តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា សហភាពអឺរ៉ុបបានសម្តែងក្តីសង្ឃឹមកាលពីថ្ងៃពុធថា ខ្លួនអាចចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ នៅដើមឆ្នាំក្រោយ ខណៈប្រទេសអ៊ីតាលីបានកត់ត្រាករណីជាងមួយលានករណី ហើយប្រទេសអង់គ្លេសបាននិយាយថា ចំនួនអ្នកបាត់បង់ជីវិតបានកើនលើសចំនួន ៥០,០០០នាក់ហើយ។
ប្រធានមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺអឺរ៉ុប (ECDC) លោក Andrea Ammon បានប្រាប់ AFP ថា៖ “កម្មវិធីចាក់វ៉ាក់សាំងមួយអាចត្រូវបានចាប់ផ្តើមដោយសុទិដ្ឋិនិយមនៅត្រីមាសទី១ ឆ្នាំក្រោយ ប៉ុន្តែខ្ញុំមិនអាចច្បាស់ណាស់ណាទេ។ ការសាកល្បងទាំងនៅសហរដ្ឋអាមេរិកនិងរុស្ស៊ី បានលើកឡើងថា វ៉ាក់សាំងដែលកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការធ្វើតេស្តនេះបង្ហាញថាមានប្រសិទ្ធភាពណាស់។”
វ៉ាក់សាំងត្រូវបានគេមើលឃើញថា ជាឱកាសដ៏ល្អបំផុតក្នុងការលុបបំបាត់កូវីដ ដែលបណ្តាលឱ្យបាត់បង់ជីវិត និងមានការចាក់សោរជាច្រើនកន្លែងលើពិភពលោក ចាប់តាំងពីលេចមុខជាលើកដំបូងនៅក្នុងប្រទេសចិន កាលពីចុងឆ្នាំមុន និងបានផ្ទុះឡើងជារោគរាតត្បាត។
ដូច្នេះការប្រកាសរបស់ Pfizer ដែលជារោងចក្រថ្នាំរបស់អាមេរិកនៅថ្ងៃច័ន្ទនេះ ថាវ៉ាក់សាំងដែលវាកំពុងអភិវឌ្ឍជាមួយ BioNTech របស់អាល្លឺម៉ង់មានប្រសិទ្ធភាព ៩០% បានបង្កឱ្យមានរលកសុទិដ្ឋិនិយមនៅពាសពេញពិភពលោក។
ហើយព័ត៌មាននៅថ្ងៃពុធនេះថា វ៉ាក់សាំង Sputnik V ផ្ទាល់របស់រុស្ស៊ីមានប្រសិទ្ធភាព ៩២% ដែលបានជម្រុញការគិតវិជ្ជមានមួយផ្សេងទៀតនៅលើទីផ្សារភាគហ៊ុនពិភពលោក។
គួរបញ្ជាក់ផងដែរថា នៅប្រទេសអ៊ីតាលីចំនួននៃករណីឆ្លងវីរុសនេះ ត្រូវបានបញ្ជាក់ថាមានចំនួនជាង ១លាននាក់ ខណៈដែលមនុស្សជិត ៤៣.០០០នាក់បានបាត់បង់ជីវិត៕
ចែករំលែកព័តមាននេះ