ខេត្តបន្ទាយមានជ័យ ៖ ពលករ២នាក់ដែលត្រឡប់មកពីថៃត្រូវឱ្យធ្វើចត្តាឡីស័កមានរយៈពេល១៤ថ្ងៃបានរត់ចេញពីមណ្ឌល ក្នុងនោះនៅស្រុកមង្គលបូរីចំនួន១នាក់ និងស្រុកព្រះនេត្រព្រះចំនួន១នាក់ ខណៈកំពុងស្វែងរកនាំខ្លួនមកដាក់មណ្ឌលវិញ។
លោក រ័ត្ន ដាស៊ីណង អភិបាលស្រុកមង្គលបូរីបានប្រាប់ឱ្យដឹងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ មានពលករម្នាក់ឈ្មោះ ខា រិន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិតាម៉ៅ ឃុំសឿ ស្រុកមង្គលបូរី ដែលត្រឡប់មកពីប្រទេសថៃហើយត្រូវឱ្យធ្វើចត្តាឡីស័កមានរយៈពេល១៤ថ្ងៃនៅមណ្ឌលវិទ្យាល័យមង្គលបូរី បានរត់គេចខ្លួនបាត់ ។
ដោយឡែក លោក ឃូរ ពៅ អភិបាលស្រុកព្រះនេត្រព្រះបានបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ មានពលករម្នាក់ឈ្មោះ ឡម ឡាយូ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិដូនច្រែង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ដែលត្រឡប់ពីប្រទេសថៃ ហើយត្រូវឱ្យធ្វើចត្តាឡីស័កមានរយៈពេល១៤ថ្ងៃនៅមណ្ឌលស្រុកព្រះនេត្រព្រះ បានរត់គេចខ្លួនបាត់ ។
ពលករចំនួន២នាក់ដែលរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័ក ត្រូវបានក្រុមការងារសហការជាមួយអាជ្ញាធរកំពុងស្វែងរកនាំខ្លួនដើម្បីឱ្យមកធ្វើចត្តាឡីស័កវិញ។
លោកវេជ្ជបណ្ឌិត ឡេ ចាន់សង្វាត ប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ ពលករដែលត្រឡប់មកពីប្រទេសថៃ និងអាជ្ញាធរថៃចាប់បញ្ជូនមកវិញ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលខេត្តបន្ទាយមានជ័យមានចំនួន១៧កន្លែង មានពលករមកពីថៃធ្វើចត្តាឡីស័កចំនួន១០,៨៦៦នាក់ (ស្រី៤,៨៥៨នាក់) និងធ្វើតេស្តសំណាកមានចំនួន១០,៦៦៦នាក់ (ស្រី៤,៧៧២នាក់) ហើយអ្នកធ្វើចត្តាឡីស័កបញ្ចប់រយៈពេល១៤ថ្ងៃត្រឡប់ទៅផ្ទៈវិញមានចំនួន៧,១៥១នាក់ (ស្រី៣,១៧៣នាក់) អ្នកនៅបន្តធ្វើចត្តាឡីស័កមានចំនួន៤,៥៥៨នាក់ (ស្រី២,០០៩នាក់) និងរកឃើញវិជ្ជមានកូវីដ១៩មានចំនួន២៦នាក់ (ស្រី១៧នាក់ បុរស៩នាក់) ៕
ចែករំលែកព័តមាននេះ