចំនួន១៧៩០នាក់ឲ្យរួចផុតពីការបាត់បងជីវិត និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ៕
ចែករំលែកព័តមាននេះ