ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​ឆ្នើមខ្មែរ​ពីរ​រូបទទួលបានលិខិតសរសើរសម្រាប់​ស្នាដៃ​ឆ្នើម​លើ​វិស័យ​អន្តរជាតិ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស​ជប៉ុន​ កាលពី​ថ្ងៃ​ទី០១ ខែធ្នូ ឆ្នាំ ២០២០ បាន​សម្រេច​ផ្តល់​លិខិត​សរសើរ ជូន​ចំពោះ​បុគ្គល​ឬ​ក្រុម​ដែល​មាន​ស្នាដៃ​ឆ្នើម​លើ​វិស័យ​អន្តរជាតិ ដើម្បី​ជា​ការ​ទទួលស្គាល់​នូវ​ការ​រួមចំណែក​របស់​ពួក​គាត់…

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស​ជប៉ុន​ កាលពី​ថ្ងៃ​ទី០១ ខែធ្នូ ឆ្នាំ ២០២០ បាន​សម្រេច​ផ្តល់​លិខិត​សរសើរ ជូន​ចំពោះ​បុគ្គល​ឬ​ក្រុម​ដែល​មាន​ស្នាដៃ​ឆ្នើម​លើ​វិស័យ​អន្តរជាតិ ដើម្បី​ជា​ការ​ទទួលស្គាល់​នូវ​ការ​រួមចំណែក​របស់​ពួក​គាត់ លើ​ការ​ជម្រុញ​ចំណងមិត្តភាព​រវាង​ប្រទេស​ជប៉ុន និង​បណ្តា​ប្រទេស​នានា​។

(ឆ្វេង) ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត និង ឯកឧត្តម​បណ្ឌិត ម៉ី កល្យាណ

បុគ្គល​ឆ្នើម​ដែល​បាន​ទទួល​លិខិត​សរសើ​សម្រាប់​សកម្មភាព​នានា ទាក់ទង​នឹង​ប្រទេស​ជប៉ុន រួម​មាន ៖ ឯកឧត្តម​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាល​កម្ពុជា​។ ឯកឧត្តម​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ជម្រុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ជប៉ុន​និង​កម្ពុជា​។ និង​លោក​ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការ​នៃ​ស្នងការដ្ឋាន​នរ​គ​បាល ខេត្តឧត្តរមានជ័យ លោក​បាន​ចូលរួម​ចំណែក​គាំទ្រ​ជនជាតិ​ជប៉ុន ដែល​ត្រូវការ​ជំនួយ​នៅ​ប្រទេស​កម្ពុជា​។

(ឆ្វេង)​ ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូតជប៉ុន និងលោក​ឧត្តមសេនីយ៍ទោ ហួត សុធី

រីឯ​ពិធី​ប្រគល់​លិខិត​សរសើរ​ពី​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ជូន​ចំពោះ​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ ២០២១ ដោយ​មាន​វត្តមាន​លោក ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។

(ឆ្វេង) ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត និង ឯកឧត្តម​បណ្ឌិត ម៉ី កល្យាណ

