បារាំង ៖ ការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយរបស់កីឡាករ Neymar ដើម្បីក្លាយជាដៃគូសហការថ្មីជាមួយក្រុមហ៊ុន Puma របស់អាល្លឺម៉ង់ ជាមួយកិច្ចព្រមព្រៀងដ៏ធំសម្បើមមួយ ក្នុងទំហំទឹកប្រាក់៣០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលវាគឺជាកិច្ចព្រមព្រៀងឧបត្ថម្ភស៊ីថ្លៃបំផុត នៅក្នុងវិស័យកីឡា។
រំលឹកជូនថា ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម PSG និងជម្រើសជាតិប្រេស៊ីលវ័យ ២៨ឆ្នាំរូបនេះ បានសម្រេចបញ្ចប់ភាពជាដៃគូជាមួយក្រុមហ៊ុនយក្ស Nike របស់សហរដ្ធអាមេរិកមុនពេលកំណត់ កាលពីដើមខែកញ្ញានេះ បន្ទាប់ពីរួមរស់ជាមួយគ្នាអស់រយៈពេល ១៥ឆ្នាំ។
បើយោងតាមរបាយការណ៍ ដែលបង្ហាញដោយទស្សនាវដ្តី Forbes បានឱ្យដឹងថា កិច្ចព្រមព្រៀងដែលមានតម្លៃ ៣០លានដុល្លារក្នុងមួយឆ្នាំរបស់ Neymar គឺស៊ីថ្លៃជាងកិច្ចព្រមព្រៀងរបស់ Nike ជាមួយកីឡាករ Cristiano Ronaldo ដែលមានតម្លៃ ២០លានដុល្លារ និងកិច្ចព្រមព្រៀងរបស់ Adidas ជាមួយកីឡាករ Lionel Messi ដែលមានតម្លៃជាង ២៣លានដុល្លារ។
ទោះបីជាយ៉ាងណា រយៈពេលនៃកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Puma និង Neymar មិនទាន់ត្រូវបានគេដឹងនៅឡើយទេ ដោយរូបគេត្រូវបន្តពិភាក្សាបន្ថែមទៀត អំពីស្បែកជើង (មិនមែនស្បែកជើងបាល់ទាត់), សម្លៀកបំពាក់ រួមទាំងឈុតហ្វឹកហាត់ ដែលរូបគេនឹងត្រូវប្រើប្រាស់ជាប្រចាំថ្ងៃ៕ (ដកស្រង់ចេញពី Dailymail)
ចែករំលែកព័តមាននេះ