ខេត្តក្រចេះ៖ ថ្វីដ្បិតតែទើបនឹងបង្កើតឡើង នៅអំឡុងចុងឆ្នាំ២០២០នេះ ប៉ុន្តែសហគមន៍អេកូទេសចរណ៍ កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ ក្នុងខេត្តក្រចេះ នឹងក្លាយជាគោលដៅទេសចរណ៍ដ៏មានសក្តានុពល និងជាគោលដៅក្នុងការរៀបចំពិធីបុណ្យអេកូទេសចរណ៍ប្រចាំឆ្នាំ នៅពេលខាងមុខផងដែរ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា តាមរយៈវេទិកាជាតិអេកូទេសចរណ៍ លើកទី២ នៅសៀមរាប ដែលបញ្ចប់ដោយលទ្ធផលផ្លែផ្កានោះ ក្រសួងទេសចរណ៍ នឹងរៀបចំសំណើជូនរាជរដ្ឋាភិបាល ក្នុងការរៀបចំពិធីបុណ្យអេកូទេសចរណ៍ប្រចាំឆ្នាំ នៅតាមតំបន់អេកូទេសចរណ៍សំខាន់ៗ ហើយខេត្តក្រចេះ ជាគោលដៅដ៏មានសក្តានុពល ក្នុងការរៀបចំពិធីបុណ្យនេះ។
លោករដ្ឋមន្ត្រី បានថ្លែងដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាសហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ ខេត្តក្រចេះ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នេះ។
សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ ស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ គឺជាសហគមន៍អេកូទេសចរណ៍ថ្មីមួយរបស់ខេត្តក្រចេះ ដែលទើបតែត្រូវបានបង្កើតឡើង នៅចុងឆ្នាំ២០២០នេះ ដោយមានការជួយជ្រោមជ្រែងពីមន្ទីរទេសចរណ៍ខេត្តក្រចេះ និងអង្គការ WWF។
សហគមន៍នេះ មានទីតាំងស្ថិតនៅក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ចម្ងាយ ១៧គ.ម ពីខេត្តក្រចេះ។ សហគមន៍នេះ សំបូរទៅដោយសក្តានុពលទេសចរណ៍បែបធម្មជាតិជាច្រើន ដែលរួមមាន៖ ព្រៃឈើ សត្វស្លាប កោះ សត្វព្រៃ (សត្វក្តាន់) ទេសភាពព្រៃលិចទឹកទន្លេមេគង្គ សូម្បីតែសត្វផ្សោតទន្លេមេគង្គដ៏កម្រ ក៏ស្ថិតនៅតំបន់នេះថែមទៀត។
ដើម្បីទៅដល់ទីនោះ ទេសចរត្រូវធ្វើដំណើរតាមបណ្តោយផ្លូវខេត្តលេខ៣៧៧ ចម្ងាយប្រមាណ ៧គ.ម ត្រង់ចំណុចកំពង់ដរ (ឬស្សីចារកែង) រួចត្រូវបន្តដំណើរតាមសាឡាងនោះប្រមាណជា ១៥នាទី នឹងទៅដល់សហគមន៍នេះ។ នៅទីនោះ ទេសចរ អាចជិះទូកមើលទេសភាពព្រៃលិចទឹក ទស្សនាសត្វស្លាប សម្រាកលំហែរ ងូតទឹកកម្សាន្ត និងពិសាអាហារនៅតាមកោះស្អាតជាច្រើន។
សហគមន៍ ក៏មានផ្តល់សេវាកម្មម្ហូបអាហារ និងស្នាក់នៅតាមផ្ទះស្នាក់សហគមន៍នៅទីនោះផងដែរ។
មានមតិសំណេះសំណាលនាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានលើកទឹកចិត្ត និងជំរុញឲ្យសហគមន៍ បន្តរៀបចំឲ្យក្លាយជាសហគមន៍ទេសចរណ៍ស្របតាមស្តង់ដារបស់ក្រសួងទេសចរណ៍ និងជាផលិតផលទេសចរណ៍ថ្មីមួយទៀត សម្រាប់ខេត្តក្រចេះ ។
លោកស្នើផងដែរដល់សហគមន៍ រៀបចំជាលក្ខន្តិកៈឲ្យបានត្រឹមត្រូវ ដើម្បីធានាការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌។
ទន្ទឹមនោះ លោកក៏បានស្នើឲ្យអភិបាលខេត្ត ជួយសម្រួលការចរចារជាមួយរមណីយដ្ឋានអន្លង់ផ្សោតកាំពី ដើម្បីមានភ្ញៀវមួយចំនួន ចង់មកទស្សនាសហគមន៍ ដោយភ្ជាប់ខ្សែទស្សនកិច្ចពីរមណីយដ្ឋានអន្លង់ផ្សោតកាំពីតែម្តង។ សំណើនេះ ធ្វើឡើងតាមសំណូមពររបស់សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយផងដែរ។
សូមជម្រាបថា កាលពីថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ ក្រសួងទេសចរណ៍សហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំវេទិកាជាតិអេកូទេសចរណ៍ជាតិ លើកទី២ នៅសណ្ឋាគារសុខាសៀមរាប។
ចំណែកលទ្ធផល ដែលទទួលបានពីវេទិកានោះ រួមមាន ការបន្តជំរុញការកំណត់តំបន់អេកូទេសចរណ៍អាទិភាពឲ្យខានតែបាន ដែលផ្តល់ផលប្រយោជន៍ពិតប្រាកដដល់ប្រជាពលរដ្ឋមូលដ្ឋាន ឈរលើទស្សនទាន “ការអភិវឌ្ឍបម្រើការអភិរក្ស ការអភិរក្សទ្រទ្រង់ការអភិវឌ្ឍ” ធានាបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព សម្រាប់ប្រជាជនកម្ពុជាជំនាន់ក្រោយ។ បន្តជំរុញការងារអភិរក្សធនធានធម្មជាតិ ដែលជាមូលដ្ឋានក្នុងការជំរុញការអភិវឌ្ឍសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍។ ទន្ទឹមនោះ បន្តជំរុញការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ទៅក្នុងសហគមន៍ ដែលមានសក្តានុពល ទោះបីស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងស្ថាប័នណាក៏ដោយ ពិសេសរិះរកនូវគំរូជោគជ័យដែលមានលក្ខណៈសត្យានុម័ត ក្នុងការអភិវឌ្ឍសហគមន៍ ទាំងនៅថ្នាក់ជាតិ ក៏ដូចជានៅថ្នាក់មូលដ្ឋាននិងជំរុញការដោះស្រាយបញ្ហាសំខាន់ៗ ដូចជាការស្ថាបនាផ្លូវតភ្ជាប់ទៅតំបន់សហគមន៍ ការផ្គត់ផ្គង់អគ្គិសនី ការផ្គត់ផ្គង់ទឹកស្អាត ការតភ្ជាប់ប្រព័ន្ធទូរស័ព្ទ និងប្រព័ន្ធអ៊ីនធើណេត ជាដើម រួមនឹងបញ្ហាជាអទិភាពមួយចំនួនទៀត៕ ដោយ៖ សុខ សារ៉ាយ
ចែករំលែកព័តមាននេះ