ដោយឡែក​ការ​ប្រគល់​លិខិត​សរសើរ​ជូន​ឯកឧត្តម​បណ្ឌិត ម៉ី កល្យាណ ត្រូវ​បាន​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី ២០ ខែ មក​រា ឆ្នាំ ២០២១​។ នៅ​ថ្ងៃ​ដដែល​នេះ​ផង​ដែរ ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើការ​ស្វាគមន៍​ដូចនេះ​ថា ៖ «​ខ្ញុំ​សូម​ស្វាគមន៍​អ្នក​ទាំងអស់​គ្នា ចំពោះ​ការ​ចូលរួម​ក្នុង​កម្មវិធី​ប្រគល់​ជូន​លិខិត​សរសើរ ដល់​រដ្ឋមន្ត្រី​ក្រសួងការបរទេស ឯកឧត្តម​បណ្ឌិត ម៉ី កល្យាណ នា​រាត្រី​នេះ​។ ជាបឋម​ខ្ញុំ​សូម​សម្តែង​ការ​អបអរសាទរ អស់ពីដួងចិត្ត​ចំពោះ​លោក​បណ្ឌិត ម៉ី កល្យាណ​ដែល​ទទួល​បានការ​សរសើរ នៃ​លិខិត​សរសើរ​ពី​រដ្ឋមន្ត្រី​ការ​បរទេស​សម្រាប់​ឆ្នាំ ២០២០ (Awarded the Foreign Minister’s Commendation for 2020) ឆ្នាំ​ទី ២ នៃ REIWA ។ ឯកឧត្តម​បណ្ឌិត ម៉ី កល្យាណ បាន​កើត​នៅ​ខេត្តពោធិ៍សាត់​។ នៅ​ក្នុង​ឆ្នាំ ១៩៧៤ លោក​បាន​មក​ប្រទេស​ជប៉ុន ក្នុង​នាម​ជា​និស្សិត​អាហារូបករណ៍​របស់​រដ្ឋាភិបាល​ជប៉ុន ហើយ​បាន​ចាប់ផ្តើម​សិក្សា​នៅ​សាកលវិទ្យាល័យ KOBE ដែល​ជា​សាកលវិទ្យាល័យ​ជាតិ​ដ៏​ល្បី​មួយ​នៅ​ប្រទេស​ជប៉ុន​។

ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បាន​បន្ត​ថា​៖ «​ប៉ុន្តែ​មួយ​ឆ្នាំ​ក្រោយមក បន្ទាប់​ពី​បាន​មក​ដល់​ប្រទេស​ជប៉ុន ខ្មែរក្រហម​បាន​ឡើង​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឱ្យ​គាត់​មិន​អាច​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​គាត់​វិញ​បាន​ទេ រីឯ​ព័ត៌មាន​អំពី​ក្រុម​គ្រួសារ​របស់​គាត់​ក៏​គាត់​មិន​បាន​ទទួល​ដែរ​។ គាត់​គ្មាន​ជំរើស​ក្រៅពី​ស្នាក់​នៅ​បន្ត​ក្នុង​ប្រទេស​ជប៉ុន​ឡើយ ហើយ​គាត់​បាន​សិក្សា​បណ្តើរ និង​ខិតខំ​ធ្វើការ​បណ្តើរ នៅ​ក្នុង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ដ៏​ល្បីល្បាញ​មួយ​គឺ “Kanematsu Gosho” រហូត​ដល់​ឆ្នាំ ១៩៨៨​។ នៅ​ឆ្នាំ​នេះ​ដដែល គាត់​បាន​ក្លាយជា​អ្នក​សេដ្ឋកិច្ច​ម្នាក់ ជាមួយ​អង្គការ​ស្បៀងអាហារ និង​កសិកម្ម នៃ​អង្គការសហប្រជាជាតិ (FAO) ។ បន្ទាប់​ពី​ចូលរួម​ក្នុង​ការ​គាំទ្រ​ផ្នែក​កសិកម្ម នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ លោក​បណ្ឌិត កល្យាណ ទីបំផុត​ក៏​បាន​វិល​ត្រឡប់ មក​ប្រទេស​កម្ពុជា​វិញ​នៅ​ក្នុង​ឆ្នាំ ១៩៩៣ គឺជា​ឆ្នាំ​ដំបូង បន្ទាប់​ពី​ការ​រស់នៅ​ក្រៅប្រទេស អស់​រយៈពេល ១៩​ឆ្នាំ​»​។

