ខេត្តព្រះសីហនុ ៖ បុរសម្នាក់ពុំស្គាល់អត្តសញ្ញាណ បានបាត់បង់ជីវិតដោយសាររថយន្តកិនបែកក្បាលធ្លាយខួរ យ៉ាងអាណោចអាធ័មនៅកណ្តាលផ្លូវ កាលពីវេលាទៀបភ្លឺថ្ងៃទី៣១ កក្កដា តាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចក្បែររោងចក្រញូវស្តារ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ។
តាមការឱ្យដឹងពីលោក ង៉ែត ស៊ីមុី នាយប៉ុស្តិ៍សង្កាត់លេខ១បាននិយាយថា នៅវេលាម៉ោងប្រមាណ៤និង៣០នាទីទៀបភ្លឺថ្ងៃទី៣១ កក្កដា លោកបានទទួលព័ត៌មានមួយថា ចំណុចក្បែររោងចក្រញូវស្តារ ខេត្តព្រះសីហនុ គេបានប្រទះឃើញសពបុរសម្នាក់ធ្លាយខួរស្លាប់នៅកណ្តាលផ្លូវដោយសារតែរថយន្តកិនបែកក្បាលពុំដឹងមូលហេតុ ហើយក៏ពុំដឹងថារថយន្តមួយណាជាអ្នកបុកនោះដែរ ព្រោះគ្មាននរណារម្នាក់បានឃើញហេតុការណ៍ទេ ។ លោកបន្តថា ចំពោះភិនភាគអ្នកស្លាប់មានសម្បុរខ្មៅស្រអែម កម្ពស់ប្រហែល១,៦០ម៉ែត្រ មានពុកមាត់ និងពុកចង្ការច្រើន ពាក់អាវពណ៌ស ឆ្នូតខៀវតូចៗ ស្លៀកខោពណ៌ខៀវទឹកប៊ិច អាយុចន្លោះពី៤០ឆ្នាំទៅ៤៨ឆ្នាំ បើបងប្អូនណាមានបាត់សាច់ញាតិ សូមទៅពិនិត្យសពនៅវត្តលើ ក្រុងព្រះសីហនុ ។
ដោយឡែកទាក់ទិនទៅនឹងការស្លាប់នេះដែរ មានមតិមួយចំនួនបានដាក់ការសង្ស័យថា នេះមិនមែនជារឿងគ្រោះថ្នាក់ចរាចរណ៍ទេ ប្រហែលជាករណីឃាតកម្ម ហើយយកសពមកប្លុងចោលទុកឱ្យរថយន្តកិនបំបិតភ័ស្តុតាង ព្រោះថាកន្លងមកទីនេះធ្លាប់មាន២ករណីមកហើយ ដែលឃាតករបានសម្លាប់រួចយកសពមកប្លុងចោលឱ្យរថយន្តកិន ប៉ុន្តែឃាតករត្រូវសមត្ថកិច្ចវែកមុខឃើញទាំងអស់ ។ លើកនេះក៏ស្រដៀងគ្នាទៅនឹងករណីកាលពីប៉ុន្មានឆ្នាំមុនដែរ ដូច្នេះសមត្ថកិច្ចគួរតែរកការពិតថាតើការស្លាប់នេះ បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ ឬមកពីអំពើឃាតកម្ម ។ ចំពោះករណីសង្ស័យខាងលើពុំទាន់មានការបញ្ជាក់ជាផ្លូវការណាមួយពីសមត្ថកិច្ចជំនាញនៅឡើយទេ ៕
ចែករំលែកព័តមាននេះ