ខេត្តបន្ទាយមានជ័យ ៖ យុវជន០២នាក់បានរងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៨ និង២០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤-១៥ ស្ថិតនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ប្រភពព័ត៌មានពីនគរបាលការពារព្រំដែនគោកលេខ៩១១ បានឲ្យដឹងថា៖
ជនរងគ្រោះបើកម៉ូតូ ឈ្មោះ ឈ្មោះ ឆៃ ម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ សុង សៀន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិជាមួយគ្នា។ រីឯអ្នកបើកគោយន្ត កន្ត្រៃ ឈ្មោះ ផា សុភក្រ័ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក។
ប្រភពដដែលបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុអ្នកបើកម៉ូតូម៉ាក់វ៉េវ ពណ៌ស គ្មានស្លាកលេខ បានធ្វើដំណើរពីទិសខាងជើងទៅត្បូង មកចំណុចកើតហេតុចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤-១៥ ស្ថិតនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ បានបុកគោយន្តកន្ត្រៃពីក្រោយ ក្នុងទិសដៅស្របទិសគ្នាពេញទំហឹង បណ្តាលឲ្យឈ្មោះ ឆៃ ម៉ៅ អ្នកបើកម៉ូតូបាក់ភ្លៅខាងឆ្វេង និងបែកក្បាលខាងក្រោយ ចំណែកឈ្មោះ សុង សៀន អ្នករួមដំណើរបាក់ដៃខាងស្ដាំ។
ជនរងគ្រោះទាំង០២នាក់ ត្រូវបានបញ្ជូនមកព្យាបាលនៅមណ្ឌលសុខភាពសិលាខ្មែរ។ គោយន្ត និងម៉ូតូ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបីជាន់ យកទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ ដោយ ៖ ណុប រក្សា
ចែករំលែកព័តមាននេះ