ខេត្តសៀមរាប ៖ រថយន្តសាំយ៉ុងដឹកបន្លែមួយចេញពីខេត្តបាត់ដំបង មកលក់នៅខេត្តសៀមរាប ស្រាប់តែបែកកង់ បណ្ដាលឱ្យរ៉េចង្កូតទៅបុកម៉ូតូមួយគ្រឿងជិះគ្នា៣នាក់ ប្តីប្រពន្ធ និងកូនស្រី បណ្តាលឱ្យ២នាក់ឪពុកកូនបាត់បង់ជីវិតនៅនឹងកន្លែងកើតេហតុ និងម្តាយរងរបួសធ្ងន់ ប៉ុន្តែជាអកុសលជនរងគ្រោះជាម្តាយក៏ត្រូវបាត់បង់ជីវិត ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចបណ្តាលឱ្យបាត់បង់ជីវិតមួយគ្រួសារនេះបានកើតឡើងនៅម៉ោង៧និង២០នាទីល្ងាច ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចបង្គោលភ្លើងលេខ ៣៣២-៣៣៣ ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិដូនទ្រ ឃុំល្វា ស្រុកពួក។
បើតាមការបញ្ជាក់ពីលោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក បានប្រាប់នៅព្រឹកថ្ងៃទី២៥ខែមករានេះថា ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាត់បង់ជីវិតមួយគ្រួសារ៣នាក់នោះ បង្កឡើងដោយរថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២ X.៨១៤៩ បើកបរដឹកបន្លែដោយឈ្មោះ រិន ភិរក្ស ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកបាត់ដំបង ខេត្តបាត់ដំបង និងដឹកមនុស្សម្នាក់ ឈ្មោះ វ៉ាន់ សៅឌី អាយុ៣២ឆ្នាំ ត្រូវជាប្រពន្ធបើកពីខេត្តបាត់ដំបង ចូលមកខេត្តសៀមរាប (ពីលិចទៅកើត) ដើម្បីយកបន្លែទៅបោះឱ្យម៉ូយ។
លោកអភិបាលស្រុកបន្តថា លុះមកមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែបែកកង់ខាងស្តាំផ្នែកក្រោយ រួចរ៉េចង្កួតបានបុកជាមួយម៉ូតូមួយគ្រឿងពីកើតទៅលិច បញ្ច្រាស់ទិសគ្នា បណ្តាលឱ្យបាត់បង់ជីវិតអ្នកបើកបរម៉ូតូ២នាក់ជាឪពុក និងកូនស្រី ចំណែកប្រពន្ធរបួសធ្ងន់ ហើយត្រូវបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែជាអកុសល ប្តីនិងកូនស្រីបានបាត់បង់ជីវិតមុនប្រពន្ធ ហើយប្រពន្ធបាត់បង់ជីវិតតាមក្រោយនៅល្ងាចថ្ងៃទី២៤ ខែមករា ។
លោកបានបញ្ជាក់ថា ចំពោះអ្នកបើកបររថយន្តវិញ កម្លាំងយើងបានចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីបុកម៉ូតូរួចហើយ ចំណែករថយន្តបង្កក៏ធ្លាក់ពីលើផ្លូវផងដែរ។
លោកបញ្ជាក់ទៀតថា សាកសពជនរងគ្រោះទាំង៣នាក់មាន ៖ ១-ឈ្មោះ ប៊ុត ហៃម៉េង ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវជាប្តី (បាត់បង់ជីវិត) បើកបរម៉ូតូម៉ាកហុងដាឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប ១.R.៧៦៨៥ ។ ២- ម្តាយឈ្មោះ អ៊ួក ចៀន អាយុ២៨ឆ្នាំ (បាត់បង់ជីវិត) នៅពេទ្យខេត្ត និងកូនស្រីឈ្មោះ ម៉េង មី អាយុជាង១០ឆ្នាំ (បាត់បង់ជីវិត) ក្នុងនោះរថយន្តខូចខាតមធ្យម និងម៉ូតូខូចខាតធ្ងន់។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។ ចំណែកសាកសពជនរងគ្រោះបានទាក់ទងរកសាច់ញាតិ ដើម្បីធ្វើការប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីតាំងពីថ្ងៃទី២៣ រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ទើបកម្លាំងបានធ្វើការប្រគល់រួចរាល់ហើយ៕
ចែករំលែកព័តមាននេះ