ខេត្តកំពង់ចាម ៖ កម្ពស់ទឹកទន្លេមេគង្គនាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ មានកម្ពស់១១.២៨ម៉ែត្រ ដោយទឹកមិនទាន់បានហូរចូលក្រុងកំពង់ចាមនៅឡើយទេ។ សម្រាប់កម្ពស់ទឹកឱ្យប្រុងប្រយ័ត្ន គឺ១៥.២០ម៉ែត្រ ។ ទោះជាបែបនេះក្តី អាជ្ញាធរខេត្តរួមនឹងស្ថាប័នជំនាញ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធដែលមានស្រុកនៅតាមដងទន្លេ គឺបានបង្កើនការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព។
លោក យី វណ្ណៈ អភិបាលស្រុកកោះសុទិន បានប្រាប់ឲ្យដឹងថា នៅត្រង់ចំណុចច្រាំងទន្លេតូច ក្នុងភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន ក្រោយពីទឹកទន្លេបានស្រក ធ្វើឱ្យច្រាំងបានបាក់ស្រុតប្រវែង៦០ម៉ែត្រ ព្រមទាំងបានយាយីមកដល់ដីចំណីផ្លូវថ្នល់ដែលជាដង្ហើមសេដ្ឋកិច្ច សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរទៅវិញទៅមកក្នុងនោះមាន អ្នកស៊ីធរកណ្ដាល ខេត្តព្រៃវែង ក៏ត្រូវធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះដែរ។
អភិបាលស្រុកកោះសូទិន បានប្រាប់បន្តថា ដោយមើលឃើញពីការលំបាកបែបនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងសហការីបានអញ្ជើញចុះពិនិត្យដោយផ្ទាល់នៅក្នុងខែឧសភា ២០២០ ដោយមិនបង្អង់ គឺបានប្រើប្រាស់កញ្ចប់ថវិការបស់រដ្ឋបាលខេត្ត ដោយចាប់ឲ្យមន្ទីរធនធានទឹក ធ្វើការស្ថាបនាច្រាំងទន្លេ និងចាក់ដីកុំឲ្យបាក់មកដល់ផ្លូវ រហូតមកដល់ដើមខែកញ្ញា ច្រាំងទន្លេបានសាងសង់រួចរាល់១០០%។
ស្របពេលដែលទឹកទន្លេមេគង្គបានហក់ឡើង ធ្វើឱ្យទឹកទន្លេបានហូរចូលតាមទន្លេតូច និងទឹកបានហូរកាត់ត្រង់ចំណុចច្រាំងទន្លេក្នុងឃុំពង្រ ដែលបានសាងសង់រួច ដើម្បីពិនិត្យពីគុណភាពសំណង់នាព្រឹកថ្ងៃទី១៧ ខែតុលា លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងសាហការីបានអញ្ជើញចុះមកពិនិត្យដោយផ្ទាល់ ដោយបានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវតែនាំគ្នាថែរក្សាសមិទ្ធផលសម្រាប់ជាគុណប្រយោជន៍ទ្រព្យសម្បត្តិសាធារណៈ។
លោកអ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានឲ្យដឹងដែរថា បន្ទាប់ពីបានពិនិត្យច្រាំងទន្លេ ដែលសាងសង់រួចនៅក្នុងឃុំពង្រ ស្រុកកោះសូទិន អភិបាលខេត្តបានអញ្ជើញចុះពិនិត្យស្ថានីយបូមទឹកមួយកន្លែងទៀត ដែលកសាងដោយសាធារណរដ្ឋប្រជាមានិតចិន មានទីតាំងស្ថិតនៅឃុំមហាលាភ ស្រុកកោះសូទិន ដែលរហូតមកដល់ពេលនេះ គឺបានសាងសង់រួចរាល់១០០% ទាំងនៅក្នុងជំហានទី១និងជំហានទី២។
ស្ថានីយបូមទឹកនេះ គឺបានផ្ដល់អត្ថប្រយោជន៍ ដែលនាំទឹកសម្រាប់ស្រោចស្រពដំណាំស្រូវ ពីទន្លេតូចទៅព្រែកវ៉ៃកូ ដោយឆ្លងកាត់មានខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងរហូតដល់ខេត្តស្វាយរៀងផងដែរ។
សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រដែលត្រូវបានសាងសង់ឡើងដោយសាធារណរដ្ឋប្រប្រជាមានិតចិននេះក្នុងជំហានទី១ ក្នុងអាណត្តិលោក លន់ លឹមថៃ អតីតអភិបាលខេត្តកំពង់ចាម និងជំហានទី២ គឺបានសាងសង់បំពាក់សម្ភារៈបច្ចេកទេសបំពាក់ម៉ូទ័របូមទឹកបែបទំនើបខ្នាតយក្ស សម្រាប់បូមទឹកពីទន្លេតូចចូលទៅក្នុងព្រែកវ៉ៃកូ ៕
ចែករំលែកព័តមាននេះ