ខេត្តស្វាយរៀង ៖ លោករស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានអះអាងថា គិតមកដល់ពេលនេះក្រុមការងារ បានដោះស្រាយបញ្ចប់វិវាទដីធ្លី ជូនប្រជាពលរដ្ឋបានចំនួន៣៦៨ករណី លើពាក្យបណ្ដឹងសរុបចំនួន៦៤៥ករណី។
លោកអភិបាលរងខេត្តបានមានប្រសាសន៍បែបនេះនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តស្វាយរៀងកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ។
លោកអភិបាលរងខេត្តបានថ្លែងថា រដ្ឋបាលខេត្ត តាមរយៈគណៈកម្មការសុរិយោដីខេត្តដែលមានមន្ទីររៀបចំដែនដីនគរូនីយកម្មនិងសំណង់ និងសុរិយោដី ជាសេនាធិការបានខិតខំធ្វើការសម្រុះសម្រួល ដោះស្រាយករណីទំនាស់ដីធ្លី ជូនប្រជាពលរដ្ឋនិងភាគីពាក់ព័ន្ធស្របតាមនីតិវិធីច្បាប់លិខិតបទដ្ឋានគតិយុត្តិនានា។
លោកបន្តថា «ជាក់ស្តែងគិតតាំងពីមុនមកគណៈកម្មការសុរិយោដីខេត្តបានទទួលពាក្យបណ្តឹងសរុបចំនួន៦៤៥ករណីបានដោះស្រាយបញ្ចប់៣៦៨ករណី ច្រានចោលពាក្យបណ្ដឹង១៨៣ករណី។ដកពាក្យបណ្តឹងវិញ៥៥ករណី បញ្ជូនទៅស្ថាប័នថ្នាក់ជាតិ១១ករណីនិងនៅសល់កំពុងដោះស្រាយ២៨ករណី ស្មើនឹង៧០គ្រួសារ។
ក្នុងឱកាសនោះលោកបញ្ជាក់ថា ខេត្តក៏បានកសាងផ្ទះជូនគ្រួសារអតីតយុទ្ធជនពលី ពិការនិងគ្រួសារនិវត្តជនជាគោលនយោបាយសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាលបានចំនួន ៤០០ខ្នងស្មើនឹងផ្ទៃដីសរុបចំនួន១៥៣,៧ ហិកតា (ជំហានទី១,ចំនួន២០០ខ្នង ស្មើនឹង៥៥,៣៥ហិកតានិងជំហានទី២,ចំនួន២០០ខ្នងស្មើនឹង៩៨,៣៥ហិកតា)។
ទាក់ទងវិស័យកសិកម្ម លោកថាខេត្តមានផ្ទៃដីកសិកម្មសរុប២១៣.៤០០ហិកតាក្នុងនោះផ្ទៃដីផលិតកម្ម ដំណាំស្រូវ មានចំនួន១៨៨.០០០ហិកតា( ស្រូវវស្សា ១៦៧.៥០០ហិកតានិងស្រូវប្រាំង២០.៥០០ហិកតា)។
ជាក់ស្ដែងក្នុងរដូវស្សាឆ្នាំ២០១៩កន្លងទៅ ការបង្ក បង្កើនផលស្រូវវស្សា អនុវត្ត បានលើផ្ទៃដីសរុប ១៦៩.៨២០ហិកតា ស្មើនឹង១០១,៣៨ជាមធ្យម២,៩តោន/ហិកតា ការអនុវត្តស្រូវប្រាំងសម្រេចបាន លើផ្ទៃដីសរុប២០.១០២ហិកតាស្មើនឹង ៩៨% នៃផែនការទិន្នផលជាមធ្យម៤តោន/ហិកតា។
លើសពីនេះទៀត លោកអភិបាលរងខេត្តបន្ថែមថា ឆ្នាំ២០១៩ខេត្ត ប្រមូលចំណូលពន្ធចូលជាតិបានចំនួន៣២.៣១០.៣៩១.៨១៣រៀលស្មើនឹង១៩៧,១៥%នៃផែនការឆ្នាំបើធៀបនឹងឆ្នាំមុនរយ:ពេលដូចគ្នា មានការកើនឡើង១៣៧,០៩%ក្នុងនោះចំណូលថវិកាថ្នាក់ជាតិមានចំនួន១១.៣៩១.៦៧៩.៥៣០រៀល និងថវិកាថ្នាក់ក្រោមជាតិ មានចំនួន២០.៩១៨.៧១២.២៨៣រៀលកើនឡើង១៦៧,៤៦%៕
ចែករំលែកព័តមាននេះ