រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិត ឯ២នាក់ទៀតរបួសធ្ងន់និងស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅចំណុចផ្លូវលេខ៣៨៨ កែងផ្លូវលេខ២០៥ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន កាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រថ្ងៃទី២៩ កក្កដា ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា យុវជនរងគ្រោះដែលស្លាប់ឈ្មោះបាក់ ហួង ហៅទិន បានជិះម៉ូតូម៉ាកស្មាស ពណ៌ក្រហម ឌុបគ្នា២នាក់ ចេញពីផឹកស៊ីនៅក្លិបយ៉ាំងហ្គើលឆ្ពោះទៅលំនៅឋានដោយធ្វើដំណើរតាមផ្លូវលេខ៣៨៨ ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចផ្លូវកែងលេខ២០៥ ក៏បុកជាមួយរថយន្តកូរ៉េ ពណ៌ស បើកលើផ្លូវលេខ២០៥ ក្នុងទិសដៅពីត្បូងទៅជើង បណ្តាលឱ្យឈ្មោះបាក់ ហួង ដួលម៉ូតូបោកក្បាលផ្ទុបនឹងរថយន្តស្លាប់មួយរំពេច ចំណែក២នាក់ទៀតរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យកាល់ម៉ែត ។ ក្រោយហេតុការណ៍កើតឡើង អ្នកបើករថយន្តកូរ៉េបានបើករត់ចម្ងាយប្រហែលជាង១គីឡូម៉ែត្រ ត្រូវប៉ូលិសដេញតាមចាប់បាន តែអ្នកបើកបររត់គេចខ្លួនបាត់ ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ប៉ូលិសមូលដ្ឋានសហការជាមួយនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកចុះវាស់វែង រួចយករថយន្តខាងលើ និងម៉ូតូរបស់អ្នករងគ្រោះទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីចាត់ការតាមច្បាប់ ។ ចំណែកសពត្រូវបានបញ្ជូនទៅធ្វើបុណ្យនៅឯស្រុកកំណើតខេត្តព្រៃវែង ៕
ចែករំលែកព័តមាននេះ