លោក​បន្ត​ថា ចាប់តាំងពី​ឆ្នាំ ២០០៨ មក គាត់​បាន​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​កាន់​មុខ​តំណែង​សំខាន់​ៗ​ដូច​ជាទី​ប្រឹក្សា​ជាន់ខ្ពស់ នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ជាន់ខ្ពស់ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ដែល​តាម​រយៈ​ការងារ​ទាំងនេះ គាត់​បាន​ចូលរួម​ចំណែក​គាំទ្រ​ឱ្យ​មានការ​បង្កើត គោលនយោបាយ​សេដ្ឋកិច្ច និង​កសិកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក​បណ្ឌិត កល្យាណ ជឿជាក់​ថាបើ​គ្មាន​ការ​ពង្រឹង​តំបន់​ជនបទ​ទេ ប្រទេស​កម្ពុជា​មិន​អាច​ទទួល​បាន​កំណើន​ពិតប្រាកដ​នោះ​ទេ​។

ឯកឧត្តម​បណ្ឌិត ម៉ី កល្យាណ

ក្នុង​គ្រានោះ​ផង​ដែរ លោក​បណ្ឌិត កល្យាណ ដែល​ក្នុង​នាម​ជា​អតីត​និស្សិត​អាហារូបករណ៍​របស់​រដ្ឋាភិបាល​ជប៉ុន លោក​បាន​បន្ត​ផ្សព្វផ្សាយ​ព័ត៌មាន អំពី​ប្រទេស​ជប៉ុន​ដល់​ប្រជាជន​កម្ពុជា​យ៉ាងច្រើន និង​បាន​បង្កើន​មិត្តភាព ដោយ​លោក​ដើរតួ​ជា​ស្ពាន​ត​ភ្ជាប់​មិត្តភាព រវាង​ជប៉ុន​និង​កម្ពុជា​។


ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បាន​បន្ថែម​ថា ៖ «​ខ្ញុំ​ពិតជា​មានការ​ឈឺចាប់ នៅ​ពេល​ដែល​បានដឹង ថា​លោក​វេជ្ជបណ្ឌិត ម៉ី កល្យាណ បាន​បាត់បង់​សមាជិកគ្រួសារ ភាគច្រើន​របស់​គាត់ ក្នុង​របប​ខ្មែរក្រហម​។ វា​ហួស​ពី​ការ​ស្រមើស្រមៃ​របស់ខ្ញុំ​។ ប៉ុន្តែ​វា​គឺជា​ការ​លួងលោម​មួយ​ដែល​គាត់​បាន​រក​ឃើញ​មិត្តភក្តិ​ជា​ច្រើន នៅ​ក្នុង​ប្រទេស​ជប៉ុន និង​កម្ពុជា ហើយ​បាន​ក្លាយជា​សមាជិក​ដ៏​សំខាន់​នៃ​គ្រួសារ​ជប៉ុន នៅ​ក្នុង​ប្រទេស​កម្ពុជា​»​។

លិខិត​កោតសរសើរ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ត្រូវ​បាន​ផ្តល់​ជូន ក្នុង​ការ​ទទួលស្គាល់​ពី​ការ​ចូលរួម​ចំណែក​ដ៏​ធំធេង របស់​លោក ចំពោះ​មិត្តភាព​ទ្វេភាគី​របស់​យើង អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​។ ក្នុង​ឱកាស​អនុស្សាវរីយ៍​នេះ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការ​ចូលរួម​ចំណែក​ដ៏​ធំធេង​របស់​លោក ចំពោះ​ទំនាក់ទំនង​មិត្តភាព​រវាង​ជប៉ុន​និង​កម្ពុជា​។ ហើយ​ខ្ញុំ​សង្ឃឹមថា គាត់​នឹង​មាន​សុខភាព​ល្អ ហើយនឹង​បន្ត​ប្រើប្រាស់​ចំណេះដឹង និង​បទ​ពិសោធន៍​របស់​គាត់ សម្រាប់​ការ​អភិវឌ្ឍ និង​វិបុលភាព​របស់​ប្រទេស​កម្ពុជា​៕

អត្ថបទសរសេរ ដោយ