រាជធានីភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ កញ្ញា ឆ្នាំ២០២០ បានបញ្ចប់ការស៊ើបសួរលើសំណុំរឿងរក្សាទុកដឹកជញ្ជូននិងជួញដូរគ្រឿងញៀនដោយខុសច្បាប់ ដែលមានជនសង្ស័យ៣នាក់ជាជនជាតិរ៉ុស្សី និងអ៊ុយក្រែននោះហើយ ។ ក្រោយបញ្ចប់ការស៊ើបសួរស្ថាប័នអយ្យការ បានចោទប្រកាន់ជនសង្ស័យទាំង៣ នាក់ជាផ្លូវការ រួចបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
សូមរំលឹកថា នាយកដ្ឋាននគរបាលសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានធ្វើការបញ្ជូនខ្លួនជនជាតិរ៉ុស្សី២ នាក់ និងអ៊ុយក្រែនម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ករ ណីរក្សាទុក ដឹកជញ្ជូន និងជួញដូរនូវសារធាតុញៀនប្រមាណជា២០គីឡូ ក្រាម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ នៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានគេស្គាល់ ជនសង្ស័យ ១.ឈ្មោះ EVGENY KARAS ភេទប្រុស ២.ឈ្មោះ DMITRIY KARAS ភេទប្រុស(២នាក់ជនជាតិរ៉ុស្សី) នឹង៣.ឈ្មោះ BONDARENKO KARAS ភេទស្រី ជាជនជាតិអ៊ុយក្រែន ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យទាំង៣ នាក់ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុង បើកការស៊ើបអង្កេតឈានដល់ការបង្ក្រាប និងចាប់ខ្លួនកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ក្រោមការស ម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
ប្រភពបន្តថា ជនសង្ស័យបានរក្សាទុក និងវេចខ្ចប់សារធាតុញៀ នមួយចំនួនធំ ដើម្បីផ្ញើចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសអង់គ្លេស និងប្រទេសក្រិច ប៉ុន្តែត្រូវបានសមត្តកិច្ចស្រាវជ្រាវជាលក្ខណៈសម្ងាត់ឈានទៅ ដល់ការឃាត់ខ្លួន ជនសង្ស័យ៣ នាក់ និងគ្រឿងញៀនជាង២០ គីឡូក្រាម ដែលមានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាងទៅកាន់សាលា ដំបូងរាជធានីភ្នំពេញនេះ ។
យ៉ាងណាក្តីសមត្ថកិច្ចមិនបានផ្តល់ព័ត៌មានជាផ្លូវការណាមួយ ទាក់ទិនករណីបង្ក្រាបគ្រឿងញៀនដោយទ្រង់ទ្រាយធំ មាន ការឃាត់ខ្លួនជនសង្ស័យជាជនជាតិរ៉ុស្សី២ នាក់ និងអ៊ុយក្រែនម្នាក់ ដល់អ្នកសារព័ត៌មាននោះទេ ដែលនេះជាព័ត៌មានក្រៅផ្លូវការទទួលបាននៅសាលាដំបូងរាជធានីភ្នំពេញតែប៉ុណ្ណោះ ។ ជនសង្ស័យក៏កំពុងស្ថិតនៅក្នុងដំណាក់ការស៊ើបសួរ ពីស្ថាប័នអយ្យការសាលាដំបងផងដែរ ប៉ុន្តែពួកគេមិនអាចគេចផុតពីការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ននោះឡើយ ៕
ចែករំលែកព័តមាននេះ