ខេត្តស្ទឹងត្រែង ៖ ទំព័រហ្វេសហប៊ុករបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ហោះព័ត៌មាននៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា កាលពីវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា កម្លាំងសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថស្រុកសៀមបូក បានធ្វើការឃាត់ខ្លួនបុរសជនជាតិខ្មែរ-ឥស្លាមម្នាក់ នៅចំណុចភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀបបូក ខេត្តស្ទឹងត្រែង ពាក់ព័ន្ធករណីប្រើប្រាស់ក្រដាសប្រាក់ដុល្លារ និងប្រាក់រៀលក្លែងក្លាយ។ បុរសខ្មែរ-ឥស្លាមរូបនោះឈ្មោះ លី គ្រីយ៉ា អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិវាលឃ្មុំ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ខ្លឹមសារក្នុងគេហទំព័រហ្វេសប៊ុក កងរាជអាវុធលើផ្ទៃប្រទេសបានបញ្ជាក់ថា នៅវេលាម៉ោងខាងលើមានប្រជាពលរដ្ឋដែលជនរងគ្រោះចំនួន៣នាក់ បាននាំគ្នាជិះម៉ូតូដេញតាមពីក្រោយ ជនសង្ស័យម្នាក់ឈ្មោះ លី គ្រីយ៉ា រហូតមកដល់មូលដ្ឋានកងរាជអាវុធហត្ថ នៅស្នាក់ការសន្តិសុខ៧២២ បានចូលប្តឹងឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះ។ មូលហេតុដោយជនសង្ស័យបានយកក្រដាសប្រាក់ដុល្លារក្លែងក្លាយទៅទិញអីវ៉ាន់របស់ពួកគាត់។ ភ្លាមនោះដោយបានការអនុញ្ញាតពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង កម្លាំងកងរាជអាវុធហត្ថបានចេញទៅត្រួតពិនិត្យ និងឃាត់ខ្លួនជនសង្ស័យធ្វើការឆែកឆេរ។
ជាក់ស្តែងនៅក្នុងហោប៉ៅ និងក្រោមកែបម៉ូតូរបស់ជនសង្ស័យ មានក្រដាសប្រាក់១ម៉ឺនរៀលក្លែងក្លាយចំនួន១៨សន្លឹក ក្រដាសប្រាក់១០ដុល្លារក្លែងក្លាយចំនួន១១សន្លឹក ប្រាក់រៀលសុទ្ធចំនួន៧,៤៨៥,០០០រៀល និងម៉ូតូ១គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2RB-3668។ ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធមូលដ្ឋានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំតាមនីតិវិធី៕ ដោយ ៖ ឃឹម ប៊ុនណាក់
ចែករំលែកព័តមាននេះ