រាជធានីភ្នំពេញ ៖ ស្របពេលទីផ្សារការងារលើជំនាញគណនី និងហិរញ្ញវត្ថុ នៅកម្ពុជាកំពុងមានទីផ្សារខ្ពស់តែខ្វះធនធានសម្រាប់បម្រើការងារនោះ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា បានពង្រីកការបណ្ដុះបណ្ដាលជំនាញនេះបន្ថែមទៀត ដើម្បីបំពេញទៅតាមតម្រូវការទីផ្សារការងារបន្ថែម និងកំពុងត្រូវការរៀងរាល់ឆ្នាំ ។
យោងតាមប្រសាសន៍លោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា បានឱ្យដឹងថា ជំនាញគណនី និងហិរញ្ញវត្ថុ នៅកម្ពុជាត្រូវបានមើលឃើញថាកំពុងមានទីផ្សារខ្ពស់ និងមានតម្រូវការសម្រាប់បម្រើការតាមស្ថាប័នហិរញ្ញវត្ថុនីមួយៗស្របពេលកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាក៏ត្រូវបានមើលឃើញថាមានសន្ទុះងើបឡើងផងដែរ ។
លោកបន្តថា ដើម្បីបំពេញតម្រូវការទីផ្សារការងារជំនាញទាំងនេះ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា បានពង្រីកការបណ្ដុះបណ្ដាលបន្ថែម ហើយក្នុងឆ្នាំ ២០២១ នេះ អាចមានរហូតដល់ពី ២៥០០នាក់ ទៅ ៣០០០នាក់ ព្រោះសាសារៀនធំ និងមានសាស្ត្រាចារ្យគ្រប់គ្រាន់សម្រាប់បណ្ដុះបណ្ដាលទាំងសាស្ត្រាចារ្យក្នុងស្រុក និងសាស្ត្រាចារ្យពីបរទេសផងដែរ ។ លោកថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះឃើញថា សិស្សដែលបានមកបំពេញពាក្យស្នើសុំចូលរៀននៅក្នុងវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ទៅលើជំនាញគណនី FinTech និងបច្ចេកវិទ្យាសម្រាប់ពាណិជ្ជកម្មមានចំនួនច្រើន ។
លោកបន្ថែមថា ក្នុងមួយឆ្នាំៗវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា មិនមាននិស្សិត បុគ្គលិកសម្រាប់ផ្ដល់ជូនដៃគូសហការដែលបានចុះកិច្ចសន្យាជាមួយគ្នានោះទេ ព្រោះថាតម្រូវការខ្ពស់ពេក ហើយការផ្គត់ផ្គង់នៅមានកម្រិត ។ ម្យ៉ាងទៀតជំនាញគណនី និងហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាទាំងមូលក៏មានតិចតួចនៅឡើយ ដែលទាមទារឱ្យមានការបណ្ដុះបណ្ដាលបន្ថែមទៀតឱ្យស្របតាមការរីកចម្រើននៃសេដ្ឋកិច្ច។លោកថា អ្នករៀននៅវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ពេលចប់នឹងមានការងារធ្វើភ្លាម ដោយសារតែដៃគូថ្មីៗបន្តបន្ទាប់ ។
លោកបន្ថែមទៀតថា ទន្ទឹមនឹងមានការបណ្ដុះបណ្ដាលជំនាញដែលស្របតាមទីផ្សារការ ងារហើយនោះ ឆ្នាំ ២០២១ នេះ វិទ្យាស្ថានក៏បានផ្ដល់អាហារូបករណ៍ដល់និស្សិត ១០០ភាគរយ ៤ឆ្នាំ ដល់និស្សិតចំនួន ១០០នាក់ផងដែរ ដែលជាការផ្ដល់ជូនដោយអង្គការមួយជាម្ចាស់ភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ។ ដូច្នេះនិស្សិតដែលចង់បានអាហារូបករណ៍ពីវិទ្យាស្ថានត្រូវដាក់ពាក្យស្នើសុំប្រឡងយក និងចូលរៀននៅពេលបន្ទាប់ ។
លោក ជៀប រដ្ឋា អាណាព្យាបាលសិស្សម្នាក់ ដែលសម្រេចឱ្យកូនសិក្សាថ្នាក់ឧត្តមជំនាញ គណនី និងហិរញ្ញវត្ថុ នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា បានឱ្យដឹងថា ដោយមើលឃើញថា វិទ្យាស្ថានមានកេរ្តិ៍ឈ្មោះល្បីយូរហើយ និងទទួលបានជោគជ័យក្នុងការបណ្ដុះបណ្ដាលនិស្សិតលើជំនាញទាំងនេះ ។ ម្យ៉ាងទៀតដោយសារតែកូនចង់សិក្សានៅសាលានេះផងដែរ លោកក៏សម្រេចចិត្តនាំកូនមកសិក្សានៅទីនេះតែម្ដង ៕ ដោយសហការ
ចែករំលែកព័តមាននេះ