ម៉ាឡេស៊ី៖តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា ប្រទេសម៉ាឡេស៊ីបានដាក់បទបញ្ជាលើការធ្វើដំណើរដែលមានលក្ខខណ្ឌរយៈពេលមួយខែ នៅក្នុងរដ្ឋភាគច្រើន នៅពេលដែលចំនួនករណីឆ្លងកូវីដ កើនឡើងដល់កម្រិតខ្ពស់បំផុតកាលពីថ្ងៃសុក្រ។
រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសម៉ាឡេស៊ី លោក Ismail Sabri Yaakob បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា ការរឹតត្បិតនេះនឹងបញ្ចប់នៅថ្ងៃទី៦ ខែធ្នូ។ លោកបាននិយាយថា ការចាក់សោរផ្នែកខ្លះនៅទីក្រុងកូឡាឡាំពួ ក៏ដូចជារដ្ឋសេឡាំងកូ និង រដ្ឋសាបា ក៏នឹងត្រូវបានសម្រេចឱ្យបន្តបន្ថែមផងដែរ នៅពេលដែលវាផុតកំណត់នៅថ្ងៃច័ន្ទ។
លោកបាននិយាយដោយមិនបញ្ជាក់លម្អិតថា ការដាក់កម្រិតនេះនឹងមិនអនុវត្តចំពោះរដ្ឋ Perlis, Pahang និង Kelantan នៅក្នុងឧបទ្វីបម៉ាឡេស៊ី និងរដ្ឋ Sarawak នៅលើកោះ Borneo ទេ។
ភោជនីយដ្ឋាននឹងនៅតែបើកចំហសម្រាប់បម្រើអាហារពេលល្ងាច ប៉ុន្តែមានចំនួនច្រើនបំផុតពីរនាក់ក្នុងមួយតុ។ អាជ្ញាធរលើកទឹកចិត្តឱ្យប្រជាជនបញ្ជាទិញយកនិងដឹកជញ្ជូនជំនួសវិញ។
និយោជក ក៏ត្រូវអនុញ្ញាតឱ្យនិយោជិក ធ្វើការពីផ្ទះដែរ តាមការសម្រេចចិត្តរបស់ពួកគេ។ ទន្ទឹមនឹងនេះសាលារៀនត្រូវត្រលប់ទៅរៀនតាមអនឡាញផងដែរ។
ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃសុក្រ បានរាយការណ៍ថាមានករណីឆ្លងចំនួន ១,៧៥៥ករណីដែលជាការកើនឡើងប្រចាំថ្ងៃដ៏ធំបំផុតចាប់តាំងពីមានការរាតត្បាត ទោះបីមានការរឹតត្បិតលើការធ្វើដំណើរនៅតែបន្តក៏ដោយ។
ក្រោមការចាក់សោរប្រទេស ប្រជាជនអាចចាកចេញពីផ្ទះបានសម្រាប់តែការងារសំខាន់ៗដូចជា ការដើរទិញឥវ៉ាន់ ទិញថ្នាំ និងទៅជួបគ្រូពេទ្យ។ រាល់សកម្មភាពសេដ្ឋកិច្ច ឧស្សាហកម្ម និងអាជីវកម្ម ត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការ ប៉ុន្តែត្រូវប្រកាន់ខ្ជាប់នូវនីតិវិធីប្រតិបត្តិស្តង់ដារ។
ថ្មីៗនេះ រដ្ឋាភិបាលបានបញ្ជាឱ្យប្រជាជនប្រមាណ ១លាននាក់ ធ្វើការពីផ្ទះ ហើយបានហាមឃាត់រាល់សកម្មភាពសង្គមនិងវប្បធម៌ ដើម្បីគ្រប់គ្រងការរាលដាល។
ការឆ្លងថ្មីបានឡើងដល់ ១,០០០នាក់ក្នុងមួយថ្ងៃ រយៈពេល ៥ថ្ងៃជាប់គ្នា។ ប្រទេសនេះកាលពីថ្ងៃសៅរ៍ បានរាយការណ៍ករណីថ្មីចំនួន ១,១៦៨ករណី ដែលបានកើនឡើងដល់ ៣៩,៣៥៧ករណី ដោយមានមនុស្សបាត់បង់ជីវិតចំនួន ២៧៩នាក់៕
ចែករំលែកព័តមាននេះ